សមត្ថកិច្ច ពាក់ព័ន្ធ គួរពិនិត្យមើល និងចាត់វិធានការណ៍ សម្រាប់ក្រុមហ៊ុន ដឹកជញ្ជូន ដែលបង្កគ្រោះថ្នាក់ ចរាចរណ៍


កណ្តាល៖ ការបាត់បង់ ជិវិតរបស់ មនុស្សម្នាក់ៗ វាមិនមាន អ្វីសំខាន់នោះទេ បើមិនមែនជាសាច់ញាតិ បងប្អូន របស់ខ្លួននោះ ប៉ុន្តែគឺជាការ ឈឺចាប់បំផុត និងមិនអាច បំភ្លេចបានអស់មួយជិវិត នៅពេល ដែលជនរងគ្រោះ ជាឪពុក ជាម្តាយ ជាបងប្អូន និងជាមិត្តិភក្តិ របស់ខ្លួនជាទីស្រឡាញ់។
បច្ចុប្បន្ននេះ បញ្ហា គ្រោះថា្នក់ចរាចរណ៍ ត្រូវបានគេមើលថា ជារឿងចំបង របស់រាជរដ្ឋាភិបាល យកចិត្តទុកដាក់ ក្នុងការដោះស្រាយ ជាងគេ ហើយជាងនេះទៅទៀត ទឹកប្រាក់រាប់លាន ដុល្លារត្រូវបានចំណាយ ក្នុងមួយឆ្នាំៗដោយសារតែបញ្ហានេះ។ តាមការសង្កេតមើល ជាក់ស្តែង គ្រោះថ្នាក់ចរាចរណ៍ ភាគច្រើន ដោយសារតែ អ្នកបើកបរ មួយចំនួន មិនដែលគោរព ច្បាប់ចរាចរណ៍នោះឡើយ ជាពិសេសនោះ គឺមិនអាច ប្រកែកបានចំពោះ អ្នកបើកបរ រថយន្តខ្នាតធំ ដែលភាគច្រើន អ្នកបើកបរទាំងនោះ បើកលឿន មិនសូវគោរព ច្បាប់ចរាចរណ៍ ក៏ព្រោះថា ជនទាំងនោះអាងតែ ខ្លួនបើក រថយន្តខ្នាតធំ និងម្យ៉ាងវិញទៀត មានក្រុមហ៊ុន ធានារ៉ាប់រង ជួយដោះស្រាយ នៅពីក្រោយខ្នង។
ដូចច្នេះពេល បើកបើកបុកគេម្តងៗ ធ្វើយ៉ាងណា ឲ្យរត់រួចខ្លួនទៅ គឺជាការស្រេច ដោយរង់ចាំ ម្ចាស់ក្រុមហ៊ុន មកដោះស្រាយ ជាការបញ្ចប់រឿង។ បើយ៉ាងនេះ តទៅទៀត តើជីវិតពលរដ្ឋស្លួតត្រង់ ប៉ុន្មាននាក់ ដែលត្រូវ ស្លាប់ដោយសារតែ អ្នកបើកបរ មួយក្តាប់តូចនេះ? ជាក់ស្តែង ប្តីប្រពន្ធមួយគូរ ដែលទើប នឹងរៀបការ បានចំនួន៣ថ្ងៃ ស្រាប់តែត្រូវ រថយន្តកុងតឺន័រ របស់ក្រុមហ៊ុន អ៊ុយនីញ៉ុង បុកស្លាប់ប្រពន្ធ ខណៈប្តីរង របួស កាលពីវេលាថ្ងៃត្រង់ ទី១០ ខែមករា ឆ្នាំ២០១២ ស្ថិតនៅលើផ្លូវ ជាតិលេខ៤ ក្នុង ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជាលទ្ធផល ដោយបន្សល់ទុកនូវ ការឈឺចាប់របស់ប្តី និងសាច់ញាតិទាំងឡាយ របស់ជនរងគ្រោះ ដែលជាប្រពន្ធអាយុ២៦ឆ្នាំ ត្រូវបានភាគី បង្ករបស់ក្រុមហ៊ុន អ៊ុយនីញ៉ុង សងសំណងសរុបទាំងអស់ ចំនួន២០០០ ដុល្លារ ដែលចំនួន ទឹកប្រាក់នេះ ខុសទៅនឹង ការចង់បាន របស់ភាគីជនរងគ្រោះ ដែលទាមទារកាលពីដំបូង ចំនួន១០០០០ ដុល្លារ។
