ភ្នំពេញៈ រោងភាពយន្ត3D មិនត្រឹមតែក្លាយជាទីពេញនិយមសម្រាប់យុវវ័យសម័យថ្មីប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ក្តីសង្ឃឹមយ៉ាងផុសផុលដល់សិល្បករ ក៏ដូចជាផលិតករថ្មីៗ ដែលកំពុងចាប់អារម្មណ៍ទៅលើវិស័យខ្សែភាពយន្តជាពិសេស គឺផ្នែកគំនូរជីវចល និងបច្ចេកវិទ្យាទំនើបក្នុងការផលិតភាពយន្ត 3D។
មិនទាន់ទាំងបានមួយឆ្នាំផង រោងភាពយន្ត លេជិន (Legend )ដែលបង្កើតឡើងដោយក្រុមហ៊ុន Westec Media Limited និងរោងភាពយន្ត ស៊ីនេផ្លិច (Cineplex) ដែលបង្កើតឡើងដោយ ក្រុមហ៊ុន Sabay Entertainment បានទទួលការគាំទ្រយ៉ាងគំហុក ខណៈពេលដែលរោងភាពយន្តក្នុងស្រុកចាស់ៗ ជាច្រើនត្រូវបានបិទទ្វារជាបន្តបន្ទាប់។
ខណៈដែលភាពយន្តបរទេសបែប3D ជាច្រើនកំពុងទទួលការពេញនិយមនៅតាមរោងភាពយន្ត ប្រធានគ្រប់គ្រងការចែកចាយនៃក្រុមហ៊ុន Westec Media Limited បានថ្លែងថា ការចាក់បញ្ចាំងភាពយន្តបរទេស កាន់តែច្រើននៅកម្ពុជា ក៏ជាផ្នែកមួយនៃការជំរុញឲ្យមានការអភិវឌ្ឍចំពោះផលិតករក្នុង ស្រុកផងដែរ។
លោក ស៊ីម៉ុន ឈូ (Simon Choo) ប្រធានគ្រប់គ្រងការចែកចាយនៃក្រុមហ៊ុន Westec Media Limited មានប្រសាសន៍ថា៖«អ្នកដឹកនាំរឿងបរទេសផ្សេងៗ អាចផ្តល់នូវរបៀបផ្សេងគ្នាជាច្រើនក្នុងការធ្វើរឿង ក៏ដូចជា ផ្ដល់សារដល់អ្នកទស្សនា ហើយផលិតករក្នុងស្រុកក៏អាចរៀនពីរបៀបទាំងនោះដែរ»។
ប្រធានគ្រប់គ្រងរូបនេះបានបន្តថា៖«ជាការពិតណាស់ ក្រុមហ៊ុនយើងតែងព្យាយាមគ្រប់គ្រងឯកជនភាព និងរក្សាសិទ្ធិដល់ភាពយន្ត ដោយសារយើងចង់រក្សាសុវត្ថិភាពដល់ផលិតករ ហើយនេះក៏ជាសារប្រយោជន៍មួយផងដែរ សម្រាប់ផលិតករក្នុងស្រុក។ យើងក៏នឹងរង់ចាំស្វាគមន៍ចំពោះភាពយន្តដ៏មានគុណភាពរបស់ផលិតករ ក្នុងស្រុកដែលចង់សហការជាមួយយើងផងដែរ»។
តាមរយៈ ទស្សនាវដ្តី ចៃកុន ដែលជាទស្សនាវដ្តីភាពយន្តទី១ សរសេរជាភាសាអង់គ្លេស និងភាសាខ្មែរ ទើបចាប់ផលិតឡើងនាចុងឆ្នាំ២០១១បានសរសេរថា រឿង Transformer វគ្គ៣ អាចរកចំណូលក្នុងស្រុកបាន ជិត៨ម៉ឺនដុល្លារ ក្នុងរយៈពេល១១សប្តាហ៍ ខណៈពេលរឿង Final Destination វគ្គ៥ អាចរកចំណូលបានជិត៦ម៉ឺនដុល្លារ ក្នុងរយៈពេល៧សប្តាហ៍ និងរឿង Kung Fu Panda វគ្គ២ អាចរកចំណូលប្រមាណ៥,៥ម៉ឺនដុល្លារ ក្នុងរយៈពេល៩សប្តាហ៍ នៅក្នុងរោងកុន3D តែមួយប៉ុណ្ណោះ។
