ទើបចេញពីគុក គាស់ផ្ទះអាជីវករ លក់មាស ក្រុងសិរីសោភ័ណ លួចមាស ៣៥ តម្លឹង ត្រូវ អ.ហ ចាប់ញាត់គុក​ ម្តងទៀត


បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ទើបចេញពីគុក ឥឡូវគាស់ផ្ទះ អាជីវករលក់មាស ផ្សារសិរីសោភ័ណ លួច មាស ៣៥ តម្លឹង ខណៈម្ចាស់ផ្ទះ រវល់ទៅព្យាបាលជំងឺ នៅប្រទេសថៃ រួចរត់គេចខ្លួន ត្រូវ អ.ហ ចាប់ញាត់គុកម្តង ទៀត កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១២ នេះ នៅភូមិ៤ សង្កាត់ ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាន ជ័យ ។
លោក ស្រូយ ប៉ែន នាយការិយាល័យ ស្រាវជ្រាវបទល្មើស ព្រហ្មទណ្ឌ អ.ហ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យ ដែលកម្លាំង អ.ហ ឃាត់ខ្លួនមានឈ្មោះ ប៉ែន សីហា ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានឃាត់ខ្លួន ពីបទ លួចគាស់ផ្ទះ យកទ្រព្យសម្បត្តិ ។
ជុំវិញករណីខាងលើនេះ លោក ម៉ែន ភិរម្យ មេបញ្ជាការរង និងជាប្រធានមន្ទីរស្រាវជ្រាវ យុត្តិធម៌ អ.ហខេត្ត បន្ទាយមានជ័យ បានឲ្យដឹងថា ការឃាត់ខ្លួន ជនសង្ស័យ ប៉ែន សីហា ធ្វើឡើង បន្ទាប់ពីបានទទួល ពាក្យបណ្តឹង របស់ជនរងគ្រោះម្នាក់ ឈ្មោះ អ៊ាវ កង ភេទប្រុស អាយុ ៤៩ ឆ្នាំ ជាអាជីករលក់មាស នៅផ្សារសិរីសោភ័ណត្រូវ ជាឪពុកមារបស់ជនសង្ស័យ រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
លោក ម៉ែន ភិរម្យ បានបន្តថា យោងតាម ពាក្យបណ្តឹងជនរងគ្រោះ បានរៀបរាប់ថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ ២០១២  ជនរងគ្រោះនិង ក្រុមគ្រួសារ បានទៅព្យាបាល នៅប្រទេសថៃ លុះថ្ងៃទី២៦ ខែមករា ត្រឡប់មកវិញ ស្រាប់តែឃើញ ជញ្ជាំងផ្ទះរបស់ខ្លួន មានសភាពធ្លុះធ្លាយ ហើយពេលពិនិត្យឃើញ មានបាត់ទ្រព្យសម្បត្តិ រួមមាន មាសចំនួន ៤ តម្លឹង និងផ្លាកទីនទឹក ៧ ចំនួន ៣១ តម្លឹង ឃើញដូច្នោះ ជនរងគ្រោះក៏បានហៅអ្នក បម្រើក្នុងផ្ទះ របស់ខ្លួនទាំងអស់មកសួរនាំ តែត្រូវអ្នកបម្រើទាំងនោះឆ្លើយថា អត់ដឹងថា មានករណីនេះកើតឡើងទេ ប៉ុន្តែអ្នក បម្រើក្នុងផ្ទះកើតហេតុខាងលើ បានបន្តថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១២ ពេលដែលថៅកែរបស់ខ្លួន ទៅ ប្រទេសថៃអស់ មានឈ្មោះ ប៉ែន សីហា ដែលជាក្នួយបង្កើត របស់ម្ចាស់ផ្ទះមកលេង ហើយបានឡើងទៅលើផ្ទះ ជាន់ទីបី មួយសន្ទុះ រួចចុះមកវិញ មានកាន់ថង់ខ្មៅមួយ ចេញទៅបាត់ រហូតម្ចាស់ផ្ទះត្រឡប់មកវិញទើបដឹងថា បាត់មាស និងផ្លាកទីនសរុបអស់ ៣៥ តម្លឹង ក៏មកប្តឹងឲ្យ អ.ហ ខេត្តបន្ទាយមានជ័យ ចាប់ឈ្មោះ ប៉ែន សីហា យកមកសួរនាំតែម្តង ។
នៅចំពោះមុខសមត្ថកិច្ច សួរនាំជនសង្ស័យ ប៉ែន សីហា បានសារភាពថា រូបគេពិតជាបានប្រព្រឹត្តដូច្នោះមែន បច្ចប្បន្នសមត្ថកិច្ច កំពុងសួរនាំ និងឃាត់ខ្លួនបណ្តោះអាសន្ន នៅទីបញ្ជាការដ្ឋាន អ.ហ ខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់។
ប្រភពពីមន្ត្រី អ.ហ បានឲ្យដឹងថា ជនសង្ស័យ ប៉ែន សីហា នេះ ធ្លាប់ជាប់ពន្ធនាគារម្តងមកហើយ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១១ ដែលកាលនោះ កម្លាំង អ.ហ បានចាប់ខ្លួន ពីបទ ហិង្សា ដោយចេតនា ដែលជនសង្ស័យ បានយកដបស្រា វាយលើជនរងគ្រោះ ២ នាក់ ទី១-ឈ្មោះ ម៉េង ហួរ ភេទប្រុស អាយុ ២៨ឆ្នាំ និងទី២-ឈ្មោះ សុខ ហម ភេទប្រុស អាយុ៣០ ឆ្នាំ នៅកន្លែងលេងបាល់ទះ ក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ព្រោះតែទំនាស់ ពាក្យសម្តីបន្តិចបន្តួច ក្រោយមក មិនដឹងថា ជនសង្ស័យចេញ ពីពន្ធនាគារ តាំងពីពេលណាទេ  ទើបគេមានឱកាស ដើរប្រព្រឹត្តបទល្មើស សារជាថ្មីបែបនេះ ៕ source
Photo by DAP-NEWS



0 comments:

Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.