កន្លែង​ក្មេង​លេង ដែល​អាច​ឲ្យ​ឪពុក​ម្ដាយ​អស់​កង្វល់​នឹង​សុវត្ថិភាព​កូនៗ​

Posted on
  • Friday, January 27, 2012
  • by
  • angco.co
  • in
  • Labels:

  • 120127_19a
    កន្លែង​ក្មេង​លេង Monkey Business ដែល​ស្ថិត​នៅ​ផ្សារ​ទំនើប​ផារ៉ាហ្កន​ រាជធានី​ភ្នំពេញ​ ​​។ រូបថត ទូច យិនវណ្ណនិត
    ភ្នំពេញ :  Monkey Business ​ជា​កន្លែង​កម្សាន្ត​ដ៏​មាន​សុវត្ថិភាព និង​មាន​អនាម័យ​ល្អ​។ នេះ​ជា​ដំណឹង​ល្អ​សម្រាប់​មាតា​បិតា​ដែល​នឿយហត់​ពីការងារ​ ហើយ​នៅ​តែ​ចង់​នាំ​កូនៗ​របស់​ខ្លួន​ទៅ​រត់​លេង​កម្សាន្ត​បង្កើន​ ប្រាជ្ញា និង​សុខភាព។ ប្រសិន​បើ​អ្នក​ខ្ជិល​រត់​ដេញ​ចាប់​កូន ពេល​ពួក​គេ​កំពុង​តែ​រត់​លេង​នោះ សូម​សាក​នាំ​ពួក​គេ​ទៅ ស្ថិត​នៅ​ជាន់​ទី​២ នៃ​ផ្សារ​ផារ៉ាហ្គន Monkey Business ខុស​ពី​កន្លែង​ក្មេង​លេង​ដទៃ​ទៀត ដោយ​សារ​វា​មាន​ល្បែង​កម្សាន្ត​បែប​ប្រព័ន្ធ​អេឡិច​ត្រូនិក​។
    លោក ហ្ស៊ីន ហ្វីលីប បូហ្ស៊ីន (Jean Philippe Beaujean) ជា​អ្នក​ចាត់​ការ​ទូទៅ​នៅ​ទី​នោះ​បាន​ឲ្យ​ដឹង​ថា កន្លែង​កម្សាន្ត​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ប្រមាណ​ជា​កន្លះ​ឆ្នាំ​មុន បន្ទាប់​ពី​អាជីវកម្ម​នេះ​ជោគជ័យ​នៅ​ប្រទេស​សិង្ហបុរី។
    លោក​បាន​និយាយ​ថា៖ «តាម​ការ​ពិត យើង​ចង់​ផ្ដល់​ឱកាស​ឲ្យ​កុមារ​នៅ​កម្ពុជា​អាច​រត់​លេង​ធ្វើ​ចលនា​រាង​កាយ​»។
    លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «ការ​រចនា​កន្លែង​កម្សាន្ត និង​ការ​ផលិត​ឧបករណ៍​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​អូស្ត្រាលី តាម​រយៈ​ក្រុមហ៊ុន PLAYTEC។ កន្លែង​កម្សាន្ត​នេះ​ក៏​មាន​បំពាក់​នូវ​ឧបករណ៍​លាង​​សម្អាត​ដោយ​ស្វ័យ ប្រវត្តិ ដែល​អាច​កម្ចាត់​មេរោគ​បាន​៩៩​ភាគរយ​»។
    នៅ​ពេល​ចូល​ទៅ​ដល់​កន្លែង​កម្សាន្ត Monkey Business ភ្ញៀវ​ទាំង​អស់​តម្រូវ​ឲ្យ​ពាក់​ស្រោម​ជើង​ ដើម្បី​ធានា​សុវត្ថិភាព និង​អនាម័យ​ដល់​កុមារ។​ ប្រសិន​បើ​អ្នក​ភ្លេច​យក​ស្រោម​ជើង​តាម​ខ្លួន អ្នក​ក៏​អាច​រក​ជាវ​​វា​បាន​នៅ​តុ​អ្នក​ទទួល​ភ្ញៀវ​ក្បែរ​នោះ​ដែរ។