ក្រោយកើត ហេតុភ្លាមៗ អ្នកបើកបរ ដែលខំព្យាយាម រត់គេចខ្លួននោះ ត្រូវបានកម្លាំងនគរបាល ចាប់បាន ហើយត្រូវចៅក្រមសាលា ដំបូងខេត្តកណ្តាល លោក លឹម សុគន្ថា សម្រេចឃុំខ្លួន ជាបណ្តោះអាសន្ន រង់ចាំការបើកសវនាការ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១២ ខណៈរថយន្ត បង្កហេតុ នៅតែស្ថិតក្រោមការគ្រប់គ្រង របស់សមត្ថកិច្ច ខេត្តកណ្តាលនៅឡើយ។
សម្រាប់គ្រោះថ្នាក់ ចរាចរណ៍ដ៏គួរឲ្យរន្ធត់នេះ ខាងភាគីជនរងគ្រោះ បានទាមទារ សំណងចំនួន១ម៉ឺន ដុល្លារ ប៉ុន្តែផ្ទុយទៅវិញ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១២ ខាងភាគីជនរងគ្រោះ បានទទួល សំណងសរុប ត្រឹមតែចំនួន២០០០ ដុល្លារប៉ុណ្ណោះ ពោលស្ទើរ មិនគ្រប់ដែល ភាគីជនរងគ្រោះ បានចំណាយ ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ។
យោងតាមប្រភពព័ត៌មាន ដែល ទម្លាយចេញ  ពីសាលាដំបូង ខេត្តកណ្តាលបានឲ្យដឹងថា ក្រោយពេលដែល ភាគីជនរងគ្រោះ និងខាងក្រុមហ៊ុន អ៊ុយនីញ៉ុង បានចរចាគ្នា នៅខាងមុខមន្រ្តី តុលាការរួចមក ស្រាប់តែភាគី ក្រុមហ៊ុន បានចេញសំណង ត្រឹមតែចំនួន២០០០ ដុល្លារ តែប៉ុណ្ណោះ ខណៈទឹកប្រាក់ជាច្រើន ដែលភាគីជនរងគ្រោះ ត្រូវបានចំណាយ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ។
ក្នុងនោះ គ្រាន់តែធ្វើបុណ្យ ឲ្យសពជាប្រពន្ធ អស់ចំនួន១០លានរៀល ស្មើនឹង២៥០០ ដុល្លារ ថ្លៃជួលជុល ម៉ូតូចន្លោះពី៣០០ ទៅ ៤០០ដុល្លារ ថ្លៃព្យាបាលរបួសជើង ប្រហែល១០០ ទៅ ២០០ ដុល្លារ និងថ្លៃដឹកសព ទៅធ្វើបុណ្យនៅស្រុក កំណើត ក្នុងខេត្ត កំពត អស់ចំនួន៣៥០ដុល្លារ។
ដូចច្នេះ គិតជាមធ្យម ភាគីជនរងគ្រោះបាន ចំណាយអស់ ជាង៣០០០ ដុល្លារ ហើយមកទទួល យកលុយត្រឹម ២០០០ ដុល្លារខាងលើនេះ តើវាសាកសម ដែរឫទេ? យោងតាមប្រភព ព័ត៌មានដដែល ពីសាលាដំបូងខេត្ត កណ្តាលបានបន្តថា ភាគីជន រងគ្រោះបាន យកប្លង់ផ្ទះទៅ ដាក់បញ្ចាំ ដើម្បីបានប្រាក់ មកចំណាយផ្សេងៗ សម្រាប់គ្រោះ ថ្នាក់ចរាចរណ៍នេះ។
ប្រភពបានបញ្ជាក់ថា មូលហេតុដែល ភាគីជនរងគ្រោះ យល់ព្រម ទទួលយក នូវចំនួនទឹក ប្រាក់ទាំងនេះ ក៏ព្រោះថា មានការគំរាមកំហែង ពីភាគីក្រុមហ៊ុន  ដែលពួកគេ មានលុយ ចង់ធ្វើអ្វីស្រេច តែក្បាលរបស់ពួកគេ ហើយម្យ៉ាងវិញទៀត ក្រុមហ៊ុននេះ អាងមានក្រុមហ៊ុន ធានារ៉ាប់រង កាំមីកូ នៅពីក្រោយ សម្រាប់ចេញមុខដោះស្រាយ ដូច្នេះហើយ គ្រាន់តែសងលុយ ដល់ជនរងគ្រោះ គឺជាការស្រេច។
តែទោះជាយ៉ាងណា ម្ចាស់ក្រុមហ៊ុន រថយន្តកុងតឺន័រ មួយនេះ មិនទាន់បាន សេចក្តីសុខ នៅឡើយទេ បើទោះបីខ្លួនបាន ចំណាយលុយអស់ចំនួន ២០០០ ដុល្លារ សងថ្លៃជីវិត មនុស្សម្នាក់នោះក៏ដោយ ពីព្រោះថា បើតាម មន្រ្តីតុលាការ មួយរូប បានឲ្យដឹងថា ម្ចាស់ក្រុមហ៊ុន រថយន្តមួយនេះ ត្រូវបានចៅ ក្រមនៃសាលាដំបូង ខេត្តកណ្តាល លោក លឹម សុគន្ថា ចេញលិខិត មួយចុះថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១២ កោះហៅ មកសាកសួរនៅ តុលាការ ជុំវិញករណីនេះ។
យោងតាមលិខិត បានបញ្ជាក់ថា លោក លី គង់ ម្ចាស់រថយន្ត នីសាន់ បង្កហេតុ ពាក់ស្លាកលេខ ភ្នំពេញ 3A-6868 និងជាម្ចាស់ ក្រុមហ៊ុនអ៊ុយនីញ៉ុង ត្រូចចូលមក បង្ហាញខ្លួន នៅសាលា ដំបូងខេត្តកណ្តាល នាថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០១២ វេលាម៉ោង៩ព្រឹក ដើម្បីសាក សួរអំពីករណីគ្រោះ ថ្នាក់ចរាចរណ៍ខាងលើនេះ។
ប្រជាពលរដ្ឋ ជាច្រើននាក់ បានទទូចហើយ ទទូចទៀត ដល់ថ្នាក់ដឹកនាំ ក៏ដូចជា សមត្ថកិច្ចពាក់ព័ន្ធនានា គួរពិនិត្យមើល ការបើកបរ រថយន្ត ខ្នាតធំ ដូចជា រថយន្តកុងតឺន័រ រថយន្តដឹកខ្សាច់ ដឹកដី និងប្រភេទ រថយន្តធំផ្សេងទៀត ពីព្រោះអ្នកបើក ខ្លះមានអាយុក្មេង មិនទាន់មានប័ណ្ណបើកបរ ហើយមិនសូវគោរព ច្បាប់ចរាចរណ៍នោះទេ ដូចជា បើកលឿន បើកព្រហើន បើកជែងគ្នា ជាដើម។ ក៏ព្រោះថា នៅពេលណា ដែលរថយន្តទាំងនេះ បុកមនុស្សស្លាប់ គឺអ្នកបើកបរ ទាំងនោះ តែងតែរត់គេចខ្លួន ហើយខាងភាគី ក្រុមហ៊ុន យកលុយមកបោះ ឲ្យជនរងគ្រោះ មិនថាតិច ឫច្រើន ហើយបោះពាក្យសម្តីថា ចង់ប្តឹងទៅដល់ណា ក៏ប្តឹងទៅ ដែលនេះគឺជារូបភាពដដែលៗ កើតមានឡើង ជាច្រើនករណី។
