លី ម៉ារីណា ត្រូវ​គេ​ផ្ញើ​សារ​ជេរ​ប្រមាថ ធ្វើ​ការ​បក​អាក្រាត​យ៉ាង​ចាស់​ដៃ​ និង​គំរាម​បាញ់​សម្លាប់​

Posted on
  • Tuesday, January 17, 2012
  • by
  • angco.co
  • in
  • Labels: ,

  • ភ្នំពេញៈ តារា​សម្តែង និង​ម៉ូដែល លី ម៉ារីណា បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ កាល​ពី​មុន​នេះ​ពី​ការ​ប្រកាស​លា​ឈប់​ពី​សិល្បៈ​ ហើយ​នាង​នឹង​វេច​បង្វេច​ឡើង​យន្ត​ហោះ​តាម​ស្វាមី​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក​ នៅ​ដើម​ខែ​នេះ។ ប៉ុន្តែ​សម្តី​ចេញ​ពី​មាត់​របស់​តារា​រូប​នេះ​មិន​ទាន់​នឹង​ធ្លាក់​ដល់​ដី​ ផង បែរ​ជា​មាន​ជន​អនាមិក​ម្នាក់​បាន​ផ្ញើ​សារ​មក​កាន់​ ភ្នំពេញ ប៉ុស្តិ៍ ដោយ​បាន​ប្រើ​ពាក្យ​ជេរ​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​មិន​អាច​ទទួល​យក​បាន ហើយ​ថែម​ទាំង​បាន​គំរាម​បាញ់​សម្លាប់​តារា​ម៉ូដែល​រូប​នេះ​ទៀត​ផង។ ទន្ទឹម​នឹង​គ្នា​នេះ​មិន​ទាន់​មាន​ប្រភព​ណាមួយ​អាច​បញ្ជាក់​ថា លី ម៉ារីណា ស្ថិត​នៅ​ទីណា​ឲ្យ​បាន​ប្រាកដ​នោះ​ទេ​។ តែ​បើ​តាម​ប្រភព​មួយ​បាន​បញ្ជាក់​ថា តារា​រូប​នេះ​លាក់​ខ្លួន​នៅ​ទីក្រុង​បាង​កក​ប្រទេស​ថៃ​។
    ទន្ទឹម​នឹង​ការ​បាត់​ខ្លួន​ លី ម៉ារីណា ដោយ​មិន​អាច​បញ្ជាក់​បាន​ថា នាង​ទៅ​រស់​នៅ​សហ​រដ្ឋ​អាមេរិក​តាម​ស្វាមី​មែន ឬ​យ៉ាង​ណា​នោះ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១២ ភ្នំពេញ ប៉ុស្តិ៍ បាន​ទទួល​សារ​ដ៏​មិន​នឹក​ស្មាន​មួយ​ពាក់​ព័ន្ធ​នឹង​តារា​សម្តែង​រូប​ស្រស់​ អ្នក​នាង​លី ម៉ារីណា ដែល​អត្ថ​ន័យ​នៅ​ក្នុង​សារ​នោះ​ជា​ការ​ប្រមាថ​ហែក​កេរ្តិ៍​ខ្មាស និង​ការ​ខឹង​សម្បារ​រហូត​ឈាន​ដល់​ការ​គំរាម​បាញ់​សម្លាប់​តារា​រូប​នេះ​ ទៀត​ផង​។ តើ​ជន​អនា​មិក​នោះ​ជា​អ្នក​ណា? ហេតុ​អ្វី​បាន​ជា​ជេរ​ប្រមាថ និង​មាន​កំហឹង​ចង់​បាញ់​សម្លាប់ លី ម៉ារីណា យ៉ាង​សាហាវ ហាក់​បី​ដូច​ប្រទេស​គ្មាន​ច្បាប់​បែប​នេះ​?