យុវជន ក៏ដូចជាផលិតករវ័យក្មេងមួយ ចំនួនដែលប្រឡូកខ្លួនក្នុងវិស័យផលិតគំនូរជីវចល និងភាពយន្ត3D ខ្លីៗ កំពុងតែទទួលបានផ្លែផ្កា និងមានក្តីសង្ឃឹមជាពន់ពេក សម្រាប់ការប្រឹងប្រែងរបស់ខ្លួន ក្នុងនោះក្រៅពីអង្គការហ្វារពន្លឺសិល្បៈ ក៏មានក្រុមហ៊ុនឯកជនតូចៗ ដែលចាប់ផ្តើមបណ្តុះខ្លួនឡើង ចេញពីក្រុមអ្នកស្នេហាវិស័យភាពយន្តគំនូរជីវចល។
លោក យក់ ស៊ីវ៉ាល់រី ប្រធានផ្នែកសិល្បៈនៃស្ទីឌីយោអស្ចារ្យដែលបានផលិតហ្គេម3D សម្រាប់ប្រើប្រាស់ក្នុង ទូរស័ព្ទ iPhone និង iPad ដ៏ពេញនិយមបានឲ្យដឹងថា ដោយសារតែមានចំណូលចិត្តខ្ពស់ផ្នែករចនាសិល្បៈ គេក៏បានរិះរកគំនិតធ្វើយ៉ាងណាដើម្បីអភិវឌ្ឍន៍ជំនាញខ្លួន ដោយសិក្សាបន្ថែមទៅលើការរចនាក្រាហ្វិកតាមប្រព័ន្ធកុំព្យូទ័រ។
វ៉ាល់រី បានថ្លែងថា៖«ដោយសារ យើងមិនបោះបង់ចោលចំណង់ចំណូលចិត្ត និងក្តីសុបិន ដូច្នេះ យើងក៏អាចធ្វើវាបានដោយជោគជ័យ»។
ប្រធានផ្នែកសិល្បៈវ័យ២៤ឆ្នាំរូបនេះ បន្តថា៖«ដោយសារផ្នែកនេះ (Animation) នឹងកាន់តែអភិវឌ្ឍទៅមុខ ដូច្នេះ ខ្ញុំក៏សង្ឃឹមថា វិសាលភាពដ៏ធំទូលាយនឹងអាចទាក់ទាញចំណាប់អារម្មណ៍វិចិត្រករ សិល្បករ និងផលិតករជំនាន់ក្រោយ ឲ្យខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពផ្ទាល់ខ្លួនបន្ថែមទៀត ដើម្បីដើរឲ្យទាន់បច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន ព្រមទាំង អាចផ្សព្វផ្សាយអត្តសញ្ញាណខ្មែរទៅកាន់ពិភពលោក»។
កញ្ញា ប៊ុន ច័ន្ទតារារ័ត្ន ប្រធានប្រតិបត្តិជាន់ខ្ពស់ផ្នែកទីផ្សារនៃ ក្រុមហ៊ុន Westec Media Limited ថ្លែងថា ភាពយន្តដែលមានគុណភាពក៏បានផ្តល់ភាពជោគជ័យយ៉ាងខ្ពស់បំផុត សម្រាប់ការសហការឃោសនាទៅលើផលិតផលនានា។
កញ្ញាបន្តថា៖«តួយ៉ាងដូចជាការប្រើប្រាស់រូបភាពរបស់តួអង្គ នីមួយៗនៅក្នុងសាច់រឿង ទៅលើផលិតផលនានា ដែលធ្វើឲ្យផលិតផលរបស់លោកអ្នក កាន់តែទាក់ទាញ និងរស់រវើក»។
តាមរយៈ ប្រធានប្រតិបត្តិជាន់ខ្ពស់ទីផ្សាររូបនេះ សម្រាប់ឆ្នាំ២០១២ ក្រុមហ៊ុន Westec Media Limited ក៏គ្រោងនឹងចាក់បញ្ចាំងនូវភាពយន្ត3D បរទេស ល្បីៗ ជា ច្រើន ដូចជា រឿង The Advantures of Tin Tin, Star Wars: Episode 1, The Phantom Menace, Dr. Seuss' The Lorax, Titanic, Madagascar 3, Ice Age: Continental Driff, និងAbraham Lincoln: Vampier Hunter ជាដើម នៅឯរោងភាពយន្ត លេជិន ក្នុងផ្សារទំនើបស៊ីធីម៉លជាន់ទី៣ ក្នុងពេលខាងមុខនេះ៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.