ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២ ថា សម្តេចនឹងដកហូតដីសម្បទាន សេដ្ឋកិច្ច ពីបណ្តា ក្រុមហ៊ុន វិនិយោគណា ដែលប្រើអំពើ ហិង្សាលើប្រជាជន។
ការថ្លែងព្រមាន របស់សម្តេចតេជោយ៉ាងដូច្នេះ បន្ទាប់ពីក្រុមហ៊ុនTTY របស់ ឧកញ៉ា ណា ម៉ារ៉ាឌី ដែលទទួលដីសម្បទាន បានផ្ទុះអំពើហិង្សា បាញ់ប្រជាពលរដ្ឋ រងរបួសចំនួន ៤ នាក់ ស្ថិតនៅ ភូមិវាលបី ឃុំពីរធ្នូ ស្រុកស្នួល ខេត្ដក្រចេះ កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០១២ កន្លងទៅ ។
សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះ “ខ្ញុំថ្កោលទោសចំពោះទង្វើបែបនេះ ហើយបន្តប្រសិនជាចាំបាច់ យើងនឹងដកដីសម្បទានទាំងអស់ ពីក្រុមហ៊ុនណា ដែលប្រើ ហិង្សាលើប្រជាជន។ មិនអាច ទទួលបានទេ មិនថាក្រុមហ៊ុនណា ជាក្រុមហ៊ុនណាទេ ឲ្យតែមានអំពើហិង្សា បែបនេះនឹងអាចដកដីសម្បទានតែម្តង” ។
សម្តេចតេជោ ក៏ថ្លែងបញ្ជាក់ដល់ក្រុមវិនិយោគ ទាំងអស់ថា កន្លែងវិនិយោគណា ដែលប៉ះបាល់ ដល់ផលប្រយោជន៍ និងការរស់នៅរបស់ប្រជាជនក្រុមហ៊ុន ត្រូវបញ្ឈប់ធ្វើកន្លែងនោះ ហើយថា រាល់ការវិនិយោគទាំងអស់ ត្រូវតែឲ្យប្រជាជនទទួលផល ពីគម្រោងវិនិយោគទាំងនោះ។
យោងតាមរបាយការណ៍ ក្រសួងកសិកម្ម គិតត្រឹមខែមេសា ឆ្នាំ២០១០ កម្ពុជាបានផ្តល់ដីសម្បទាន ដល់ក្រុមហ៊ុនវិនិយោគចំនួន ៨៥ កុងត្រា ដែលមានផ្ទៃដីចំនួន ៩៥៦.៦៩០ ហិកតា នៅក្នុងខេត្តចំនួន១៦ ៕ ប្រភព
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.