    សារ​ដែល​ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​នោះ ត្រូវ​បាន​សរ​សេរ​ឡើង​ដោយ​ប្រើ​អក្សរ​ឡាតាំង​ប្រកប​ជា​ភាសា​ខ្មែរ​ជាមួយ​នឹង ​ភាសា​អសុរោះ​បំផុត​ដែល​ភ្នំពេញ ប៉ុស្តិ៍​ មិន​អាច​នឹង​យក​មក​ចុះ​ផ្សាយ​ទាំង​ស្រុង​បាន​ទេ ព្រោះ​នឹង​អាច​បណ្តាល​ឲ្យ​ខូច​កិត្តិយស​ កេរ្តិ៍​ឈ្មោះ​ និង​ភាព​ថ្លៃ​ថ្នូរ​យ៉ាង​ធ្ងន់​ធ្ងរ​ចំពោះ​តារា​រូប​នេះ​។
    ក៏ប៉ុន្តែ​ដើម្បី​បញ្ជាក់​ពី​ភាព​ជាក់​ស្តែង​ ភ្នំពេញ ប៉ុស្តិ៍ សូម​លើក​យក​នូវ​ពាក្យ​ពេចន៍​ស្រាល​ៗ​នៅ​ក្បាល​ដំបូង​នៃ​សារ​នោះ សរ​សេរ​ជា​អក្សរ​ឡាតាំង​ដែល​បាន​និយាយ​ថា​៖ «Mi Lymaryna mi Dara thok teap mi zhor ke banh mi sampheng Lymaryna (khna) mi gnaing zit trow kriob kam phleng hoi...»។ សម្តី​ជេរ​ប្រមាថ​នេះ ត្រូវ​បាន​ ភ្នំពេញ ប៉ុស្តិ៍ សរសេរ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖​ «​មី លី ម៉ារីណា មី តារា​ថោក​ទាប មី​ចោរ​គេ​បាញ់ មី សំផឹង លី ម៉ារីណា (ខ្នា) មី ង៉ែង ជិត​ត្រូវ​គ្រាប់​កាំភ្លើង​ហើយ​...​»។ នេះ​គ្រាន់​តែ​ជា​ក្បាល​បន្តិច​នៃ​សារ​នោះ​ប៉ុណ្ណោះ បើ​យើង​យក​មក​ចុះ​ផ្សាយ​ទាំង​ស្រុង​នោះ វា​ពិត​ជា​ការ​ប្រមាថ​ឥត​គណនា​ដែល​មិន​គប្បី​នឹង​ស្តាប់​ឡើយ​។​
    តាម​រយៈ​អត្ថន័យ​ក្នុង​សារ​រៀប​រាប់​ទាំង​កំហឹង​នោះ ត្រូវ​បាន​គេ​ធ្វើ​ការ​វិភាគ​ថា អ្នក​ផ្ញើ​សារ​ម្នាក់​នោះ​ជា​មនុស្ស​ស្រី​ ហើយ​រឿង​រ៉ាវ​នោះ​អាច​បណ្តាល​មក​ពី​ស្នេហា​ត្រី​កោណ ឬ​ក៏​ចំណង​ស្នេហ៍​ប្តី ឬ​សង្សារ​គេ​ ព្រោះ​នៅ​ក្នុង​សារ​នោះ​មាន​បញ្ជាក់​ថា តារា​រូប​នេះ​មាន​ទំនាក់​ទំនង និង​នៅ​ជា​មួយ​បុរស​ម្នាក់​តែ​មិន​បញ្ជាក់​ឈ្មោះ​អស់​រយៈ​ពេល​២​ឆ្នាំ​ហើយ ​។
