
រូបថត ជីវ័ន
លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស ជួបជាមួយឯកអគ្គរាជទូត និងអគ្គកុងស៊ុលខ្មែរប្រចាំប្រទេសនានា កាលពីម្សិលមិញនៅឯទីស្តីការក្រសួងការបរទេស។
ភ្នំពេញៈ លោក ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស កាលពីថ្ងៃ ម្សិលមិញ បានផ្តល់ដំបូន្មានពីគោលនយោបាយការបរទេសកម្ពុជា សម្រាប់ឆ្នាំ២០១២ និងបញ្ហាប្រឈម ដល់ក្រុុមឯកអគ្គរាជទូត និងអគ្គកុងស៊ុលខ្មែរចំនួន៣០រូប ប្រចាំនៅប្រទេសនានា ហើយបានជម្រាបទុកជាមុនថា ពួកគេត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាលើតួនាទី និងកាតព្វកិច្ចរបស់ខ្លួន ក្នុងការរៀបចំគោលនយោបាយការបរទេសជាតិ និងអន្តរជាតិ។
លោក ឧបនាយរដ្ឋមន្ត្រី ហោ ណាំហុង បានប្រាប់ឯកអគ្គរាជទូតនិងអគកុងស៊ុលថា បញ្ហាប្រឈមបីដែលចាំបាច់ត្រូវយកចិត្តទុកដាក់ខ្លាំងបំផុត គឺការបកស្រាយរបស់តុលាការយុតិ្តធម៌អន្តរជាតិទៅលើសាលក្រមឆ្នាំ១៩៦២ ទាក់ទងនឹងប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទព្រះវិហារ និងការបោះឆ្នោតឆ្នាំនេះនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់បេក្ខភាពកម្ពុជា ជាសមាជិកមិនអចិន្រៃ្តយ៍ សម្រាប់ឆ្នាំ ២០១៣- ២០១៤ ក៏ដូចជាតួនាទីកម្ពុជា ក្នុងឋានៈជាប្រធានសមាគមប្រ-ជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)របស់កម្ពុជា។ នេះបើយោងតាមលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិ-បតិ្តការអន្តរជាតិ បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំបិទទ្វារមួយ។
លោក កុយ គួង បានបន្តថា៖ «ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានណែនាំការងារជាក់ស្តែងដល់ឯកអគ្គរាជទូត និងអគ្គកុងស៊ុលកម្ពុជាយើង ឲ្យធ្វើការតាមដានសភាពការណ៍ក្នុងប្រទេសដែល ខ្លួននៅប្រចាំនោះ ហើយក៏តាមដានអំពីការរីកចម្រើនគ្រប់វិស័យនៃប្រទេសកម្ពុជា និងឲ្យធ្វើការផ្សព្វផ្សាយពីការរីកចម្រើនរបស់កម្ពុជា ឲ្យបានទាន់ពេលវេលា និងឲ្យបានសមស្រប»។
លោកបន្ថែមថាលោកឧបនាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់ឯកអគ្គរាជទូត និងអគ្គកុងស៊ុលឲ្យឃ្លាំមើលឲ្យបានច្បាស់លាស់ទៅលើក្រុមពលករកម្ពុជា ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ម៉ាឡេស៊ី ជប៉ុន និងកូរ៉េ ហើយនៅថ្ងៃអនាគត កម្ពុជានឹងបញ្ជូនពលករថែមទៀតទៅប្រទេស កូវ៉ែត និងហ្កាតា។
លោក កុយ គួង បានបន្តទៀតថា ៖ «ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានជំរុញផងដែរ ត្រូវយកចិត្តទុកដាក់បន្ថែមទៀតទៅលើពលករកម្ពុជានៅក្រៅប្រទេសក្នុងគោលបំណងដើម្បីការពារសិទិ្ធ និងសេរីភាពរបស់ពលកររបស់យើង។ ប្រសិនបើពលករកម្ពុជាទាំងនោះ ជួបបញ្ហា [ឯកអគ្គរាជទូត និងអគ្គកុងស៊ុល] ត្រូវរាយការណ៍ប្រាប់មករាជរដ្ឋាភិបាលភ្លាមៗ»។
លោកបានលើកឡើងទៀតថា លោកឧបនាយករដ្ឋមន្រ្តីក៏បានអំពាវនាវដល់ឯកអគ្គរាជទូតទាំងអស់ត្រូវតែធានាថា ប្រាក់ចំណូលពីទិដ្ឋាការនៅឯក្រៅប្រទេស ត្រូវបានបង់ចូលថវិកាជាតិជាប្រចាំផងដែរ៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.