សួស​ សង​វាចា​ ក្នុង​អាជីព​ចម្រៀ

Posted on
  • Tuesday, January 17, 2012
  • by
  • angco.co
  • in
  • Labels:
  • តារា​ចម្រៀង​សំឡេង​ផ្អែម លោក​សួស ​សង​វាចា ​​នៅ​តែ​ឈរ​ក្នុង​តំណែង​ជា​​តារា​ចម្រៀង​បែប​មនោសញ្ចេតនា​ល្បី​ម្នាក់​ ក្នុង​ស្រទាប់​មហាជន​អ្នក​ស្ដាប់​ពិសេស​ចាប់​ពី​មនុស្ស​វ័យ​ពាក់​កណ្ដាល​ឡើង​ទៅ​។ តារា​ចម្រៀង ដែល​នៅ​តែ​មាន​យីអ៊ុន​រូប​នេះ ទោះ​ជា​មាន​វ័យ​ជ្រេ​បន្តិច​មែន ប៉ុន្តែ​ប្រជាប្រិយភាព​របស់​លោក ហាក់​ដូច​ជា​មិន​ទាន់​ស្រុត​ស្រក​កេរ្តិ៍​ឈ្មោះ​ឡើយ ដោយ​សារ​តែ​លោក​ជា​តារា​មាន​ជំនាញ​ទាំង​ផ្នែក​បុរាណ និង​សម័យ ដែល​កម្រ​ឲ្យ​តារា​ស្រករ​ក្រោយ​ ជាន់​ពន្លិច​សមត្ថភាព​។
    តារា​ដែល​ល្បី​ល្បាញ តាម​រយៈ​ផលិតកម្ម “បក្សី​ចាំ​ក្រុង​” រូប​នេះ អះ​អាង​ថា​លោក​សប្បាយ​ចិត្ត​ណាស់ ដែល​មហាជន​ភាគ​ច្រើន​នៅ​តែ​គាំទ្រ​លោក​ក្នុង​ពិភព​ចម្រៀង ដែល​រុញ​ឲ្យ​លោក​នៅ​តែ​មាន​ជីវភាព​ល្អ​ប្រសើរ។ ទោះ​យ៉ាង​ណា លោក​អះ​អាង​ថា ទម្រាំ​ឈរ​ជើង​ដល់​ចំណុច​នេះ គឺ​លោក​ក៏​មិន​ខុស​ពី​តារា​ឯ​ទៀត​ដែរ ព្រោះ​ធ្លាប់​ហែល​ឆ្លង​នូវ​ជីវិត​ជូរ​ចត់ កាល​ពី​អតីត​កាល​យ៉ាង​ឆ្អែត​ឆ្អន់។
    ឈ្មោះថ្ងៃ ​ខែ​ឆ្នាំ​កំណើតទីកន្លែង​កំណើតបង​ប្អូនកម្ពស់/ទម្ងន់Facebook
    សួស សង​វាចា១២ កុម្ភៈ ១៩៦៨ឃុំ​គោក​ព្រីង ខេត្ត​ព្រៃ​វែង៨នាក់១៦៨​ស.