បើសមត្ថកិច្ចគ្រប់ជាន់ ថ្នាក់គ្រប់ជាន់ថ្នាក់ មិនមានវិធានការណ៍ លើបញ្ហានេះ តទៅទៀតនោះ ច្បាស់ជា ជនមួយក្តាប់តូច ទាំងនេះ រឹតតែបានចិត្ត គឺបុកហើយ ឲ្យលុយ បុកហើយបោះលុយ ជាការបញ្ចប់រឿង ដូចករណីគ្រោះថ្នាក់ ចរាចរណ៍ខាងលើ បើទោះបីជាមិនបាន លុយគ្រប់ចំនួន ដែលខ្លួនចង់បាន ក៏ដោយ ក៏ភាគីជនរងគ្រោះ សុខចិត្តទទួលដែរ ពីព្រោះបើមិន ទទួលខ្លាចថា អត់ថែមទៀតផង។
ប្រជាពលរដ្ឋខ្លះបាន លើកឡើងថា បើជនរងគ្រោះ ប៉ះចំជាប្រពន្ធ ជាឪពុក ជាម្តាយ និងជាសាច់ញាតិ ផ្សេងៗទៀត របស់អ្នកបើកបរ និងម្ចាស់ ក្រុមហ៊ុនទាំងនេះ តើអស់លោក មានអារម្មណ៍ យ៉ាងដូចម្តេច? គួរយកអារម្មណ៍ របស់គេដាក់ ក្នុងអារម្មណ៍ របស់ខ្លួនឯង បន្តិចមកបានទេ តើឈឺចាប់ យ៉ាងណា?
សូមបញ្ជាក់ថា ចៅក្រមស៊ើបសួរ សាលាដំបូងខេត្ដកណ្ដាល លោក លឹម សុគន្ថា កាលពីរសៀលថ្ងៃទី១១ ខែមករា កន្លងទៅ បានសម្រេចឃុំខ្លួន យុវជនម្នាក់ ជាអ្នកបើករថយន្ដ ប្រភេទនីសាន់ ដែលបានបុកប្ដី-ប្រពន្ធ ទើប នឹងរៀបការបាន៣ថ្ងៃ ស្លាប់ និងរងរបួស កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១២ ស្ថិតនៅតាមបណ្ដោយ ផ្លូវជាតិលេខ ៤ ភូមិ បែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដ កណ្ដាល ។
ប្រភពព័ត៌មាន ពីសាលាដំបូង ខេត្តកណ្តាលបាន ឲ្យដឹងថា លោកចៅក្រម លឹម សុគន្ថា នៅរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០១២ កន្លងទៅ ក្រោយពីការ សាកសួរ លោកបានសម្រេច ឃុំខ្លួនបុរសរូបនេះ ដែលមានវ័យ ២៦ឆ្នាំឱ្យ ជាប់ពន្ធនាគារ រង់ចាំការបើក សវនាការ បន្ទាប់ពីរកឃើញថា ជននេះត្រូវ បានចោទប្រកាន់ យោងតាម មាត្រា ៨២ នៃច្បាប់ចរាចរណ៍ ជើងគោក ស្ដីពីការបើកបរ រថយន្ដបណ្ដាល ឱ្យស្លាប់ដល់អ្នកដទៃដោយអចេតនា ។
ប្រភពបានបន្តថា បើសិន តុលាការ រកឃើញទោស កំហុសជននេះពិត ប្រាកដនោះ តាមផ្លូវច្បាប់ ជនសង្ស័យរូបនេះ អាចជាប់ពន្ធនាគារ ពី១ឆ្នាំទៅ៣ឆ្នាំ និងបង់ ប្រាក់ពិន័យពី ២លានរៀល ទៅ៦លានរៀល។ ប្រភពខាងលើ បានបញ្ជាក់ទៀតថា បើទោះ បីជនសង្ស័យខាងលើ ព្យាយាមឆ្លើយបដិ សេធនូវទោសកំហុស របស់ខ្លួន ក៏ដោយ ប៉ុន្ដែ យោងតាមវត្ថុតាង និងការបំភ្លឺនានា ជន សង្ស័យរូបនេះពិតជាបាន ប្រព្រឹត្ដខុសមែន ដូច្នេះ លោកចៅក្រម ក៏សម្រេចដាក់ ពន្ធនាគារជា បណ្ដោះអាសន្ន ដើម្បីរង់ចាំការ បើកសវនា ការជាបន្ដទៀត ។