    ឪពុក​ម្ដាយ​ដែល​នាំ​កូនៗ​របស់​ខ្លួន​ទៅ​លេង​នៅ​ទីនោះ​ក៏​អាច​អង្គុយ​សម្រាក ឬ​រីករាយ​នឹង​ដើរ​ផ្សារ ញ៉ាំ​អាហារ​ផ្សេងៗ​ដោយ​ឥត​ព្រួយ​បារម្ភ ដោយសារ​ Monkey Business មាន​បុគ្គលិក​ប្រចាំ​ការ​មើល​ក្មេងៗ​ ខណៈ​ពួកគេ​កំពុង​លេង។
    ឪពុក​ម្ដាយ​អាច​អង្គុយ​ឆែក​អ៊ីនធឺណិត​នៅ​ក្នុង​ហាង​កាហ្វេ​ដែល​ផ្ដល់​ប្រព័ន្ធ wifi ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ។
    អ្នក​ចាត់​ការ​ទូទៅ​រូប​នេះ​បាន​បញ្ជាក់​ផង​ដែរ​ថា៖ «ជា​រៀង​រាល់​ថ្ងៃ មុន​ម៉ោង​១០​ព្រឹក មាតាបិតា ដែល​នាំ​កូន​មក​លេង​នៅ​ទីនោះ​ ក៏​អាច​ទទួល​បាន​នូវ​កាសែត និង​កាហ្វេ​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ»។
    លោក ហ្វីលីប បូហ្ស៊ីន បាន​និយាយ​ទៀត​ថា៖ «ហាង​កាហ្វេ​របស់​យើង​មាន​ជម្រើស​មុខ​ម្ហូប និង​អាហារ​សម្រន់​ជា​ច្រើន ចម្អិន​ដោយ​ចុងភៅ​ដ៏​ល្បី​របស់​យើង។ យើង​ក៏​មាន​ផ្ដល់​ទស្សនាវដ្ដី ប្រព័ន្ធ wifi ​ទូរទស្សន៍​ខ្សែកាប និង​សេវាកម្ម​ម៉ាស្សា​នៅ​ទីនេះ​ផង​ដែរ»។
    នៅ​កន្លែង​កម្សាន្ត​មាន​បែង​ចែក​ជា​៣​តំបន់​គឺ សម្រាប់​ទារក​ ក្មេង​ចាប់​ពី​១​ឆ្នាំ​ដល់​៣​ឆ្នាំ និង​កុមារ​​អាយុលើស​ពី​៣​ឆ្នាំ​។
    កន្លែង​កម្សាន្ត​ Monkey Business អាច​ទទួល​ក្មេង​ឲ្យ​ចូល​លេង​បាន​ម្តង​រហូត​ដល់​១៤០​នាក់ ហើយ​ជា​ទូទៅ​ក្នុង​មួយ​ថ្ងៃ​មាន​កុមារ​ពី​៨០​ទៅ​១០០​នាក់​សម្រាប់​ថ្ងៃ​​ ចុង​សប្ដាហ៍ និង​ពី​១០​ទៅ​៥០​នាក់​សម្រាប់​ថ្ងៃ​ធ្វើ​ការ។
    ទារក​វ័យ​ក្រោម​១​ឆ្នាំ​អាច​ចូល​លេង​ដោយ​ឥត​គិត​ថ្លៃ ខណៈ​ដែល​ក្មេង​អាយុ​ក្រោម​២​ឆ្នាំ​មាន​តម្លៃ​សំបុត្រ​៣​ដុល្លារ និង​ចាប់​ពី​២​ឆ្នាំ​ឡើង​ទៅ​៦​ដុល្លារ។ Monkey Business ចាប់​បើក​ពី​ម៉ោង ៩ព្រឹក​ដល់​៨​យប់ នៅ​ផ្សារ​ផារ៉ាហ្គន ខាង​ត្បូង​វិទ្យាល័យ​ចតុមុខ។
    សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទៅ​កាន់​គេហទំព័រ  www.monkeybusinesskh.com ឬ​ទូរស័ព្ទ​លេខ ០២៣ ៣១៩ ៣១៩៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.