គណៈកម្មការជ្រើសរើស ភាពយន្តពានរង្វាន់OSCARកម្ពុជា(COSC) បានរៀបចំកម្ម វិធីជប់លៀងមួយដើម្បីជំរុញ ឲ្យមានការចូលរួមពីអ្នកនិពន្ធ និងតារាសម្ដែងខ្មែរក្នុងវិស័យ ភាពយន្ត ស្របពេលនឹងការប្រគល់ពានរង្វាន់ OSCAR ភាពយន្តនៅសហរដ្ឋអាមេរិក។
ក្រុមការងារ FX Entertainment និងគណៈកម្មការជ្រើសរើសភាពយន្តចំនួន៨រូប ក្នុងនោះមានជនជាតិអាមេរិកម្នាក់ផងបានរៀបចំឲ្យមានពិធីជួបជុំគ្នារវាងតារាសម្ដែង និងអ្នកនិពន្ធជាតិ និងអន្តរជាតិជាច្រើនរយនាក់ ដើម្បីជួបពិភាក្សា និងចែករំលែកបទពិសោធន៍ទាក់ទងនឹងវិស័យភាពយន្តកម្ពុជាកាលពីព្រឹកមិញនេះ។
អ្នករៀបចំកម្មវិធីពានរង្វាន់ភាពយន្តOSCARកម្ពុជា លោក យាន រស្មី បានឲ្យដឹងថា នេះគឺលើកទី៣ហើយដែល FX Entertainmentបានរៀបចំកម្មវិធីនេះឡើង។ លើកទី១ នៅលើទូកទេសចរណ៍តាមបឹងទន្លេសាប ហើយមានអ្នកចូលរួមប្រហែល២០នាក់ និងលើកទី២នៅភោជនីយដ្ឋានម្លិះ មានអ្នកចូលរួមប្រហែល៥០នាក់។
លោកបានបន្តថា “លើកទី៣នេះមានអ្នកចូលរួមប្រហែល២០០នាក់ ក្នុងហ្នឹងក៏មានមន្ត្រីស្ថានទូតម៉ាឡេស៊ី ប្រចាំប្រទេសកម្ពុជាមកចូលរួមដែរ…តែគួរឲ្យស្ដាយដែលកម្មវិធីបានអញ្ជើញមន្ត្រីក្រសួងព័ត៌មាន និងមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាច្រើននាក់មកចូលរួម ប៉ុន្តែគាត់Confirm(បញ្ជាក់)មកថាមិនបានចូលរួមវិញ ព្រោះជាប់រវល់”។
លោកបានបញ្ជាក់ថា គណៈកម្មការជ្រើសរើសពានរង្វាន់ Oscar កម្ពុជា មានចំនួន៨រូប ក្នុងនោះមានជនជាតិអាមេរិកម្នាក់ផង ពួកគាត់មានតួនាទីចែករំលែក និងបណ្ដុះបណ្ដាលការដល់ផលិតករ និងតារាសម្ដែងខ្មែរពីរបៀបផលិតភាពយន្ត និងសម្ដែងឲ្យមានគុណភាពល្អ ស្របតាមស្តង់ដារអន្តរជាតិ តាមរយៈការរៀបចំសិក្ខាសាលា ដោយអញ្ជើញចូលរួមពី អ្នកនិពន្ធ អ្នកដឹកនាំរឿង និងតារាសម្ដែងHollywood ល្បីៗមកជួយរៀបចំ និងចែករំលែកបទពិសោធន៍នៅក្នុងអង្គសិក្ខាសាលានីមួយៗ។
សមាជិកគណៈកម្មការជ្រើសរើសភាពយន្តពានរង្វាន់OSCARកម្ពុជា(COSC) អ្នកស្រី ឌី សាវ៉េត បានមានប្រសាសន៍ថា នេះគឺជាលើកទី២ដែលអ្នកស្រីបានចូលរួម និងធ្វើជាសមាជិកគណៈកម្មការជ្រើសរើសភាពយន្តកម្ពុជា ដែលរៀបចំដោយ FX Entertainment ។ ការរៀបចំបែបនេះ គឺជាផ្នែកនៃការជួយជំរុញ និងលើកទឹកចិត្តដល់អ្នកនិពន្ធ និងតារាសម្ដែងខ្មែរឲ្យមានស្មារតីទទួលខុសត្រូវ និងប្រឹងប្រែងការផលិតភាពយន្តរបស់ខ្លួនឲ្យមានគុណភាពល្អ។
អ្នកស្រីបានបន្តថា “វិស័យភាពយន្តកម្ពុជានឹងមានភាពល្បីល្បាញនៅលើសកលលោក ហើយអាចចូលរួមប្រកួតប្រជែងកម្មវិធីពានរង្វាន់OSCARពិភពលោកដែលធ្វើនៅសហរដ្ឋអាមេរិកទៀតផង”។ អ្នកស្រីបានបញ្ជាក់ថា ការផលិត និងដឹកនាំរឿងមិនមែនជារឿងងាយស្រួលនោះទេ ដូច្នេះទាមទាឲ្យចាងហ្វាង ឬអ្នកនិពន្ធរឿងនីមួយៗត្រូវតែមានក្រុមការងារប្រកបដោយទេពកោសល្យ និងបទ ពិសោធន៍លើផ្នែកភាពយន្តច្បាស់លាស់។
គណៈកម្មការOSCARកម្ពុជា រំពឹងថាវិស័យភាពយន្តកម្ពុជានឹងមានភាពរីកចម្រើន និងអាចប្រឡូកលើវិស័យភាពយន្តអន្តជាតិ តាមរយៈកម្មវិធី OSCAR AWARDS នាថ្ងៃអនាគត។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីមន្ត្រីរាជរដ្ឋាភិបាល ចាងហ្វាងផលិតកម្មភាពយន្តកម្ពុជា តារាភាពយន្តជើងចាស់ និងថ្មី ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរយនាក់។ នៅសណ្ឋាគារ Queen Buitique Hotel រាជធានីភ្នំពេញ៕
រូបថត៖ FX Entertainment
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.