    ទម្ងន់​៧២

    ស្ថាន​ភាព​គ្រួសារ
    លោក​សួស​ សង​វាចា ​ជា​កូន​ច្បង​ក្នុង​ចំណោម​បង​ប្អូន​៨​នាក់ ដែល​គ្មាន​សមាជិក​ណា​ម្នាក់ ស្រី​ទាល់​តែ​សោះ​។​​​​លោក មាន​ស្រុក​កំណើត​នៅ​ភូមិ​កន្ទួត​ប្រាង ​ក្នុង​ឃុំគោក​ព្រីង​ ស្រុក​ស្វាយរៀង ខេត្ត​ស្វាយ​រៀង។ ​​លោក​មាន​មាន​ឪពុក​ឈ្មោះ​សួស ហ៊ន់ អាយុ​៧០ឆ្នាំ​ជា​កសិករ និង​​មាន​ម្ដាយ​ឈ្មោះ​អ៊ុក​ យ៉ង​ អាយុ​៦៤ឆ្នាំ​ជា​កសិករ​ដូច​គ្នា។

    ប្រវត្តិ​ការ​សិក្សា
    លោក​សួស សងវាចា ធ្លាប់​រៀន​នៅ​សាលា​បឋម​សិក្សា​អង្គកប្បាស​ និង​អនុវិទ្យាល័យ​ស្វាយ​ជ្រុំ ។ ទោះ​ជា​ជីវភាព​គ្រួសារ​ក្រលំបាក​កាល​នៅ​វ័យ​ក្មេង ក៏​លោក​បាន​តស៊ូ​សិក្សា​រហូត​ដល់​បាន​ចប់ នៅ​វិទ្យាល័យ​ស្វាយ​រៀង ក្នុង​កម្រិត​ថ្នាក់​ទុតិយភូមិ ក្នុង​ឆ្នាំ១៩៨៩។ ជាអកុសល​លោក​គ្មាន​ឱកាស​បាន​រៀន​ថ្នាក់​មហាវិទ្យាល័យ​ដូច​ក្មេងៗ​ស្រករ​ក្រោយ​នោះ​ទេ ប៉ុន្តែ​នៅ​សម័យ​លោក អ្នក​ដែល​បាន​រៀន​ចប់​ថ្នាក់​បាក់​ឌុប គឺ​ត្រូវ​គេ​យល់​ថា​បាន​រៀន​ជ្រៅ​ជ្រះ ដូច​អ្នក​រៀន​ចប់​ថ្នាក់​មហាវិទ្យាល័យ​នា​សម័យ​បច្ចុប្បន្ន​អញ្ចឹង​ដែរ។
    លោក​អះ​អាង​ថា គ្រាន់​តែ​បាន​ត្រឹម​ចប់​ថ្នាក់​ទី​១២​ហ្នឹង គឺ​លោក​ខំ​ប្រឹង​តស៊ូ​សឹង​តែ​បោស​ខោ​បោស​អាវ​អស់​ទៅ​ហើយ ហើយ​លោក​ក៏​មាន​មោទនភាព​ដែរ ដែល​លោក​ជា​កូន​កសិករ​សោះ តែ​អាច​តស៊ូ​រៀន​ដល់​ចប់​ក្នុង​សម័យ​កាល​របស់​ខ្លួន​។ ​ទោះ​យ៉ាង​ណា ក្រោយ​ពី​ចប់​បាក់​ឌុប​ភ្លាម​ៗ រូប​លោក​ក៏​បាន​រៀន​ត្រៀម​ចូល​មហាវិទ្យាល័យ​បាន​មួយ​រយៈ​ដែរ ​ប៉ុន្តែ​មក​ពី​សម័យ​នោះ មិន​សូវ​មាន​ភាព​អំណោយ​ផល​ឲ្យ​លោក​បន្ត​ការ​តស៊ូ​ត​ទៅ​ទៀត ទើប​លោក​សម្រេច​ចិត្ត​ចេញ​ធ្វើ​ការ​រក​លុយ​វិញ​។
