
អគារផ្ទះល្វែងនៅរាជធានីភ្នំពេញ ដែលផ្ទះទាំងនេះសុទ្ធតែត្រូវបង់ពន្ធ ប៉ុន្តែក្រសួងបានលើកលែងនៅសង្កាត់មួយចំនួនសម្រាប់ ២០១១។
ភ្នំពេញៈ រដ្ឋាភិបាលបានលើកលែងពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០១១ ក្នុងសង្កាត់ចំនួន២០ នៅរាជធានីភ្នំពេញ ខណៈដែលការប្រមូលពន្ធលើវិស័យនេះត្រូវបានបញ្ចប់ទៅហើយនោះ។ នេះបើសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច ដែលភ្នំពេញ ប៉ុស្តិ៍ទទួលបានកាលពីថ្ងៃអង្គារ។
សេចក្តីប្រកាសដដែលបានឲ្យដឹងថា សង្កាត់ទាំង២០នោះមាន សង្កាត់ព្រែកព្នៅ សង្កាត់សំរោង និងសង្កាត់ពញាពន នៅក្នុងខណ្ឌ សែនសុខ ហើយនៅខណ្ឌដង្កោមានសង្កាត់ចំនួន១១ គឺសង្កាត់ស្នោរ សង្កាត់ឪឡោក សង្កាត់បឹងធំ សង្កាត់កំបូល សង្កាត់កន្ទោក សង្កាត់គងនយ សង្កាត់ទៀន សង្កាត់រលួស សង្កាត់ស្ពានថ្ម និងសង្កាត់ព្រែកកំពឹស។
នៅខណ្ឌមានជ័យ មានសង្កាត់វាលស្បូវ សង្កាត់ព្រែកឯង សង្កាត់ក្បាលកោះ និងសង្កាត់ព្រែកថ្មី និងចុងក្រោយ ខណ្ឌឬស្សីកែវ ដែលមានសង្កាត់២ គឺសង្កាត់បាក់ខែង និង សង្កាត់កោះដាច់។
ខ្លឹមសារនៃសេចក្តីសម្រេចនេះបានបញ្ជាក់ថា ក្នុងករណីម្ចាស់អចលនទ្រព្យក្នុងសង្កាត់ទាំង នេះបានបង់ពន្ធរួចរាល់ទឹកប្រាក់នេះ ត្រូវបង្វិលសងវិញ ឬធ្វើជាឥណទានសម្រាប់យកទៅបង់ពន្ធនៅឆ្នាំបន្តបន្ទាប់។
លោក សឹង ប៊ុណ្ណា ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុជាតិកម្ពុជាមានប្រសាសន៍ថា ការលើកលែងលើពន្ធអចលនទ្រព្យសម្រាប់ឆ្នាំ២០១១ ក្នុងសង្កាត់ទាំងនេះបណ្តាលមកពីសង្កាត់ដែលស្ថិតនៅខណ្ឌទាំង នោះទើបតែត្រូវបានរដ្ឋាភិបាលកាត់ពី ខេត្តកណ្តាល បញ្ចូលនៅក្នុងរាជធានីភ្នំពេញ ប្រការនេះធ្វើឲ្យមានការប្រទាញប្រទង់ក្នុងការផ្ទេរឯកសារផ្សេង ៗ។
លោកបានបន្តថា បើទោះបីជាប្រជាពលរដ្ឋធ្វើការបង់ពន្ធរួចហើយក្តីក៏មិនមានផល ប៉ះពាល់អ្វីដែរ។ លោកបញ្ជាក់ថា៖ «គាត់អាចយកវា[ការបង់ពន្ធ]ទៅកាត់កងនៅឆ្នាំក្រោយបាន។ ចំណែកការបង្វិលគឺមានតែការបង្វិលឯកសារទេ ព្រោះការបង្វិលលុយមានភាពរញ៉េរញ៉ៃស្មុគស្មាញ ដូច្នេះការផ្ទេរសម្រាប់ឆ្នាំ២០១២ ទើបជាការប្រសើរ»។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.