ការ​ចំណាយ​លើ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​កើន​ឡើង​ខ្លាំង នាំ​មុខ​ដោយ​ស្រាបៀរ

Posted on
  • Tuesday, January 17, 2012
  • by
  • angco.co
  • in
  • Labels: ,

  • 120117_09
    ប៉ាណូ នៃ​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ស្រាបៀរ Tiger នៅ​តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​។ រូបថត ភ្នំពេញ​ ប៉ុស្តិ៍
    ភ្នំពេញៈ ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀរ​នៅ​ឆ្នាំ ២០១១ បាន​កើន​ឡើង​១៦៤​ ភាគ​រយ បើ​ធៀប​នឹង​ឆ្នាំ​២០១០។ នេះ​បើ​តាម​ទិន្នន័យ​សិក្សា​ស្រាវជ្រាវ​របស់​ក្រុម​ហ៊ុន Indochina ​។
    កំណើន​នេះ​បាន​ធ្វើ​ឲ្យ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​កើន​ឡើង​យ៉ាង​លឿន​បំផុត។​
    ក្រុមហ៊ុន​ស្រាបៀរ​បាន​ចំណាយ​ប្រាក់​ជាង​៥​លាន​ដុល្លារ​លើ​ការ​ផ្សាយ ពាណិជ្ជកម្ម​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១១ ច្រើន​ជាង​ការ​ផ្សព្វផ្សាយ​លើ​ផ្នែក​រថយន្ត និង​ផលិត​ផល​អាហារ ជាង​១​លាន​ដុល្លារ។
    អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​បាន​និយាយ​ថា តួ​លេខ​នៃ​ការ​ផ្សព្វផ្សាយ​ស្រាបៀរ​នឹង​បន្ត​កើន​ឡើង​ទៀត​នៅ​ ឆ្នាំ​២០១២​នេះ​។
    កាល​ពី​ ឆ្នាំ​២០១១ ​គេ​ឃើញ​មាន​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​តាម​ទូរទស្សន៍​ធំ​បំផុត​មួយ ចំនួន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​បង្ហាញ យីហោ ​ស្រាបៀរ​របស់​ខ្លួន។
    លោក មាន សាមល ជា​អនុ​ប្រធាន​ផ្នែក​គ្រប់គ្រង​ទីផ្សារ​របស់​ក្រុម​ហ៊ុន Cambodia Brewery Ltd បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា​៖ ​«ស្រាបៀរ​ពិត​ណាស់​បាន​ក្លាយ​ជា​ផ្នែក​សំខាន់​មួយ​ [នៃ​ឧស្សាហកម្ម​ផ្សព្វផ្សាយ​]​។ ការ​ផ្សព្វផ្សាយ​ស្រាបៀរ​គឺ​កំពុង​តែ​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ឡើង​ ៗ​នា​ពេល​ឥឡូវ​នេះ​»។
    ការ​សិក្សា​ស្រាវជ្រាវ​របស់​ក្រុម​ហ៊ុន Indochina បាន​បង្ហាញ​ថា ក្រុម​ហ៊ុន Boon Rawd Trading International Co Ltd របស់​ថៃ ដែល​ជា​ម្ចាស់​ស្រាបៀរ លីអូ និង​ស្រាបៀរ សិង្ហាបៀរ គឺ​ជា​អ្នក​ចំណាយ​ប្រាក់​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀរ​ធំ​បំផុត ក្នុង​ចំនួន​ទឹក​ប្រាក់​ជាង ២​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន។
    ក្រុម​ហ៊ុន Cambodia Brewer បាន​ចំណាយ​ប្រាក់​ប្រហែល​ជា​១,១​លាន​ដុល្លារ​លើ​ការ​ផ្សព្វផ្សាយ ពាណិជ្ជ​កម្ម​សម្រាប់​ស្រាបៀរ អាន់ឆ័រ ស្រាបៀរ ABC  និង​ស្រាបៀរ Tiger កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ Indochina​។
