ភ្នំពេញៈ សមត្ថកិច្ចជាង២០នាក់ នៅព្រឹកម្សិលមិញបានរារាំងប្រជាពលរដ្ឋស្វាយជ្រំជាង ១០០នាក់ ដែលបានដើរក្បួនលើកបដាតវ៉ាសំដៅទៅគេហដ្ឋានលោកនាយករដ្ឋមន្ត្រីនៅរាជធានីភ្នំពេញ មកដាក់លិខិតសុំអន្តរាគមន៍ជាលើកទីបី ដើម្បីសុំតាំងលំនៅលើទីតាំងភូមិចាស់ដដែល។
ពលរដ្ឋស្វាយជ្រំ ខេត្តព្រះវិហារ បានមកតវ៉ានៅភ្នំពេញនេះ បីលើកហើយនៅក្នុងខែមករានេះ ដើម្បីរកកិច្ចអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ឲ្យជួយពួកគាត់បានរស់នៅក្នុងភូមិស្វាយជ្រំវិញ បន្ទាប់ពីអាជ្ញាធរខេត្តប្រើកម្លាំងប្រដាប់អាវុធចម្រុះរុះរើលំនៅគាត់ចាប់តាំងពីថ្ងៃទី៣០ខែធ្នូ ឆ្នាំមុន។
លោក សៅ យ៉ាត តំណាងប្រជាពលរដ្ឋតវ៉ាអះអាងថា សមត្ថកិច្ចប្រមាណ២០នាក់ ដែលខ្លះមានអាវុធផងបានព្យាយាមរារាំងពួកគាត់មិនឲ្យទៅជិតគេហដ្ឋានលោកនាយករដ្ឋមន្ត្រី។ ប៉ុន្តែមិនមានប្រើអំពើហិង្សាដាក់គ្នាទេ។
លោក សៅ យ៉ាត បញ្ជាក់ថា៖ «យើងខំសម្រុកចូលណាស់ដែរ តែមិនអាចស៊ូ និងប៉ូលិសបានទេ។ ប៉ូលិសរុញយើងមកវិញ ព្រោះពលរដ្ឋខ្សោយហើយខ្លះជាស្ត្រីផង»។
លោក អ៊ុន សំអាង ចៅសង្កាត់ចតុមុខ បានថ្លែងថា ក្រុមអ្នកតវ៉ាជាទូទៅមិនអនុញ្ញាតឲ្យចូលទៅកាន់គេហដ្ឋានរបស់ថ្នាក់ដឹកនាំទេ។ លោកថា៖ «គេហដ្ឋានថ្នាក់ដឹកនាំប្រទេស យើងមិនឲ្យអ្នកតវ៉ាទៅនោះទេ។ ហេតុនេះទើបមានការរារាំងពីកម្លាំងសមត្ថកិច្ច ប៉ុន្តែ យើងមានកន្លែងផ្សេងសម្រាប់ឲ្យពួកគាត់ដើម្បីឈរតវ៉ា»។
បន្ទាប់ពីបរាជ័យនៅក្នុងការដើរក្បួនទៅដាក់ញត្តិជូននាយករដ្ឋមន្ត្រី ក្រុមអ្នកតវ៉ាទាំងនោះ ត្រូវសមត្ថកិច្ចប្រមាណ៣០នាក់ គៀងឲ្យទៅតវ៉ានៅមុខវត្តបទុមវតី ជាកន្លែងដែលពួកគាត់ធ្លាប់បានតវ៉ាពីរលើករួចមកហើយវិញ។ ក្រុមអ្នកតវ៉ានាំគ្នាស្រែកទាមទារ ដោយមានលើបដា និងរូបថត លោក ហ៊ុន សែន និងភរិយាលោក។
ស្ត្រីអ្នកតវ៉ាឈ្មោះ ពៅ លី អាយុ៦៧ឆ្នាំ បាននិយាយថា៖ «ពួកខ្ញុំចង់បានអនុសាសន៍ពីសម្តេច ទោះជាអនុសាសន៍នោះយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋជាកូនចៅសុខចិត្តព្រមទទួលយកដែរ»។
ក្រុមប្រជាពលរដ្ឋបានបន្តការតវ៉ាស្ទើរពេញមួយថ្ងៃកាលពីម្សិលមិញ។ ពួកគាត់ថា ការមិនត្រឡប់ទៅវិញ ព្រោះគ្មានជំនឿលើការដោះស្រាយរបស់អាជ្ញាធរខេត្តផង ហើយខ្លាចត្រូវគេចាប់ខ្លួនផង។
នៅរសៀលថ្ងៃដដែល លោក ម៉ៅ ពៅ ស្នងការនគរបាលខេត្តព្រះវិហារ បានថ្លែងចំពោះមុខពលរដ្ឋអ្នកតវ៉ាថា គ្មានអ្នកណាហ៊ានចាប់ឬបាញ់ប្រជាពលរដ្ឋឯងនោះទេ ហើយបើមានករណីនោះមែនសូមឲ្យទូរស័ព្ទទៅប្រាប់លោក។ លោកស្នងការបានអំពាវនាវឲ្យពលរដ្ឋអ្នកតវ៉ាវិលទៅខេត្តព្រះវិហារវិញ ដោយលោកធានាចំណាយថ្លៃធ្វើដំណើរជូន។
លោកអះអាងថា៖ «គ្មានអ្នកណារំលោភច្បាប់បានទេ។ គ្មានអ្នកណាចាប់ឬបាញ់ប្រជាពលរដ្ឋឯងនោះទេ»។
កាលពីម្សិលមិញនេះដែរលោក គង់ ចំរើន មន្ត្រីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ក៏បានទទួលយកញត្តិរបស់ប្រជាពលរដ្ឋសាជាថ្មីទៀត តែមិនបានសន្យាអ្វីទេ។
តាមក្រុមអ្នកតវ៉ាថា អាជ្ញាធរខេត្តព្រះវិហារគ្រោងនឹងមកជួបពួកគាត់ នៅទីក្រុងភ្នំពេញ។
ទោះជាយ៉ាងណា លោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ មិនអត្ថាធិប្បាយបញ្ហានេះទេ ដោយគ្រាន់តែថ្លែងថា៖ «កន្លងមកការដោះស្រាយជាមួយប្រជាពលរដ្ឋស្វាយជ្រំ២៥៣គ្រួសារ មានភាពល្អណាស់»។
ព្រះមហាក្សត្រ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ពីថ្ងៃទី១២ មករា ទ្រង់បានឡាយព្រះហស្ថលេខាលើលិខិតផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យឯកសារដែលប្រជាពលរដ្ឋស្វាយជ្រំ បានដាក់ថ្វាយព្រះអង្គ កាលពីខែធ្នូឆ្នាំមុនផងដែរ៕
ដកស្រង់ពី postkhmer
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.