
ផ្ទាំងសូឡា ដែលគេដាក់ប្រើនៅតាមផ្ទះមួយចំនួននៅរាជធានីភ្នំពេញ។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ ការដំឡើងផ្ទាំងថាមពលពន្លឺព្រះអាទិត្យ (ផ្ទាំងសូឡា) ប្រភេទលំនៅដ្ឋានសម្រាប់ប្រជាជននៅតំបន់ដាច់ស្រយាលក្នុងខេត្ត ចំនួន៧ ជិតរួចរាល់ហើយ។ នេះយោងបើតាមការអះអាងពីមន្ត្រីអគ្គិសនី។
លោក យាង តាល់ ប្រធានរដ្ឋបាលនៃមូលនិធិអគ្គិសនីភាវូនីយកម្មជនបទបានឲ្យដឹង ថា ការដំឡើងផ្ទាំងសូឡានេះមានចំនួន ១២ ០០០ផ្ទាំង ដែលមកដល់ពេលនេះដំឡើងបានជិត១ម៉ឺនផ្ទាំងហើយក្នុងរយៈពីរខែ។ លោកបន្តថា ការដំឡើងនឹងបញ្ចប់នៅថ្ងៃទី៣១ មករា។
លោកបន្តថា៖ «ដោយសារតែថវិកា និង ផ្ទាំងសូឡាមានកំណត់ យើងអនុវត្តបានតែតំបន់ដាច់ស្រយាលនៃខេត្ត៧ប៉ុណ្ណោះក្នុងដំណាក់ កាលដំបូងនេះ។ យើងនៅបន្តអនុវត្តគម្រោងនេះ ហើយយើងកំពុងរកប្រភពជំនួយ»។
លោកបន្ថែមថា ផ្ទាំងសូឡាមានពីរប្រភេទគឺ៥០វ៉ាត់ និង៣០វ៉ាត់ ដែលមានតម្លៃ៣៣០ដុល្លារ និង ២៦០ដុល្លារក្នុងមួយគ្រឿង។ ប៉ុន្តែតម្លៃនេះត្រូវបានរដ្ឋាភិបាលចេញប្រាក់បដិភាគ១០០ដុល្លារ ក្នុងមួយគ្រឿង ដូច្នេះប្រជាពលរដ្ឋចំណាយតែ២៣០ទៅ១៦០ដុល្លារប៉ុណ្ណោះក្នុង មួយគ្រឿង។
ខេត្តទំាង៧នោះ រួមមាន ខេត្តរតនគិរី មណ្ឌលគិរី ព្រះវិហារ ពោធិ៍សាត់ កំពង់ធំ កំពង់ស្ពឺ និង ខេត្តសៀមរាប។
ប្រជាពលរដ្ឋត្រូវបង់រំលស់ក្នុងរយៈពេល៤ឆ្នាំ ដោយពួកគេត្រូវបង់ជិត៥ដុល្លារ និងជាង៣ដុល្លារក្នុងមួយខែ។ លោក យាង តាល់ ថ្លែងថា៖ «យើងមិនអាចឲ្យគាត់បង់លុយមកវិញច្រើនជាងនេះទេ វានឹងប៉ះពាល់គ្រួសារគាត់»។
គម្រោងមូលនិធិអគ្គិសនីភាវូនីយកម្មជនបទផ្តោតសំខាន់ទៅតំបន់ ដែលគ្មានបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដូចជាប្រជាជននៅតំបន់ព្រៃភ្នំដាច់ស្រយាល ដើម្បីអនុវត្តការងាររដ្ឋាភិបាលដែលកំណត់ថាគ្រប់ក្រុមគ្រួសារ ទាំងអស់មានអគ្គិសនីប្រើប្រាស់នៅត្រឹមឆ្នាំ២០៣០។
គម្រោងនេះទទួលបានកម្ចីពីធនាគារពិភពលោកជិត៤លានដុល្លារ។