    គួរ​រំឭក​ថា លី ម៉ារីណា បាន​រៀប​អាពាហ៍​ពិពាហ៍​ជា​លើក​ដំបូង​ជាមួយ​លោក ទិត ថាវ​រិទ្ធ អគ្គ​នាយក​រង​ទូរ​ទស្សន៍​បាយ័ន កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០០៦ តែ​តារា​រូប​នេះ​រួម​រស់​ជាមួយ​គ្នា​បាន​តែ​២៩​ថ្ងៃ​ក៏​បែក​បាក់​គ្នា ហើយ​នាង​ក៏​បាន​រស់​នៅ​ក្នុង​ភាព​ជា​មេម៉ាយ​ក្តៅ​ស្រួយ​អស់​រយៈ​ពេល​៥​ ឆ្នាំ​ ទើប​សម្រេច​ចិត្ត​ភ្ជាប់​ពាក្យ​ជាមួយ​អាណិក​ជន​អាមេរិក​លោក សាត ចាន់​ថន អាយុ​៤០​ឆ្នាំ​កាល​ពី​ឆ្នាំ​២០១០​។
    លី ម៉ារីណា ធ្លាប់​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ ថា នាង និង​គូ​ដណ្តឹង ស្រឡាញ់​គ្នា​ខ្លាំង​ណាស់ ហើយ​គូ​ដណ្តឹង​នាង តែង​ឡើង​ចុះ​ស្រុក​ខ្មែរ​ជា​រៀង​រាល់​ខែ។ ជា​ចុង​ក្រោយ​ដែល​ភ្នំពេញ ប៉ុស្តិ៍ សម្ភាសន៍​ជាមួយ​នាង​កាល​ពី​ដើម​ខែ​មករា​នេះ នាង​ប្រាប់​ថា នាង​នឹង​ត្រូវ​ចេញ​ទៅ​រស់​នៅ​អាមេរិក​ជាមួយ​ស្វាមី ព្រោះ​នាង​ និង​គូ​ដណ្តឹង​ចង់​រស់​នៅ​ជុំ​គ្នា មិន​អាច​អូស​បន្លាយ​ពេល​វេលា​បាន​បន្ត​ទៀត​ទេ​។ ប៉ុន្តែ​នៅ​ពេល​នេះ សារ​អនាមិក​បាន​លើក​យក​រឿង​នេះ​មក​លាត​ត្រដាង​ថា ការណ៍​ដែល​នាង​ភ្ជាប់​ពាក្យ​ជាមួយ​លោក​ សាត ចាន់​ថន នោះ វា​គ្រាន់​តែ​ល្បិច​រៀប​ចំ​ តាម​ពិត​រឿង​នោះ​គ្រាន់​តែ​ជា​ការ​ភ្ជាប់​ពាក្យ និង​ស្នេហា​ក្លែង​ក្លាយ​ប៉ុណ្ណោះ​។
    ក្នុង​សារ​នោះ​បាន​សរ​សេរ​ថា៖ «​mi gnaing yok He: (..) zit 2 year nis mi gnaig sman te ke min deng. A sat chan thoinn kou dang deng mi Sam Pheng aing nao USA nus vear khleng khlay te..​»។ ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា៖«​មី ង៉ែង យក​គាត់...​ជិត​២​ឆ្នាំ​នេះ មី​ង៉ែង​ស្មាន​តែ​គេ​មិន​ដឹង​។ អា សាត ចាន់ថន គូ​ដណ្តឹង មី សំផឹង​អែង នៅ​អាមេរិក​នោះ វា​ក្លែងក្លាយ​ទេ...»។
    ការ​ហ៊ាន​អះអាង​បែប​នេះ ដោយ​សារ​អ្នក​ផ្ញើ​សារ​រូប​នោះ​បាន​បញ្ជាក់​​ថា គេ​មាន​វីដេអូ និង​រូបថត តារា​សម្តែង​ស្រស់​សោភា​ខ្ពស់​ស្រឡះ​រូប​នេះ នៅ​ជាមួយ​នឹង​បុរស​ម្នាក់​នោះ​ទៀត​ផង​។
