ការ​ជ្រើស​រើស​អាហារ​ដើម្បី​សុខ​ភាព​បេះ​ដូង

Posted on
  • Friday, January 20, 2012
  • by
  • angco.co
  • in
  • Labels: ,

  • ទោះបី​យើង​ដឹង​ថា អាហារ​ណា​ខ្លះ​ផ្តល់​គ្រោះ​ថ្នាក់​ចំពោះ​បេះ​ដូង ប៉ុន្តែ​ការ​ផ្លាស់​ប្តូរ​ទម្លាប់​នៃ​ការ​ទទួល​ទាន អាច​មាន​ការ​ពិបាក។ ៧​ចំណុច​ងាយៗ​ខាង​ក្រោម​នេះ អ្នក​ជំនាញ​ជឿ​ជាក់​ថា មាន​ផល​ល្អ​ដល់​សុខភាព​បេះ​ដូង។
    ១-ការ​បញ្ឈប់​ជាតិ​ខ្លាញ់​ត្រានស៍ (Trans) និង​ជាតិ​ខ្លាញ់​ឆ្អែត៖ ជា​ដំណាក់​កាល​សំខាន់​បំផុត​ដើម្បី​កាត់​បន្ថយ​កម្រិត​កូលេ​ស្តេ​រ៉ូល និង​ការ​ប្រឈម​និង​ជំងឺ​បេះ​ដូង។ ក្នុង​ការ​ជ្រើស​ប្រើ​ប្រេង ចូល​មើល​ស្លាក​សញ្ញា​ថា Monounsaturated Fats និង Polyun Saturated រីឯ​ពាក្យ​ថា Partially Hydrogenated នោះ​អាច​បញ្ជាក់​ថា មាន​ជាតិ​ខ្លាញ់​ត្រានស៍​ខ្លះ។ យ៉ាង​ណា​ក៍​ដោយ ត្រូវ​ប្រើ​ប្រេង​ក្នុង​បរិមាណ​សម​ស្រប កុំ​ច្រើន​ពេក ព្រោះ​សូម្បី​តែ​ប្រេង​ដែល​គ្មាន​កូលេ​ស្តេ​រ៉ូល ក៏​នៅ​មាន​កាឡូ​រីខ្ពស់​ដែរ។
    -អាហារ​គួរ​ទទួល​ទាន៖ ប្រេង​អូលីវ ប៊័រ​ម៉ារ​ហ្គា​រីន​ដែល​គ្មាន​ជាតិ​ខ្លាញ់​ត្រានស៍។
    -អាហារ​មិន​គួរ​ទទួល​ទាន៖ ប៊័រ សាច់​ជាប់​ខ្លាញ់ ប្រេង​ឆា និង​ប្រេង​ដូង​ជា​ដើម។
    ២-ជ្រើស​ប្រូតេ​អ៊ីន​ជាតិ​ខ្លាញ់​ទាប៖ សាច់​មិន​ជាប់​ខ្លាញ់, សាច់​សត្វ​ស្លាប, ផលិត​ផល​ទឹក​ដោះ​គោ​ខ្លាញ់​ទាប និង​ស៊ុត​ស សុទ្ធ​តែ​ជា​ប្រភព​ប្រូតេ​អ៊ីន​ខ្ពស់។ រីឯ​ត្រី មាន​ទាំង​ប្រូតេ​អ៊ីន និង​អា​ស៊ីដ ខ្លាញ់​អូមេ​ហ្គា៣ ដែល​អាច​កាត់​បន្ថយ​ទ្រី​គ្លី​សិ​រីដ (Triglyceride) ក្នុង​ឈាម ដែល​មាន​ក្នុង​គ្រាប់​ហ្វែកស៍ (Flax) វ៉ល​ណាត់ សណ្តែក​សៀង និង​ប្រេង​ខា​អូ​ឡា។
    -អាហារ​គួរ​ទទួល​ទាន៖ ទឹក​ដោះ​គោ​ខ្លាញ់​ទាប ស៊ុត​ស សាច់​មាន​មិន​ជាប់​ស្បែក ត្រី​ទឹក​ត្រជាក់ សណ្តែក​សៀង និង​ផលិត​ផល​ពី​សណ្តែក​សៀង។
    -អាហារ​មិន​គួរ​ទទួល​ទាន៖ ទឹក​ដោះ​ខ្លា​ញ់​ឆ្អែត គ្រឿង​ក្នុង​សត្វ ស៊ុត​ក្រហម សាច់​ជាប់​ខ្លាញ់ ឆ្អឹង​ជំនីរ សាច់​ជ្រូក​៣​ជាន់ សាច់​ក្រក សាច់​សត្វ ចៀន​ឬ​បំពង។
    ៣-ទទួល​ទាន​បន្លែ​ផ្លែ​ឈើ​អោយ​បាន​ច្រើន៖ ព្រោះ​វា​ផ្តល់​ទាំង​វីតាមីន និង​ជាតិ​រ៉ែខ​និជ មាន​កា​ឡូរី​ទាប ប៉ុន្តែ​កាក​សរសៃ​ខ្ពស់​ជួយ​ការពារ​ជំងឺ​សរសៃ​ឈាម​បេះ​ដូង។ កា​រ​ទទួល​ទាន​បន្លែ-ផ្លែ​ឈើ ថែម​ទាំង​ជួយ​អោយ​អ្នក​ទទួល​ទាន​អាហារ​ជាតិ​ខ្លាញ់​ថយ​ចុះ​ទៀត​ផង។