លោក ប៊ុន វាសនា មន្ត្រីប្រតិបត្តិជាន់ខ្ពស់របស់ធនាគារពិភពលោក បានប្រាប់ភ្នំពេញប៉ុស្តិ៍តាមអ៊ីមែលថា ផ្ទាំងសូឡានេះ ផ្តល់នូវថាមពលស្អាត និងការបង្គ្រប់សេវាអគ្គិសនីនៅតាមគ្រួសារជនបទ ដោយមិនចាំបាច់តភ្ជាប់ខ្សែអគ្គិសនី[ពីអគ្គិសនីកម្ពុជា ឬ មូលនិធិអគ្គិសនីភាវូនីយកម្មជនបទ] ឡើយ។
លោក ថេង ម៉ារិទ្ធ ប្រធាននាយកដ្ឋាន សេវាកម្មផលិត បញ្ជូន និងបញ្ជូនរង នៃអាជ្ញាធរអគ្គិសនីកម្ពុជា បានឲ្យដឹងកាលពីខែធ្នូ ឆ្នាំមុនថា មកដល់ពេលនេះការផ្គត់ផ្គង់អគ្គិសនី គ្របដណ្តប់បាន ៤៣,៦៤ភាគរយ នៃភូមិនៅទូទាំងប្រទេស គឺស្មើ ៦ ០៨២ភូមិ និង ១៨,៨២ភាគរយទៀត គឺស្មើនឹង ១ ៦២៣ភូមិ ស្ថិតនៅក្រោមអាជ្ញាប័ណ្ណចែកចាយតែមិនទាន់ទៅដល់។
ក្រុមហ៊ុនចិន Sunlabob ដែលមានការិយាល័យនៅប្រទេសឡាវ ជាអ្នកទទួលបានការផ្គត់ផ្គង់ផ្ទាំងសូឡានេះដើម្បីអនុវត្តគម្រោង ទ្រង់ទ្រាយធំមិនធ្លាប់មាននៅប្រទេសកម្ពុជា។
លោក Andy schroeter អគ្គនាយកក្រុមហ៊ុន Sunlabob បានឲ្យដឹងថា បើធៀបនឹងប្រទេសជិតខាង ថាមពលពន្លឺព្រះអាទិត្យរបស់កម្ពុជាមានទំហំធំ ខណៈឡាវមានថាមពលវារីអគ្គិសនី និងវៀតណាម មានថាមពលខ្យល់។
លោកបន្តថា ដូច្នេះ ថាមពលព្រះអាទិត្យជាសក្តានុពលរបស់ប្រទេសកម្ពុជា។
លោកបន្តថា ក្រុមហ៊ុន Sunlabob កំពុងចរចាជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីបន្តអភិវឌ្ឍថាមពលពន្លឺ ព្រះអាទិត្យក្រៅពីការដំឡើងនៅតាមផ្ទះ ដែលក្នុងនោះអាចនឹងប្រើប្រាស់ជាប្រព័ន្ធមជ្ឈការនៅតាមតំបន់ ដាច់ស្រយាល ដែលធ្វើឲ្យគ្រួសារអាចមានលទ្ធភាពភ្ជាប់បណ្តាញនេះបាន និងការបង្កើតរោងចក្រថាមពលព្រះអាទិត្យដែលអាចឲ្យក្រុមហ៊ុន លក់អគ្គិសនីទៅឲ្យអគ្គិសនីកម្ពុជាផងដែរ។
លោក អែម វណ្ឋា អាយុ ៤៥ ឆ្នាំ អ្នកភូមិសំរោង ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា លោកបានប្រើប្រាស់ឧបករណ៍ថាមពលនេះជាងមួយខែមកហើយ។ លោកបន្តថា វាមានភាពងាយស្រួល និងចំណេញបានច្រើន។ លោកបន្តថា៖ «ខ្ញុំគិតថា ខ្ញុំត្រូវបង់ប្រមាណ៧០០ ទៅ ៨០០រៀលក្នុងមួយថ្ងៃ តម្លៃនេះអាចទៅរួចក្នុងរយៈពេលបួនឆ្នាំ។ ខ្ញុំធ្លាប់ប្រើអាគុយរាប់មិនអស់ អស់លុយច្រើន ហើយត្រូវបញ្ចូលញឹកញាប់ទៀតផង»៕ ប្រភព
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.