
ខេត្តព្រះវិហារ ៖ នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៦ មករា គ្រោះថ្នាក់ដែលនឹកស្មានមិនដល់មួយបានឆក់ជីវិតលោកវរសេនីយ៍ទោ លាង ប៊ុនឃាង ជាមេបញ្ជាការរងនៃវរសេនាតូចប៉ូលិសការពារព្រំដែនគោកលេខ៧៩៣ ប្រចាំការតាមព្រំដែនភ្នំដងរែក ក្នុងតំបន់ច្រកអានសេះ ដោយសារតែការផ្ទុះមីន។
ការពលីជីវិតរបស់លោកនេះ បានធ្វើឱ្យមានការសោកស្តាយបំផុតពីសំណាក់មន្ត្រីកងកម្លាំង និងនាយនគរបាល ពលនគរបាលទាំងអស់ដោយសារតែលោកបានប្រឈមមុខក្នុងការលះបង់ជីវិតជាយថាហេតុតែម្នាក់ឯង ខណៈពេលដែលលោកបានដឹកនាំកម្លាំងប៉ូលិសមួយក្រុម ដើរយាមល្បាតនៅលើខ្នងភ្នំដងរែក តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចំណុចពើយកម្ពស់៣២៥ម៉ែត្រ ក្បែរប្រាសាទដូនទន់ ខាងកើតច្រកតាថាវ ប្រហែល៥គីឡូម៉ែត្រនៃតំបន់ប្រាសាទព្រះវិហារ ស្ថិតក្នុងភូមិសាស្ត្រស្រឯម ឃុំកន្ទួត ស្រុកជាំក្សាន្ត។
ទាក់ទិននឹងហេតុការណ៍ផ្ទុះមីននេះ តាមពលនគរបាលព្រំដែនដែលបានរួមដំណើរជាមួយលោកបានឱ្យដឹងថា ក្រុមរបស់គេមានខាងយោធាចូលរួមដែរ និងបានដឹកនាំកម្លាំងល្បាតដោយលោកវរសេនីយ៍ទោ លាង ប៊ុនឃាង ។ តាមប្រភពថា ពេលដើរល្បាតនោះ ក៏បានប្រទះឃើញគ្រាប់មីនប្រភេទ k58 មួយគ្រាប់ដែលផលិតនៅអតីតសហភាពសូវៀត និងជាគ្រាប់មីនបន្សល់ទុកតាំងពីសម័យសង្គ្រាមក្នុងទសវត្សទី៨០ ។ ពេលនោះ លោកបានឱ្យគ្រប់គ្នាក្នុងក្រុមចាកចេញទៅទីសុវត្ថិភាពទុកឱ្យលោកជាអ្នកដោះ ព្រោះលោកមានជំនាញនេះច្បាស់លាស់ ហើយក៏ជាគ្រូបង្ហាត់សម្រាប់ការដោះមីននោះផងដែរ ។ ជាអកុសល ដោយសារតែដីរឹង ខណៈលោកយកកាំបិតចំពុះទុងឆ្កឹះដីនោះក៏ស្រាប់តែផ្ទុះឡើង បណ្តាលឱ្យលោកវរសេនីយ៍ទោ ដាច់ដៃខាងឆ្វេងដល់ស្មាមួយចំហៀង ដាច់ត្រឹមកដៃស្តាំមួយចំហៀង និងខ្ទេចអស់ផ្ទៃមុខ ហើយបានពលីជីវិតភ្លាមៗ ដោយមិនអាចសង្គ្រោះទាន់ឡើយ ។
សពរបស់លោកត្រូវបានកម្លាំងប៉ូលិសជាកូនចៅសែងចុះពីលើភ្នំ និងដឹកយកមកកាន់លំនៅឋានរបស់លោក ដែលស្ថិតក្នុងភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ដើម្បីធ្វើពិធីគោរព
វិញ្ញាណក្ខន្ធ និងធ្វើបុណ្យតាមប្រពៃណី ។
វិញ្ញាណក្ខន្ធ និងធ្វើបុណ្យតាមប្រពៃណី ។
លោកវរសេនីយ៍ទោ លាង ប៊ុនឃាង អាយុ៤៨ឆ្នាំ មានស្រុកកំណើតភូមិពុកប្ញស្សីកណ្តាល ឃុំពុកប្ញស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានភរិយាឈ្មោះ នឿន សីុហ៊ាង អាយុ៣៣ឆ្នាំ មានកូន២នាក់ កូនស្រីច្បង អាយុ១១ឆ្នាំ និងកូនទី២ អាយុ៣ឆ្នាំ ។ លោកលាង ប៊ុនឃាង ជាមន្ត្រីនគរបាលមួយរូបដែលទទួលបានការស្រឡាញ់រាប់អានពីមន្ត្រីនានា ទាំងក្នុងអង្គភាព និងក្រៅអង្គភាព ៕ត្បែងមានជ័យ
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.