    តារា​រូប​នេះ​បញ្ជាក់​ថា “ខ្ញុំ​​បាន​រៀន​ត្រៀម​ចូល​មហាវិទ្យាល័យ​បាន​​មួយ​ឆ្នាំ​ដែរ នៅ​ចន្លោះ​ឆ្នាំ​ឆ្នាំ១៩៩១ដល់​១៩៩៩២ ប៉ុន្តែ​ដោយ​សារ​សម័យ​នោះ​ពួក​អ៊ុន​ តាក់​ចូល​ស្រុក ហើយ​អ្នក​រៀន​ចប់​បាក់​ឌុប​មួយៗ ត្រូវ​គេ​ចាប់​អារម្មណ៍​ជ្រើស​យក​ទៅ​ធ្វើ​ការ ទើប​ខ្ញុំ​សុខ​ចិត្ត​ឈប់​រៀន ហើយ​ចូល​ធ្វើ​ការ​ជា​មួយ​ពួក​អ៊ុន​តាក់​តែ​ម្ដង”។ លោក​បាន​បម្រើ​ការ​ក្នុង​នាម​ជា​បុគ្គលិក​មួយ​រូប ​ជាមួយ​​នឹង​មន្ត្រី​អ៊ុន តាក់ ដោយ​ទទួល​បាន​ប្រាក់​ខែ​ច្រើន​គួរ​សម ដោយ​សារ​សម័យ​នោះ លោក​បាន​លួច​រៀន​អង់គ្លេស ហើយ​ចេះ​បាន​តិច​តួច បន្ថែម​ពី​លើ​ភាសា​កំណើត​។
    ទោះ​យ៉ាង​ណា​ការងារ​ដែល​លោក​បាន​ទទួល​កាល​នោះ គឺ​គ្រាន់​តែ​ជា​មន្ត្រី​ពាំ​នាំ​ព័ត៌មាន​នៅ​តាម​ភូមិ​ស្រុក ដើម្បី​ផ្ដល់​ឲ្យ​អ្នក​ភូមិ​យល់​ដឹង​ពី​ការ​បោះ​ឆ្នោត​ដែល​គ្មាន​ការ​គំរាម​កំហែង​ប៉ុណ្ណោះ អញ្ចឹង​ហើយ​ទើប​គ្រាន់​តែ​គម្រោង​បោះ​ឆ្នោត​របស់​អ៊ុន​តាក់​ត្រូវ​បញ្ចប់ គឺ​រូប​លោក​ក៏​ធ្លាក់​ទៅ​ធ្វើ​ស្រែ​ចម្ការ​វិញ ​ហើយ​បន្ត​មក​រូប​លោក​ក៏​ត្រូវ​ហែល​ឆ្លង​នឹង​ការ​តស៊ូ​​កាន់​តែ​ច្រើន ទម្រាំ​មាន​ឈ្មោះ​ជា​អ្នក​ចម្រៀង​អាជីព​។

    ជីវិត​តស៊ូ
    មុន​នឹង​ជួប​ជីវភាព​រស់នៅ​ល្អ​ប្រសើរ​ ដូច​ពេល​នេះ​ លោក សួស សងវាចា ធ្លាប់​ឆ្លង​កាត់​ភាព​តស៊ូ​ច្រើន​រួច​មក​ហើយ ពិសេស​ក្នុង​អំឡុង​ ពេល​ដែល​លោក​ស្ថិត​នៅ​​ឯ​ស្រុក​កំណើត​។ ដោយ​សារ​តែ​លោក​ជា​កូន​ច្បង​គេ គឺ​បន្ទុក​ចេញ​ធ្វើ​ស្រែ​ចម្ការ​ស្ទើរ​ទាំង​ស្រុង​របស់​ឪពុក​ម្ដាយ គឺ​ជា​ភារៈ​របស់​លោក​តាំង​ពី​វ័យ​ជំទង់​ម្ល៉េះ បើ​ទោះ​ជា​ពេល​នោះ លោក​ជាប់​ភារៈ​រៀន​សូត្រ​ផង​ក៏​ដោយ​។
    លោក​ពោល​ថា “បើ​រំលឹក​ដល់​ជីវិត​កាល​របស់​ខ្ញុំ​ពី​កុមារភាព រហូត​ដល់​ធំ​ដឹង​ក្ដី​មក ខ្ញុំ​លំបាក​រហូត ព្រោះ​ខ្ញុំ​ជា​កូន​បង​គេ ដែល​មិន​ខុស​ពី​ឪពុក​របស់​ប្អូន​ៗ​នោះ​ទេ អញ្ចឹង​ហើយ ទើប​ស្រែ​ចម្ការ​ក៏​ខ្ញុំ​ចំណាប់ ហើយ​រឿង​រក​ត្រី ឬ​រក​ប្រាក់​ផ្សេង​ៗ​ជួយ​ឪពុក​ម្ដាយ ក៏​ខ្ញុំ​ហែល​ឆ្លង​ច្រើន​ជាង​គេ”។ លោក​ត្រូវ​ជួយ​ធ្វើ​ការ​ជំនួស​ដៃជើង​ប្អូនៗ និង​ឪពុក​ម្ដាយ​ជា​រៀង​រាល់​ថ្ងៃ ពិសេស​រឿង​ស្រែ​ចម្ការ និង​កិច្ច​ការ​ក្នុង​ផ្ទះ ហើយ​លោក​មិន​ធ្លាប់​ស្រ ម៉ៃ​ថា​ខ្លួន​ឯង បាន​ស្រណុក​សុខ​ស្រួល និង​បាន​ក្លាយ​ជា​មនុស្ស​របស់​មហាជន​ដូច​ពេល​នេះ​ទេ ដោយ​សារ​តែ​កាល​ពី​ក្មេង​គ្រួសារ​របស់​លោក​គ្រាន់​តែ​ជា​អ្នក​ស្រែ និង​គ្មាន​ខ្នង​បង្អែក​ជួយ​ឲ្យ​លោក​ចូល​ប្រឡូក​សិល្បៈ​។
    លោក​ធ្លាប់​ធ្វើ​កម្មករ​រែក​ដី អស់​ជា​ច្រើន​ឆ្នាំ ដើម្បី​រក​ប្រាក់​ជួយ​ផ្ទប់​ការ​សិក្សា។ លោក​បាន​បង្ហើប​ថា កាល​ពី​លោក​ចេញ​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​ដំបូង​ រូប​លោក​ក៏​ធ្លាប់​រក​ប្រាក់​ពី​ការ​ងារ​ចេញ​រត់​ម៉ូតូ​ឌុប អស់​ជា​ច្រើន​ឆ្នាំ​ផង​ដែរ ដោយ​សារ​តែ​ចំណូល​ពី​សិល្បៈ ពេល​នោះ មិន​អាច​ទប់​នឹង​តម្រូវ​ការ​ក្នុង​គ្រួសារ​បាន​។

    ប្រវត្តិ​សិល្បៈ
    ក្នុង​ពេល​បម្រើ​ការងារ​ជា​មន្ត្រី​​អ៊ុនតាក់ រូប​លោក​ក៏​បាន​ស្គាល់​រាប់​អាន​អ្នក​មាន​ខ្សែ​ទុយយោ​ផ្នែក​សិល្បៈ​ពីរ​បី​រូប ដែល​ជា​អ្នក​បើក​ផ្លូវ​ឲ្យ​លោក​មាន​គំនិត​ចង់​ក្លាយ​ជា​អ្នក​ចម្រៀង​។ នៅ​ក្រោយ​ពី​បញ្ចប់​ការងារ​ជា​មួយ​ពួក​អ៊ុន​តាក់ រូប​លោក​ក៏​ត្រូវ​អ្នក​រាប់​អាន​ទាំង​នោះ ទាក់​ទង​ឲ្យ​ទៅ​ច្រៀង នៅ​ក្នុង​កង​អង្គរក្ស​សម្ដេច​​ហ៊ុន​សែន​ ក្នុង​អំឡុង​ឆ្នាំ​​១៩៩៤ ក្រោម​ការ​ដឹក​នាំ​របស់​លោក​ជំទាវ ម៉ែន​សំអន។
    នៅ​ពេល​នោះ​លោក​ត្រូវ​គេ​ឲ្យ​ចេញ​សម្ដែង​ក្នុង​កម្មវិធី​សិល្បៈ​ធំៗ​ម្ដង​ម្កាល​ប៉ុណ្ណោះ ទើប​លោក​ត្រូវ​បង្ខំ​ចិត្ត​រត់​ម៉ូតូ​ឌុប ដើម្បី​អាច​ជួល​ផ្ទះ​គេ​រស់​នៅ​​ក្នុង​ទីក្រុង​ភ្នំពេញ​បាន។ បន្ទាប់​មក​លោក​ក៏​បាន​ស្គាល់​រាប់​អាន​ជា​មួយ​លោក​សោម ឆាយា ដែល​ជា​មន្ត្រី​ប្រចាំ​ទូរទស្សន៍CTN នា​ពេល​នេះ ហើយ​ត្រូវ​លោក​ណែនាំ​ឲ្យ​ចូល​ច្រៀង​នៅ​ផលិត​កម្ម​បក្សី​ចាំ​ក្រុង ក្នុង​ឆ្នាំ​១៩៩៩។ កាល​នោះ​លោក​បាន​ច្រៀង​បទ​ពី​ជំនាន់​ដើម​មួយ​ចំនួន ហើយ​ត្រូវ​បាន​មហាជន​​កាន់​តែ​ច្រើន​ចាប់​ផ្ដើម​កត់​សម្គាល់​ស្គាល់​ឈ្មោះ​លោក។