    -អាហារគួរទទួលទាន៖ បន្លែ ឬផ្លែ​ឈើ​មិន​ក្លាស្សេ​កក បន្លែ​កំប៉ុង ដែល​មាន​សូដ្យូម​ទាប ផ្លែ​ឈើ​កំប៉ុង ទឹក​ផ្លែ​ឈើ។
    -អាហារ​មិន​គួរ​ទទួល​ទាន៖ ដូង បន្លែឆា ផ្លែឈើ​កំប៉ុង​ក្នុង​ទឹក​ស្ករ ផ្លែ​ឈើ​ក្លាស្សេ​កក​លាយ​ស្ករ។
    ៤-បន្ថយអំបិល៖ ការ​ទទួល​ទាន​អំបិល​ច្រើន អាច​ធ្វើ​អោយ​សម្ពាធ​ឈាម​ខ្ពស់។ អ្នក​ជំនាញ​ពី​សមាគ​ម​បេះដូង​អាមេរិក (Ameracan Heart Association) ណែ​នាំ​អោយ​មនុស្ស​ចាស់​ទទួល​ទាន​អំបិល​តិច​ជាង ២,៣០០​មិល្លី​ក្រាម​ក្នុង​មួយ​ថ្ងៃ (ប្រហែល​មួយ​ស្លាប​ព្រា​កា​ហ្វេ)។ ក្រៅ​ពី​នេះ​ការ​ចម្អិន​អាហារ​ដោយ​ខ្លួន​ឯង ក៏​ជួយ​កាត់​បន្ថយ​បរិមាណ​អំបិល​បាន។
    -អាហារ​គួរ​ទទួល​ទាន៖ គ្រឿង​ទេស ឱសថ​រុក្ខជាតិ ទឹក​ជ្រលក់​ធ្វើ​ពី​សណ្តែក​សៀង ឬ​ទឹក​ជ្រលក់​ធ្វើ​ពី​ប៉េង​ប៉ោង មាន​ជាតិ​អំបិល​តិច។
    -អាហារ​មិន​គួរ​ទទួល​ទាន៖ ស៊ុប​កំប៉ុង អាហារ​ក្លាស្សេ​កក អំបិល ទឹក​ប៉េង​ប៉ោះ។
    ៥-ធញ្ញ​ជាតិ៖ ធញ្ញ​ជាតិ​ផ្សេងៗ ជា​ប្រភព​កាក​សរសៃ​អាហារ និង​សារ​ធាតុ​អាហារ​ផ្សេងៗ ចាំ​បាច់​ចំពោះ​កា​​រ​គ្រប់​គ្រង​សម្ពាធ​ឈាម និង​សុខ​ភាព រួម​ទាំង​បេះ​ដូង​ផង​ដែរ។
    -អាហារ​គួរ​ទទួល​ទាន៖ នំប៉័ង​ហូលវីដ អង្ករ​សំរូប អង្ករ​បុក​ដោយ​ដៃ អង្ករ​អាវ័ន។
    -អាហារ​មិន​គួរ​ទទួល​ទាន៖ ម្សៅ​ពណ៌​ស នំគុក​គី ម្សៅ​ពោត មី នំ​ខេក ពោត​លីង​ចំហុយ​ប៊័រ។
    ៦-កំរិត​បរិមាណ៖ កាដួស​អាហារ​ច្រើន និង​ទទួល​ទាន​លឿន​រហូត​មាន​អារម្មណ៍​ណែន​ឆ្អល់​ពោះ​ខ្លាំង អាច​ប្រឈម​និង​កាឡូរី ជាតិ​ខ្លាញ់ និង​កូលេ​ស្តេ​រ៉ូ​ល លើស​ពី​តម្រូវ​ការ​ចាំ​បាច់។ ដូច្នេះ​អ្នក​ត្រូវ​ពិនិត្យ​មើល​កម្រិត​នៃ​ការ​ទទួល​ទាន ដើម្បី​គ្រប់​គ្រង​បរិមាណ​អាហារ​ដូចជា ទទួល​ទាន​បាយ ម្តង​គឺ កន្លះ​ចាន​ចង្កឹះ និង​សាច់​សត្វ ឬ​ត្រី ទំហំ​ប្រហែល​សន្លឺក​បៀ មួយ​បន្ទះ​ប៉ុណ្ណោះ។
    ៧-រៀប​ផែន​ការ​សម្រាប់​អាហារ​ពេល​បន្ទាប់៖ ជ្រើស​រើស​ចំណី​កំដរ​មាត់​ដោយ​ផ្តោត​លើ​បន្លែ​ផ្លែ​ឈើ និង​ហូល​ហ្គ្រេន។ រីឯ​ប្រូតេ​អ៊ីន ត្រូវ​ជ្រើស​ជាតិ​ខ្លាញ់​ទាប និង​កំណត់​ចំពោះ​អាហារ​ជាតិ​ខ្លាញ់​ខ្ពស់ ឬ​អាហារ​ប្រៃ។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.