ភ្នំពេញ ក្នុងការចូលរួមផ្តល់ក្តីស្រលាញ់របស់ខ្លួន ចំពោះអ្នកដទៃ និងជាការពញ្ញាក់ស្មារតីរបស់យុវវ័យ ក៏ដូចជា ប្រជាពលរដ្ឋនៅទូទាំងប្រទេស ឲ្យចេះស្រឡាញ់ជីវិតរបស់ខ្លួនឯងនោះ អង្គការមូលនិធិបង្ការរបួសអាស៊ី បានចុះ អប់រំផ្សព្វផ្សាយ និងបង្រៀនអំពីវិធី នៃការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ដើម្បីថែរក្សាអាយុជីវិតរបស់ខ្លួនឲ្យ រួចផុតពីគ្រោះថ្នាក់ចរាចរណ៍។
ប្រធានកម្មវិធី អង្គការមូលនិធិបង្ការរបួសអាស៊ី បានមានប្រសាសន៍នៅក្នុងកម្មវិធីមួកសុវត្ថិភាពសម្រាប់កុមារ នៅសាលា បឋមសិក្សា ហ៊ុន សែន ចាក់អង្រែ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២ថា ឆ្លៀតក្នុងឱកាសទិវា នៃក្តីស្រឡាញ់ នេះ លោកបានរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងពញ្ញាក់ស្មារតីរបស់ប្រជាពលរដ្ឋទាំងអស់ ជាពិសេស យុវវ័យ ដោយពួកគេត្រូវចេះស្រឡាញ់អាយុជីវិតរបស់ខ្លួន។ ខណៈដែលថ្ងៃនេះ ជាទិវា នៃក្តីស្រឡាញ់ ហើយក្តី ស្រឡាញ់នេះ មិនមែនមានសម្រាប់តែអ្នកដទៃនោះទេ គឺត្រូវផ្តល់សម្រាប់ខ្លួនឯងផងដែរ។ ដូច្នោះហើយបានជា យើងរៀបចំកម្មវិធីនេះឡើង ដើម្បីជំរុញឲ្យពួកគេពាក់មួកសុវត្ថិភាពបានត្រឹមត្រូវការឆ្លងថ្នល់ ដោយសុវត្ថិភាព និងការជិះកង់ដោយសុវត្ថិភាព។
លោកថា “បច្ចុប្បន្នការជិះកង់របស់កុមារ គឺប្រថុយប្រថាននឹងគ្រោះថ្នាក់ជាខ្លាំង ដោយសារតែសាលានៅជាប់នឹង ផ្លូវជាតិ ជាពិសេសនោះម៉ោងចេញពីសាលារៀននីមួយៗ គឺចេញម៉ោងតែមួយដូចគ្នា ដែលមានសិស្សចាប់ពី ២០០០នាក់ ដល់៣០០០នាក់ ធ្វើដំណើរតាមដងផ្លូវក្នុងពេលតែមួយ ដោយវាបានបង្កឲ្យមានការកកស្ទះ ចរាចរណ៍ ហើយអាចមានគ្រោះថ្នាក់កើតមានឡើងគ្រប់ពេល”។
ប្រធានកម្មវិធី អង្គការមូលនិធិបង្ការរបួសអាស៊ីរូបនេះ បន្ថែមថា ដើម្បីចូលរួមកាត់បន្ថយនូវអត្រា នៃការស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ជាពិសេសការមានរបួសត្រង់ក្បាលនោះ កាលពីខែធ្នូ ឆ្នាំ២០១១កន្លងទៅ យើងបានផ្តល់ មួកសុវត្ថិភាពជាងមួយ១០០០ ដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សា ហ៊ុន សែន ចាក់អង្រែ ដើម្បីឲ្យពួក គេពាក់មួកសុវត្ថិភាពទាំងអស់គ្នា បើទោះបីជាមានគ្រោះថ្នាក់ ប៉ុន្តែផ្នែកខាងក្បាលរបស់ពួកគាត់ គឺមិនប៉ះពាល់ ធ្ងន់ធ្ងរនោះទេ។ បន្ទាប់ពីយើងបានផ្តល់មួកសុវត្ថិភាពដល់ពួកគាត់ហើយ យើងបានបង្រៀនពីរបៀប នៃការឆ្លងផ្លូវ តើត្រូវឆ្លងបែបណាឲ្យមានសុវត្ថិភាព។ ការបង្រៀនពីរបៀបទាំងនេះវា នឹងផ្តល់នូវចំណេះដឹង ដល់ពួកគេ ជាពិសេសនោះ ពួកគេទាំងនោះ និងមានទម្លាប់ពាក់មួកសុវត្ថិភាពតាំងពីក្មេង រហូតដល់ចាស់៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.