    ជំហាន​នេះ​ហើយ ដែល​លោក​ត្រូវ​បាន​គេ​ជ្រោមជ្រែង​ឲ្យ​បាន​ឡើង​ឆាក​ទូរទស្សន៍ តាម​រយៈ​សំណើ​របស់​ម្ចាស់​ផលិត​កម្ម និង​ការ​ជួយ​ជ្រោមជ្រែង​ពី​លោក​ សោម ឆាយ៉ា ​ក្នុង​ឆ្នាំ​២០០០។ តារា​​ប្រជ្រុយ​ធំ​រូប​នេះ និយាយ​ថា “បើ​ក្នុង​ឆ្នាំ​១៩៩៤ ខ្ញុំ​មិន​ប្រថុយ​មក​​នៅ​ភ្នំពេញ​ ដើម្បី​ច្រៀង​ឲ្យ​ក្រុម​តន្ត្រី​កង​អង្គរក្ស​សម្ដេច​ទេ ខ្ញុំ​ប្រហែល​ជា​មិន​បាន​ក្លាយ​ជា​អ្នក​ចម្រៀង​ទេ ហើយ​តាម​មើល​ពេល​នេះ ប្រហែល​ជា​ខ្ញុំ​នៅ​តែ​ធ្វើ​ស្រែ​មួយ​ជីវិត​ផង​ក៏​មិន​ដឹង”។
    បច្ចុប្បន្ន លោក​គឺ​ជា​តារា​រីក​ស្កុះ​ស្គាយ​នៅ​គ្រប់​ផលិត​កម្ម​ក្រៅ​ស្រុក ដោយ​មិន​បាន​កុង​ត្រា​ច្រៀង​ផ្ដាច់​មុខ​ឲ្យ​ផលិត​កម្ម​ណា​មួយ​ដូច​មុន​ទៀត​ទេ។ អញ្ចឹង​ហើយ ទើប​គេ​កត់​សម្គាល់​ឃើញ​រូប​លោក​ចេញ​ច្រៀង​នៅ​ផលិត​កម្ម​រ៉ៃ​មាស តោ​មាស ផលិត​កម្ម​បុប្ផា​ និង​ផលិត​កម្ម​ដែល​មាន​មូលដ្ឋាន​នៅ​ស្រុក​ក្រៅ​មួយ​ចំនួន​ទៀត​​ផង​។

    ឱកាស​សម្ដែង​ក្រៅ​ស្រុក
    បន្ទាប់​ពី​បាន​ល្បី​ឈ្មោះ លោក សួស សងវាចា ចាប់​ផ្ដើម​មាន​ឱកាស​ចេញ​ច្រៀង​ក្រៅ​ស្រុក​ជា​ច្រើន​ដូច​ជា​ប្រទេស​បារាំង ២ដង នៅ​អំឡុង​ឆ្នាំ​២០០៤និង​២០០៩ នៅ​អាមេរិក​ម្ដង​ក្នុង​​ឆ្នាំ២០០៦ ព្រម​ទាំង​នៅ​ក្នុង​ឆ្នាំ២០០៧ បាន​ចេញ​ទៅ​ប្រទេស​កាណាដា និង​អូស្ត្រាលី។
    នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​លោក​មាន​គម្រោង​ចេញ​ទៅ​កាន់​ប្រទេស​ផ្សេងៗ​ទៀត ប៉ុន្តែ​មក​ការងារ​នៅ​ក្នុង​ស្រុក​មមាញឹក គួបផ្សំ​នឹង​សុខភាព​មិន​សូវ​ស្រួល​ក្នុង​ដំណើរ​ជិះ​យន្ត​ហោះ​ផង​នោះ ទើប​លោក​មិន​សូវ​ហ៊ាន​ទទួល​ការ​ងារ​ក្រៅ​ស្រុក​ដូច​មុន​។

    ជីវិត​ស្នេហា
