ក្រុងភ្នំពេញៈ ធនាគារធំជាងគេទីពីរមកពីប្រទេសជប៉ុន Bank of Tokyo Mitsubishi UFJ បានបើកដំណើរការការិយាល័យតំណាងរបស់ខ្លួននៅទីក្រុងភ្នំពេញកាល ពីថ្ងៃសុក្រសប្តាហ៍មុននេះ បន្ទាប់ពីធនាគារនេះ បានចាកចេញពីព្រះរាជាណាចក្រនេះអស់រយៈពេល ៣៥ឆ្នាំហើយនោះ។
លោក Masato Miyachi ប្រធានគ្រប់គ្រងទូទៅប្រចាំធនាគារ Tokyo Mitsubishi UFJ នៅតំបន់អាស៊ី និងនៅប្រទេសចិន មានប្រសាសន៍ថា ធនាគារ Tokyo Mitsubishi UFJ បានបង្កើតការិយាល័យតំណាងមួយនៅកម្ពុជា ហើយមកដល់ឆ្នាំ១៩៦៧ ក៏បានបិទទ្វារវិញ បន្ទាប់ពីកម្ពុជា បានប្រឈមនឹងបញ្ហាផ្ទៃក្នុងជាច្រើន។ នៅពេលថ្មីៗ នេះ ធនាគារនេះ មានការិយាល័យតំណាងជាច្រើនកន្លែងនៅតាមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ រួមទាំងប្រទេសថៃ វៀតណាម ហើយឥឡូវនេះក៏មាននៅកម្ពុជាដែរ។
លោកមានប្រសាសន៍បន្តថា៖ «ឥឡូវ យើងបើកទំព័រប្រវត្តិសាស្រ្តរបស់យើងឡើងវិញតាមរយៈការបើកឡើង វិញនូវការិយាល័យតំណាងរបស់យើងនៅទីនេះ បន្ទាប់ពីយើងសង្កេតឃើញថា កម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុង ក្រោយនេះ»។
លោក បានបន្តឲ្យដឹងថា៖ «យើងបានប្តេជ្ញាចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ឲ្យមានកំណើនខ្ពស់ ហើយនៅឆ្នាំនេះ កម្ពុជាធ្វើជាប្រធានអាស៊ាន ដែលធ្វើឲ្យខ្ញុំយល់ថា ប្រទេសផ្សេងទៀត នឹងមានចំណាប់អារម្មណ៍ចំពោះកម្ពុជា ដែលជាប្រទេសមានទីតាំងនៅក្នុងភូមិភាគកណ្តាលនៃអនុតំបន់ទន្លេ មេគង្គ»។
លោកស្រី នាវ ចាន់ថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានទទួលស្គាល់ថា គិតត្រឹមចុងខែធ្នូ កន្លងទៅនេះ កម្ពុជាមានធនាគារពាណិជ្ជចំនួន ៣២ និងការិយាល័យតំណាងរបស់ធនាគារបរទេស ៤ ដែលការិយាល័យតំណាង ២ គឺជារបស់ធនាគារធំៗមកពីប្រទេសជប៉ុន។
លោកស្រី មានប្រសាសន៍ថា៖ «ការិយាល័យតំណាងរបស់ធនាគារ Tokyo Mitsubishi UFJ ដែលទើបបើកដំណើរការនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីកំណើនទំនុក ចិត្តរបស់វិនិយោគិនជប៉ុនក្នុងវិស័យធនាគាររបស់កម្ពុជាតែប៉ុណ្ណោះ ទេ ថែមទាំងបង្ហាញនូវទំនាក់ទំនងកាន់តែរឹងមាំថែមទៀតរវាងប្រទេសទាំង ពីរ»។
