
អំពើបាញ់ប្រហារមនុស្សនេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០នាទីយប់ថ្ងៃទី៥ ខែ មករា ឆ្នាំ ២០១២ នៅចំណុចមុខផ្ទះលេខ ៣១១ ផ្លូវ ២៧១ យីហោ« ជារតនៈលក់ថ្នាំលាបគ្រប់ប្រភេទ» មានទីតាំងនៅមុខផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
យុវជនរងគ្រោះដែលត្រូវខ្មាន់កាំភ្លើងបាញ់មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា មានអាយុជាង ២០ឆ្នាំ មុខរបរកម្មករកៀបសំបុកត្រចៀកកាំយកទឹកក្នុងក្រុមហ៊ុនទឹកត្រចៀកកាំអង្គរមានទីតាំងនៅក្បែរកន្លែងកើតហេតុ។ ជនរងគ្រោះស្នាក់នៅសង្កាត់ស្ទឹងមានជ័យ រងរបួសចំនួន២គ្រាប់ មួយគ្រាប់ចំខ្នងធ្លាយទៅស្មាខាងឆ្វេង និង មួយគ្រាប់ទៀតចំពីក្រោយធ្លាយទៅដើមទ្រូងដាច់ខ្យល់ស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ។
ចំណែកឯជនដៃដល់ចិត្តសាហាវ ត្រូវបានគេស្គាល់ថា ជាប៉ូលិសអគ្គាធិការកិច្ចក្រសួងមហាផ្ទៃ ស្នាក់នៅផ្ទះលេខ ៣១១ ផ្លូវ ២៧១ កន្លែងកើតហេតុ ជិះរថយន្ត Lexus 470 ពាក់ស្លាកលេខ G699មិនចាំក្បាល ប្រើប្រាស់អាវុធCZ75 បាញ់អស់៣គ្រាប់។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និង មិនភក្ដិ ៣ទៅ៤នាក់ ជិះម៉ូតូមកឈប់ជជែកគ្នានៅមុខផ្ទះលេខ៣១១ យីហោ ជារតនៈ លក់ថ្នាំលាបគ្រប់ប្រភេទ ខណៈពេលកំពុងឈរ និយាយគ្នា ក៏ស្រាប់តែខ្មាន់កាំភ្លើង រួមដំណើរជាមួយស្ត្រីម្នាក់ទៀតបានជិះរថយន្ត Lexus 470 មកដល់ ដោយមានអាការៈស្រវឹងស្រា ហើយបានចុចស៊ីផ្លេ២ទៅ៣ដង។ ខណៈពេលនោះជនរងគ្រោះ និង មិត្តភក្ដិ យឺតយ៉ាងក្នុងការទាញម៉ូតូចេញធ្វើឲ្យខ្មាន់កាំភ្លើងចិត្តសាហាវនោះដកកាំភ្លើងបាញ់មួយគ្រាប់ឡើងលើគំរាម។ ជនរងគ្រោះ និង មិត្តភក្ដិ ទាញម៉ូតូហើយឈរសម្លឹងមុខធ្វើឲ្យខ្មាន់កាំភ្លើងខឹងចុះពីលើរថយន្តបាញ់សំដៅចំនួន២គ្រាប់បណ្ដាលឲ្យត្រូវខ្នងពីក្រោយ ភ្លាមនោះស្ត្រីម្នាក់រួមដំណើរបានចុះពីលើរថយន្តឃាត់កុំឲ្យខ្មាន់បាញ់បន្តទៀត។ចំណែកជនរងគ្រោះត្រូវបានមិត្តភក្ដិឌុបតាមម៉ូតូទៅពហុព្យាបាលឯកជនដើម្បីធ្វើការសង្គ្រោះ ប៉ុន្តែពេលទៅដល់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកបាធាយ ហើយករណីនេះសមត្ថកិច្ចជំនាញគ្រប់ផ្នែកមិនបានដឹងពីហេតុការណ៍ ករណីឃាតកម្មបាញ់សម្លាប់នៅឡើយទេ។ ប៉ុន្តែបន្ទាប់ពីសារព័ត៌មានចុះផ្សាយទើបខ្វែងដៃខ្វែងជើងគ្នាទៅស្រុកបាធាយខេត្តកំពង់ចាម សាកសួរពីហេតុការណ៍ខាងលើនោះ។ ចំណែកឯខ្មាន់កាំភ្លើងបានជិះឡានចេញពីផ្ទះតាំងពីព្រឹកថ្ងៃទី ៦ ខែ មករាម្ល៉េះ៕
Source: http://kpt-news.com
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.