    ស្រាបៀរ លីអូ របស់​ក្រុម​ហ៊ុន Boon Rawd គឺ​ជា​អ្នក​ចំណាយ​ប្រាក់​ធំ​បំផុត​ទី​៩ ​ក្នុង​ចំណោម​ក្រុម​​ហ៊ុននិង​ផលិតផល​ផ្សេង​ៗ​។
    ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ Cellcard បាន​ចំណាយ​ប្រាក់​ចំនួន​២,៧​លាន​ដុល្លារ​លើ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​កាល​ពី​ឆ្នាំ​មុន ដែល​នេះ​បាន​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ក្រុមហ៊ុន​ចំណាយ​ធំ​បំផុត​។
    ក្រុម​ហ៊ុន​ដែល​ទើប​មក​ថ្មី​បំផុត​គឺ​ក្រុមហ៊ុន Khmer Brewery Ltd ​បាន​វាយ​លុកចូល​ក្នុង​ទីផ្សារ​យ៉ាង​​លំបាក​នៅ​ក្នុង​ឆមាស​ទី​២​ នៃ​ឆ្នាំ​២០១១ ​ដែល​បាន​ចំណាយ​ប្រាក់​ប្រហែល ៥១២ ០០០​ដុល្លារ​លើ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​តែ​មួយ​ របស់​ខ្លួន​គឺ ស្រាបៀរ​កម្ពុជា។
    មន្ត្រី​ម្នាក់​ក្នុង​ក្រុមហ៊ុន​នេះ​បាន​ថ្លែង​ថា ​ក្រុម​ហ៊ុន​នឹង​ទំនង​ជា​ចំណាយ​ច្រើន​ជាង​១​លាន​ដុល្លារ​លើ​ការ​ផ្សព្វផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍​ក្នុង​ឆ្នាំ​២០១២​។
    លោក Chris Ngiau ​អ្នក​គ្រប់គ្រង​ផ្នែក​ពាណិជ្ជ​កម្ម​របស់​ក្រុម​ហ៊ុន​Khmer Brewery ​បាន​ថ្លែង​ថា ​ថវិកា​សម្រាប់​ផ្សព្វផ្សាយ​របស់​ ស្រាបៀរ​កម្ពុជា ​នឹង​ច្រើន​ជាង​ក្រុម​ហ៊ុន​ផ្សេង​ទៀត​ក្នុង​ប្រទេស​នៅ​រយៈ​ពេល​២​ទៅ​៣​ ឆ្នាំ​ខាង​មុខ​។  លោក​បាន​ថ្លែង​បន្ត​ថា​៖ «យើង​នឹង​វាយ​លុក​យ៉ាង​ខ្លាំង​ទៅ​ក្នុង​ទីផ្សារ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​ មុខ​»។
    ស្រាបៀរ​អង្គរ បាន​ចំណាយ​ប្រាក់​ប្រហែល ៣១៤ ០០០​ដុល្លារ​លើ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​កាល​ពី​ឆ្នាំ​មុន។
    ក្នុង​ចំនួន​ទឹក​ប្រាក់​ជាង​ ១៧,៦​លាន​ដុល្លារ គិត​ត្រឹម​ខែ​ធ្នូ ២០១១ ការ​ចំណាយ​លើ​ការ​ផ្សព្វផ្សាយ​ស្រា​បៀរ​គឺ​មាន​ចំនួន​ច្រើន​ជាង​ការ​ ផ្សព្វ​ផ្សាយ​ផ្នែក​ទូរគមនាគមន៍​ប្រហែល​៤,៥​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ដដែល​។
    ទិន្នន័យ​បង្ហាញ​ថា ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​ក្នុង​ប្រទេស​កម្ពុជា​គឺជា​ឧស្សាហកម្ម​ មួយ​ដែល​មាន​ចំនួន​ទឹក​ប្រាក់​ជាង​១០០​លាន​ដុល្លារ ក្នុង​២០១១ ដែល​កើន​ឡើង​ ៣៤​ភាគ​រយ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១០។ ​
    ការ​ផ្សព្វផ្សាយ​ស្រាបៀរ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ​កាល​ពី​ឆ្នាំ​២០១០៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.