លោកស្រី បានឲ្យដឹងទៀតថា ឧស្សាហកម្មធនាគាររបស់កម្ពុជា កំពុងតែដើរតួនាទីយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍជាតិ។ នៅចុងខែធ្នូកន្លងទៅនេះ ប្រាក់បញ្ញើសរុបរបស់ធនាគារពាណិជ្ជ បានកើនឡើង ២០,៤ភាគរយ រីឯប្រាក់កម្ចីវិញ បានកើនឡើង ៣៣,៤ភាគរយ ហើយប្រាក់កម្ចីមិនដំណើរការ (NPL) បានធ្លាក់ចុះមកនៅត្រឹម ២,៤ភាគរយ។
លោក Masato Miyachi មានប្រសាសន៍ទៀតថា៖ «ការិយាល័យតំណាងនេះ នឹងបម្រើការជាមជ្ឈមណ្ឌលផ្តល់ព័ត៌មានរបស់វិនិយោគិន និងដើរតួនាទីសំខាន់មួយក្នុងការទាក់ទាញវិនិយោគិនជប៉ុនឲ្យមក បណ្តាក់ទុននៅកម្ពុជា។ យើងនឹងព្យាយាមដើម្បីការអភិវឌ្ឍរបស់កម្ពុជា តាមរយៈការផ្តល់ព័ត៌មានប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនជប៉ុន»។
លោកស្រី នាវ ចាន់ថាណា បានមានប្រសាសន៍បន្ថែមថា៖ «យើងសង្ឃឹមថា ធនាគារ Tokyo Mitsubishi UFJ នឹងសម្រេចបើកសាខារបស់ខ្លួននៅកម្ពុជាក្នុងរយៈពេលដ៏ខ្លីខាងមុខ នេះ ហើយធនាគារនេះ នឹងក្លាយជាដៃគូដ៏ល្អរបស់យើង និងជាប្រតិបត្តិករជាមួយធនាគារជាតិនៃកម្ពុជា តាមរយៈការផ្តល់សេវា និងផលិតផលល្អៗ ទៅដល់អតិថិជន។ ធនាគារ Tokyo Mitsubishi UFJ នឹងធ្វើឲ្យឧស្សាហកម្មធនាគារកាន់តែរឹងមាំ តាមរយៈការផ្តល់បទពិសោធជាច្រើនឆ្នាំរបស់ខ្លួន និងផលិតផលថ្មីៗ ដល់អតិថិជនកម្ពុជា»។
ធនាគារ Smitomo Mitsui Banking Corporation (SMBC) ដែលជាធនាគារមួយក្នុងចំណោមធនាគារធំៗបីរបស់ជប៉ុន បានបើកដំណើរការការិយាល័យតំណាងរបស់ខ្លួនជាផ្លូវការកាលពី សប្តាហ៍មុន។
ប្រធានសមាគមពាណិជ្ជកម្មជប៉ុនប្រចាំនៅកម្ពុជា (JBAC) មានប្រសាសន៍ថា ចំនួនវិនិយោគិនជប៉ុននាពេលថ្មីៗនេះ បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ពោលគឺមានពី ៥០ ទៅ ១០០ក្រុមហ៊ុនរហូតមកដល់ពេលនេះ។
លោកមានប្រសាសន៍បន្តថា៖ «ចំនួនក្រុមហ៊ុនជប៉ុន ដែលបានវិនិយោគនៅកម្ពុជា បាននិងកំពុងកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ពោលគឺកើនឡើងពី ៥០ ទៅ ១០០ក្រុមហ៊ុននាពេលបច្បុបន្ន បើទោះជាចំនួនក្រុមហ៊ុនវិនិយោគជប៉ុននៅកម្ពុជា មានតិចតួច បើធៀបនឹងចំនួនក្រុមហ៊ុនវិនិយោគជប៉ុននៅប្រទេសថៃ និងវៀតណាមក្តី។ យើងសង្ឃឹមថា ចំនួនក្រុមហ៊ុនវិនិយោគជប៉ុន នឹងបន្តកើនឡើងកាន់តែច្រើនថែមទៀតនាពេលអនាគត»។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា កម្ពុជា បានទាក់ទាញគម្រោងវិនិយោគ ៣ពីប្រទេសជប៉ុន ដែលមានទំហំត្រឹមតែ ៦លានដុល្លារតែប៉ុណ្ណោះ កាលពីឆ្នាំមុន៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.