    ពាក់​ព័ន្ធ​នឹង​ការ​ជេរ​ប្រមាថ​ជា​សាធារណៈ និង​គំរាម​បាញ់​សម្លាប់​នេះ លោក គៀត ច័ន្ទ​ថារិទ្ធ អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការ​នគរ​បាល​ជាតិ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​កាល​ពី​ល្ងាច​ម្សិលមិញ​ព្រោះ​ ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នក​លើក​។
    រីឯ​លោក ខៀវ សុភ័ក្ត អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​ថា ទាក់​ទិន​នឹង​រឿង​នេះ លោក​មិន​ទាន់​បាន​ដឹង​នៅ​ឡើយ ហើយ​ក៏​មិន​ទាន់​បាន​ទទួល​បណ្តឹង​ណា​មួយ​ពី​ជន​រង​គ្រោះ​ដែរ​។
    លោក​មាន​ប្រសាសន៍​ថា៖ «​ការ​ជេរ​ប្រមាថ គំរាម​បាញ់​សម្លាប់​ ជា​រឿង​រំលោភ​ទៅ​លើ​សិទ្ធិ​សេរី​ភាព​យ៉ាង​ខ្លាំង គឺ​មាន​ទោស តែ​សូម​ស្នើ​សុំ​ឲ្យ​ជន​រង​គ្រោះ​ត្រូវ​មាន​ការ​សហ​ការ​ល្អ​ជាមួយ​មន្ត្រី​ សមត្ថ​កិច្ច​ដើម្បី​ដោះ​ស្រាយ​រឿង​នេះ​»។
    ទោះ​បី​ជា​សារ​ដែល​បាន​ផ្ញើ​មក​មាន​ការ​អះអាង​យ៉ាង​ច្បាស់​បែប​នេះ​ក្តី តែ​គេ​នៅ​តែ​មិន​អាច​សន្មត​ថា សារ​ដែល​ជន​អនាមិក​ម្នាក់​នោះ​ផ្ញើ​មក​ជា​ការ​ពិត​១០០​ភាគ​រយ​នោះ​ដែរ ព្រោះ​បើ​សង្កេត​មើល​ទៅ​តាម​ស្ថាន​ភាព កាយ​វិការ​អ្នក​ផ្ញើ​សារ​ម្នាក់​នេះ​ វា​ប្រៀប​បាន​នឹង​លួច​វាយ​គេ​ពី​ក្រោយ​ខ្នង ខណៈ​ដែល លី ម៉ារីណា មាន​វត្ត​មាន​គេ​មិន​ហ៊ាន​ចេញ​មុខ​បក​ស្រាយ តែ​ក្រោយ​ពេល លី ម៉ារីណា បាត់​វត្ត​មាន ទើប​គេ​ហ៊ាន​ផ្ញើ​សារ​ជេរ​ប្រមាថ និង​គំរាម​បាញ់​សម្លាប់​យ៉ាង​អាថ៌​កំបាំង​។
    ម្យ៉ាង​ដោយ​សារ​តែ​លេខ​ទូរ​ស័ព្ទ​ដែល​បាន​ផ្ញើ​មក​នោះ បន្ទាប់​ពី​ផ្ញើ​សារ​ហើយ គេ​ក៏​បាន​បិទ​ទូរស័ព្ទ​មិន​អាច​ទាក់​ទង​បាន​ទេ។ រីឯ​លី ម៉ារីណា វិញ​ក៏​មិន​អាច​ទាក់​ទង​បាន​ដែរ ហើយ​ក៏​គ្មាន​ប្រភព​ណាមួយ​អាច​សុំ​បញ្ជាក់​ថា នាង​ពិត​ជា​បាន​ទៅ​ដល់​អាមេរិក​ដូច​សម្តី​របស់​នាង ឬ​យ៉ាង​ណា​នោះ​ឡើយ​ តែ​បើ​តាម​សារព័ត៌​មាន​ក្នុង​ស្រុក​មួយ​បាន​ចុះ​ផ្សាយ​ថា គេ​បាន​ឃើញ​ ម៉ារីណា នៅ​ប្រទេស​ថៃ​។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.