គួរបញ្ជាក់ថា ស្ដ្រីវ័យក្មេងម្នាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីពួកគេរៀប ការបានបីថ្ងៃ ឌុបគ្នាវិលត្រឡប់ មកផ្ទះជួល ដើម្បីវិលត្រឡប់ចូលទៅ ធ្វើការ វិញ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ១២ និង ១០ នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១២ ស្ថិតនៅតាមបណ្ដោយផ្លូវ ជាតិ លេខ៤ ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គ ស្នួល ខេត្ដកណ្ដាល ។
ប្រភពព័ត៌មាន ពីនគរបាលបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទូច យំ ភេទស្រី អាយុ ២៦ឆ្នាំ មានមុខរបរ ជាកម្មការិនី រោងចក្រ មានស្រុកកំណើតនៅ ភូមិតាឡង់ ឃុំតានាវ ស្រុកឈូក ខេត្ដកំពត ត្រូវរថយន្ដកិនបែក ក្បាលធ្លាយខួរស្លាប់ ភ្លាមៗនៅនឹងកន្លែង ។
រីឯ ប្ដីមានឈ្មោះ អ៊ុក ណុង អាយុ ៣១ ឆ្នាំ ជា អ្នកឌុប រងរបួសស្រាល អ្នកទាំងពីរជិះ ម៉ូតូ មួយគ្រឿង ម៉ាកសេ ១២៥ ពណ៌ខ្មៅ ស៊េរី ២០០៥ ពាក់ស្លាកលេខ កំពត 1 B -0012  បើកបរក្នុងទិសដៅ ពីលិចទៅកើត ចំណែក រថយន្ដដែលបានកិននោះ ប្រភេទនីសាន់ ពាក់ ស្លាកលេខ 3A-6868 ពណ៌ខៀវ បើកច្រាស ទិសគ្នា ដែលគេស្គាល់ថា ជារថយន្ដរបស់ក្រុមហ៊ុន អ៊ុយនីញ៉ុង ។
ប្រភពព័ត៌មាន បានឱ្យដឹងទៀតថា ប្ដី ប្រពន្ធនេះ ទើបតែរៀបការ បានបីថ្ងៃប៉ុណ្ណោះ ហើយពេលឌុប ប្រពន្ធវិលត្រឡប់ទៅផ្ទះជួល វិញ ដើម្បីចូលធ្វើការ រោងចក្រ តែជាអកុលស ត្រូវជួប ឧប្បត្ដិហេតុ គ្រោះថ្នាក់ចរាចរ បណ្ដាល ស្ដ្រីជាប្រពន្ធស្លាប់ ចោលប្ដីជាទីស្រឡាញ់ ចំណែកឯប្ដី រងរបួសស្រាល រីឯម៉ូតូ រងការខូចខាត យ៉ាងច្រើន ៕ source
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS



0 comments:

Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.