    តារា​ចម្រៀង​បែប​មនោសញ្ចេតនា​ លោក សួស​ សង​វាចា ​បាន​រៀប​អាពាហ៍ពិពាហ៍​តាំង​ពី​ឆ្នាំ១៩៩៩ មក​ម្ល៉េះ​ជាមួយ​អ្នកស្រី វ៉ាន់ សុភា នៅ​ឯ​ខេត្ត​ព្រៃវែង​ ដែល​ជា​កូន​ស្រី​អ្នក​ភូមិ​ផង​របង​ជា​មួយ​លោក។សព្វ​ថ្ងៃ​លោក និង​ភរិយា មាន​កូន​បី​នាក់ ប្រុស​ពីរ​ស្រី​មួយ លោក​គ្មាន​គម្រោង​យក​កូន​ទី​បួន​ទៀត​ឡើយ ដោយ​សារ​តែ​គិត​ថា​ចំនួន​កូន​ដែល​មាន​ស្រាប់​គឺ​សម​ល្មម​សម្រាប់​គ្រួសារ​។

    គម្រោង​អនាគត
    នៅ​ថ្ងៃ​អនាគត​លោក សួស ​សង​វាចា ចង់​បង្កើត​កន្លែង​ចិញ្ចឹម​ត្រី​មួយ​កន្លែង​​នៅ​ក្នុង​ទឹក​ដី​ភូមិកំណើត ប៉ុន្តែ​លោក​មិន​ដឹង​ថា តើ​ដល់​ពេល​ណា​ទើប​មហិច្ឆតា​នេះ នឹង​ក្លាយ​ជា​ការ​ពិត​នោះ​ទេ​។ លោក​បញ្ជាក់​ថា បើ​​ទោះ​ជា​ថ្ងៃក្រោយ​លោក​នៅ​តែ​ច្រៀង​ តែ​លោក​នឹង​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ត្រី​មួយ​កន្លែង​សម្រាប់​ទ្រ​ទ្រង់​ជីវភាព​។ ក្រៅ​ពី​នោះ​លោក​ក៏​នឹង​បន្ត​អាជីព​ជា​គ្រូ​បង្ហាត់​ច្រៀង​នៅ​តាម​ក្លឹប​ ដើម្បី​ផ្ដល់​បទ​ពិសោធន៍ និង​ទេពកោសល្យ​សិល្បៈ​​ដល់​ក្មេងៗ​​ជំនាន់​ក្រោយ​ផង​ដែរ​។
    លោក​សួស សង​វាចា គឺ​ជា​តារា​ចម្រៀង​មួយ​រូប ដែល​ផុស​ចេញ​ពី​អ្នក​ចម្រៀង​​ក្នុង​កង​អង្គរក្ស​សម្ដេច​ហ៊ុន​សែន កាល​ពី​ឆ្នាំ​១៩៩៤។ លោក​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​ពិភព​សិល្បៈ នៅ​អំឡុង​ឆ្នាំ​១៩៩៩ បន្ទាប់​លោក​សោម ឆាយា ជួយ​ឲ្យ​បាន​ច្រៀង​នៅ​ក្នុង​ផលិត​កម្ម​បក្សី​ចាំ​ក្រុង និង​ចេះ​តែ​មាន​ឱកាស​ចេញ​ច្រៀង​លើ​ឆាក​ទូរទស្សន៍​បន្ត​កន្ទុយ​គ្នា​។
    កាល​ពី​អតីត​កាល ដ្បិត​ថា​រូប​លោក​មិន​ជា​ជួប​ការ​លំបាក​ណាស់ ប៉ុន្តែ​ជីវិត​តស៊ូ​ក៏​មាន​មិន​តិច​ដែរ ពិសេស​ក្នុង​ពេល​ដែល​លោក​ផ្សង​ព្រេង​មក​រស់​នៅ​ភ្នំពេញ​ដំបូង​ៗ ដែល​ត្រូវ​រត់​ម៉ូតូ​ឌុប​ផង ​ចេញ​ច្រៀង​ផង ដើម្បី​បាន​ប្រាក់​ជួល​ផ្ទះ​គេ​នៅ​។ ​លោក​បាន​ក្លាយ​ជា​អ្នក​ចម្រៀង​មាន​ជីវភាព​ធូរ​ធារ ក្រោយ​ពី​មាន​ឱកាស​ចេញ​ច្រៀង​នៅ​ក្រៅ​ស្រុក​ហូរ​ហែ និង​ក្រោយ​ពី​មាន​ទីផ្សារ​សិល្បៈ​កាន់​តែ​ច្រើន៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.