ស្គុប​ពី​តែម​ក្លិប​បាល់​ទាត់​ហាក់​មិន​ពេញ​និយម​

Posted on
  • Thursday, January 19, 2012
  • by
  • angco.co
  • in
  • Labels:

  • 120119_22a
    ភ្នំពេញ : ក្លិប​បាល់​ទាត់ ដ៏​ល្បី​ល្បាញ​ចំនួន​ពីរ​នៅ​អង់គ្លេស​គឺ​ក្លិប​បិសាច​ក្រហម (Manchester United)  និង ក្លិប​ហង្ស​ក្រហម (Liverpool) ត្រូវ​បាន​ក្រុម​ហ៊ុន​ផលិត​ម៉ូតូ​ហុងដា​ម៉ាកស្គុប​ពី បាន​យក​យីហោ​ឈ្មោះ​ក្លិប​ទាំង​ពីរ​មក​ដាក់​ជា​និមិត្ត​សញ្ញា។ ដោយ​ឡែក​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ​មាន​ការ​និយម​ប្រើ​ប្រាស់​វា​មួយ​ចំនួន​ដែរ ពី​សំណាក់​យុវវ័យ។
    លោក វួច ឡាយ ម្ចាស់​ស្តង់​ម៉ូតូ វួច​ឡាយ​ បាន​កត់​សម្គាល់​ថា ​ម៉ូតូ​ហុងដា​ស្គុប​ពី​ដែល​ប្រើ​និមិត្ត​សញ្ញា​ឈ្មោះ​ក្លិប​បាល់​ទាត់​ទាំង​ ពីរ​ខាង​លើ បាន​នាំ​មក​លក់​នៅ​រាជធានី​ភ្នំពេញ​ក្នុង​អំឡុង​ខែ​សីហា ឆ្នាំ​២០១១។
    លោក​បាន​បន្ត​ថា៖ «ម៉ូតូ​ដែល​មាន​ការ​រចនា​ឈ្មោះ​ក្លិប​បាល់​ទាត់​ទាំង​ពីរ​ខាង​លើ​នេះ​មាន​ លក់​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​យើង​ក៏​នាំ​មក​លក់​នៅ​កម្ពុជា​តាម​ច្រក​ព្រំដែន​មួយ​ចំនួន​តែ​ម្តង​ទៅ​ »។
    លោក វួច ឡាយ បាន​នាំ​ម៉ូតូ​ប្រភេទ​នោះ​មក​លក់​នៅ​ប្រទស​កម្ពុជា​ក្នុង​តម្លៃ ២៣៥០​ដុល្លារ​ក្នុង​មួយ​គ្រឿង តែ​លោក​ក៏​បាន​កត់​សម្គាល់​ដែរ​ថា អតិថិជន​មួយ​ចំនួន​មិន​ទំនង​ជា​ពេញ​ចិត្ត​លើ​ការ​រចនា​ក្លិប​បាល់ទាត់​លើ ម៉ូតូ​នោះ​ឡើយ។
    លោក វួច ឡាយ បាន​លើក​ឡើង​ថា៖ «បើ​ប្រៀប​ធៀប​ទៅ​នឹង​ម៉ូតូ​ហុងដា​ស្គុប​ពី​ធម្មតា​នោះ ម៉ូតូ​រូប​ក្លិប​បាល់​ទាត់​មាន​តែ​ប្រុសៗ​វ័យ​ក្រោម​៣០​ឆ្នាំ​ទេ ដែល​មក​រក​ទិញ​វា។ បច្ចប្បន្ន​នេះ​យើង​ឈប់​នាំ​វា​ចូល​មក​លក់​ទៀត​ ហើយ​ព្រោះ​មិន​សូវ​មាន​អ្នក​សួរ​រក​ទិញ​វា​»។
    ចំណែក​អ្នក​នាង ប្រាក់ បូរិរ៉ា អ្នក​គ្រប់គ្រង​ផ្នែក​ទីផ្សារ​របស់​ក្រុម​ហ៊ុន​នាំ​ចូល​ម៉ូតូ​ហុងដា​មក កម្ពុជា បាន​និយាយ​ថា ​ម៉ូតូ​ហុងដា​ស្គុប​ពី បាន​រចនា​ម៉ាក​របស់​ម៉ូតូ​នោះ​ចំនួន ៥ ឬ ៦ ប្រភេទ​ផ្សេងៗ​គ្នា​នៅ​ក្នុង​ប្រទេ​ស​ថៃ តែ​ក្រុមហ៊ុន​អ្នក​នាង បាន​នាំ​ចូល​តែ​ផលិត​ផល​មួយ​ប្រភេទ​ប៉ុណ្ណោះ​គឺ​ម៉ាក «Honda Scoopy I Prestige» នៅ​កម្ពុជា។ ដូច្នេះ​ក្រុម​របស់​អ្នក​នាង​មិន​បាន​នាំ​ចូល​នូវ​ម៉ូតូ​ដែល​មាន​យីហោ​ក្លិប ​បាល់​របស់​អង់​គ្លេស​ទាំង​នោះ​មក​លក់​នៅ​ប្រទេស​កម្ពុជា​ឡើយ។ អ្នក​នាង ប្រាក់ បូរិរ៉ា បាន​បញ្ជាក់​ថា៖ «មួយ​រយៈ​នេះ​ក្រុម​ហ៊ុន​បាន​ផ្អាក​នាំ​ចូល​នូវ​ម៉ូតូ​ប្រភេទ​ហុងដា​ស្គុប​ ពី​នេះ​ច្រើន​ហើយ​ព្រោះ​ថា រោង​ចក្រ​ផលិត​នៅ​ក្នុង​ប្រទេស​ថៃ​វា​កំពុង​តែ​លិច​លង់​ដោយ​ទឹក​ជំនន់»៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.