
បន្ទប់ទិញលក់ភាគហ៊ុនរបស់ CSX។ ជីវ័ន
ភ្នំពេញៈ យោងតាមកាសែតភ្នំពេញ ប៉ុស្តិ៍បានឲ្យដឹងថា៖ ផ្សារមូលបត្រកម្ពុជា នឹងចាប់ផ្តើមការជួញដូរនៅក្នុងខែមីនា ឬ មេសាខាងមុខនេះ។ នេះបើតាមមន្ត្រីផ្សារមូលបត្រកូរ៉េ ដែលជាដៃគូវិនិយោគរបស់ផ្សារមូលបត្រកម្ពុជា។
លោក Pat Gil-Soo អគ្គនាយករងជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មនៃផ្សារមូលបត្រ កូរ៉េខាងត្បូង បានឲ្យដឹងកាលពីម្សិលមិញ តាមអ៊ីមែលថា ការរៀបចំចុងក្រោយសម្រាប់ការបោះផ្សាយមូលបត្រលក់ជាលើកដំបូង (IPO) របស់ផ្សារមូលបត្រកម្ពុជាគួរតែបញ្ចប់នៅពេលនោះ។
លោកបានលើកឡើងថា៖ «ខ្ញុំសង្ឃឹមថានឹងមកទស្សនកិច្ចទីក្រុងភ្នំពេញម្តងទៀត នៅចុងខែមីនា ឬដើមខែមេសា ដើម្បីបើកពិធីសម្ពោធនោះ»។
បើទោះយ៉ាងនេះក្តី លោកបានឲ្យដឹងថា ការសម្រេចនោះ ធ្វើឡើងដោយផ្អែកលើរដ្ឋាភិបាលកម្ពុជា ដូច្នេះលោកមិនអាចបញ្ជាក់ពីពេលវេលាជាក់លាក់ឡើយ។
ផ្សារមូលបត្រកូរ៉េខាងត្បូង និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបណ្តាក់ទុនរួមគ្នា ដើម្បីបង្កើតផ្សារមូលបត្រកម្ពុជា ដោយកម្ពុជាមានភាគហ៊ុន ៥៥ភាគរយ ហើយភាគីកូរ៉េ មានភាគហ៊ុន ៤៥ភាគរយ។ ផ្សារមូលបត្រនេះ ត្រូវបានពន្យារពេល២ដង មុនពេលបើកដំណើរការជាផ្លូវការកាលពីខែកក្កដា ឆ្នាំមុន។
លោក គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យដឹងកាលពីសប្តាហ៍មុនថា ផ្សារមូលបត្រកម្ពុជា ត្រៀមខ្លួនជាស្រេចដើម្បីការជួញដូរ បើគិតពីបច្ចេកទេសដោយសារក្រុមហ៊ុនមូលបត្រទាំងអស់ ក៏ដូចជាភ្នាក់ងារទូទាត់សាច់ប្រាក់ បានតភ្ជាប់ទៅនឹងប្រព័ន្ធកុំព្យូទ័រផ្សារហ៊ុនរួចរាល់ហើយ។ លោកក៏មិនបានបញ្ជាក់អំពីកាលបរិច្ឆេទនៃការចាប់ផ្តើមធ្វើ ពាណិជ្ជកម្មនៅឡើយទេ។
លោក Han Kyung-tae នាយកគ្រប់គ្រងក្រុមហ៊ុនមូលបត្រ តុងយ៉ាងស៊ីឃ្យូរីធី ដែលជាក្រុមហ៊ុនធានាទិញមូលបត្រឲ្យរដ្ឋាករទឹកភ្នំពេញ បានព្យាករថា ការជួញដូរនឹងចាប់ផ្តើមនៅត្រីមាសទីមួយ។ លោកថ្លែងថា៖ «យើងកំពុងបោះជំហានទៅរក IPO សម្រាប់ PPWS យើងជិតឈានដល់ការបញ្ចប់ហើយ»៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.