ខេត្តបន្ទាយមានជ័យ ៖ យុវជន២នាក់បាន រងរបួសធ្ងន់ក្នុងអំពើហិង្សាដោយចេតនា និងម្នាក់ទៀតសង្ស័យជាជនដៃដល់ត្រូវកម្លាំងនគរបាលស្រុកម៉ាឡៃ ធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ។ អំពើហិង្សាដោយចេតនានេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី២៧ មករា ២០១២ នៅភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ។
លោកអនុសេនីយ៍ទោ ស៊ូ ស៊ុន នាយផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកបានប្រាប់ឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុក្នុងភូមិមានចាក់ធុងបាស់រាំលេងកម្សាន្តកំដររោងការបានមួយសន្ទុះ ស្រាប់តែមានយុវជន២ក្រុមបានទាស់សំដីគ្នា ដោយឃើញសភាពការមិនស្រួលម្ចាស់ផ្ទះការក៏បញ្ឈប់កម្មវិធីរាំលេង។ បន្ទាប់មកក្រុមយុវជនរងគ្រោះទាំង២នាក់ក៏ដើរទៅផ្ទះវិញបានចម្ងាយពីផ្ទះការប្រហែល២០០ម៉ែត្រ ក៏មានយុវជនម្នាក់បានកាប់មកលើយុវជនរងគ្រោះទាំង២នាក់បណ្តាលឲ្យរងរបួសតែម្តង។ ក្រោយពីធ្វើសកម្មភាពរួចជនដៃដល់បានរត់គេចខ្លួន តែបាន១ថ្ងៃត្រូវបានកម្លាំងនគរបាលស្រុកក្រោមការដឹកនាំរបស់លោកអនុសេនីយ៍ឯក សៅ ប៊ុន អធិការនគរបាលស្រុកម៉ាឡៃ បានដាក់ផែនការដល់មន្ត្រីជំនាញចុះស្រាវជ្រាវចាប់ឃាត់ខ្លួនបានយុវជនម្នាក់សង្ស័យជាជនដៃដល់ឈ្មោះទូច វុទ្ធី អាយុ២០ឆ្នាំ រស់នៅភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ រួមជាមួយនឹងវត្ថុតាងកាំបិតខ្វែវ១ ប្រវែង៧,៣សង្ទីម៉ែត្រ កាលពីវេលាម៉ោង១រសៀលថ្ងៃទី២៨ មករា ២០១២។
ដោយឡែកយុវជនរងគ្រោះទាំង២នាក់ ១-ឈ្មោះស្រី និមល អាយុ២០ឆ្នាំ រងរបួស២កន្លែងសៀតផ្កា១កន្លែង, ឆ្អឹងដងកាំបិត១កន្លែង និងម្នាក់ទៀតឈ្មោះសុខ ខួច អាយុ២១ឆ្នាំ រងរបួស៣កន្លែង គឺត្រង់ក១កន្លែង, ឆ្អឹង១កន្លែង, ដៃឆ្វេង១កន្លែង អ្នកទាំង២រស់នៅភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.