បើ​អ​.​ស ​.​ប​.​ដើរ​ចេញពី​តុលាការ​ខ្មែរក្រហម​​កម្ពុជា​នឹង​ដំណើរការ​តុលាការ​នេះ​ ដោយ​ខ្លួនឯង​

Posted on
  • Friday, January 27, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញ​ ៖ លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋ​ មន្ដ្រី​ក្រសួង​ព័ត៌មាន​ មាន​ប្រសាសន៍​ នៅ​ក្នុង​ពិធី​សម្ពោធ​សៀវភៅ​និយាយ​ពី​ “​មេដឹកនាំ​ខ្មែរក្រហម​គេចវេះ​ពី​បទ​ប្រល័យពូជសាសន៍​?”​ នា​យប់​ថ្ងៃ​ទី​២៥​ ​ខែមករា​ ឆ្នាំ​២០១២​ នៅ​សាលា​ភាសា​ ACE ភ្នំពេញ​ថា​ តុលាការអន្ដរជាតិ​នៅ​កម្ពុជា​សម្រាប់​កាត់ក្ដី​មេដឹកនាំ​ខ្មែរ​ក្រហម​ បង្កើត​ឡើង​ដោយ​អង្គការ​សហ​ប្រជាជាតិ​នោះ​បច្ចុប្បន្ន​កំពុង​ដំណើរការ​កាត់ទោស​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​  ហើយ​មាន​មតិ​ខ្លះ​បាន​ចោទប្រកាន់​ថា​ រាជរដ្ឋាភិបាល​ពុំ​មាន​ឆន្ទៈ​ក្នុង​ការ​កាត់​ទោស​មេដឹកនាំ​ខ្មែរក្រហម​ ។​ 
    លោក​រដ្ឋមន្ដ្រី​ខៀវ​ កា​ញា​រី​ទ្ធ​ បាន​បញ្ជាក់​ថា​ មតិ​ចោទប្រកាន់​ចំពោះ​រាជ​រដ្ឋាភិបាល​ទាំងនេះ​មិន​ត្រឹមត្រូវ​ទេ​ បើ​សិន​ជា​រាជរដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ក្នុង​ការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​នោះ​ កម្ពុជា​មិន​ស្នើ​ឱ្យ​មាន​ជា​តុលាការ​នេះ​ឡើង​ទេ​ ហើយ​ការ​ស្នើ​សុំ​បង្កើត​តុលាការអន្ដរជាតិ​ដើម្បី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​នេះ​ ត្រូវ​បាន​ស្នើ​សុំ​ទៅ​អង្គការសហប្រជាជាតិ​ជា​យូរ​ឆ្នាំ​ ទើបបាន​សម្រេច​បង្កើត​តុលា​ការ​នេះ​ឡើង​។​ ដូច្នេះ​យើង​មិន​អាច​កំណត់​ថា​ថ្ងៃ​ណា​បញ្ចប់​ការ​កាត់ទោស​នេះ​បាន​ទេ​។​ 
    លោក​រដ្ឋមន្ដ្រី​បាន​ជម្រាប​នៅ​ក្នុង​ពិធី​សម្ពោធ​នោះ​ថា​ កម្ពុជា​មាន​ច្រក​ចេញ​៤​ ដើម្បី​ដំណើរការ​កាត់ទោស​មេ​ដឹកនាំ​ខ្មែរក្រហម​រួម​មាន​ ១​តុលាការ​ នេះ​ដំណើរការ​ដោយ​មានការ​ចូលរួម​របស់​អង្គការសហប្រជាជាតិ​ ដែល​តែង​តាំង​ដោយ​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​,​ ២-​បើសិនជា​អង្គការ​សហ​ប្រជាជាតិ​ដកខ្លួន​ចេញពី​តុលាការ​នេះ​  រដ្ឋាភិបាល​កម្ពុជា​នឹង​ស្នើ​សុំ​ទៅ​បណ្ដា​ ប្រទេស​ជា​សមាជិក​អង្គការ​សហ​ប្រជា​ជាតិ​ឱ្យ​ផ្ដល់​ចៅក្រម​មក​ចូលរួម​ក្នុង​តុលាការ​នេះ​,​ ៣-​បើសិនជា​ច្រក​ទី​២​ មិន​បាន​សម្រេច​រដ្ឋាភិបាល​កម្ពុជា​នឹង​អញ្ជើញ​ចៅក្រម​បរទេស​ណា​ដែល​មាន​ កិត្ដិនាម​ល្អ​ចូលរួម​ក្នុង​តុលាការ​នេះ​ ហើយ​ទី​៤-​បើសិន​មិន​បាន​សម្រេច​ទៀត​រដ្ឋាភិបាល​កម្ពុជា​នឹង​បន្ដ​ដំណើរការ​តុលាការ​នេះ​ដោយ​ខ្លួនឯង​ ។​ 
    លោក​រដ្ឋមន្ដ្រី​មាន​ប្រសាសន៍​ថា​ សព្វ​ថ្ងៃនេះ​យើង​ឃើញ​ថា​មានការ​អំពាវនាវ​ឱ្យ​អង្គការសហប្រជាជាតិ​ដក​ចេញពី​ តុលាការអន្ដរជាតិ​នេះ​។​ ប៉ុន្ដែ​អ្វី​ដែល​ល្អ​ គឺ​អង្គការសហប្រជាជាតិ​បាន​ជួយ​ច្រើន​ណាស់​ ដូច្នេះ​ហើយ​បាន​បង្ហាញ​ពី​លក្ខណៈ​ ស្ដង់ដារ​មួយ​គ្រប់គ្រាន់​ ដែល​អាច​ស​ន្និ​ដ្ឋា​ន​បាន​ថា​ ទៅ​ថ្ងៃក្រោយ​តុលាការ​នេះ​យើង​អាច​ដំណើរការ​ដោយ​ខ្លួនឯង​បាន​ ។​ 
    លោក​រដ្ឋមន្ដ្រី​ ខៀវ​ កា​ញា​រី​ទ្ធ​ បាន​ជម្រាប​ផង​ដែរ​ថា​ ការ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​គឺ​ការ​កាប់សម្លាប់​ជាតិ​សាសន៍​ខ្លួនឯង​វា​ខុស​ពី​ការ​ប្រល័យពូជសាសន៍​នៅ​ប្រទេស​ដទៃ​ទៀត​ ដែល​ជា​ការ​ប្រល័យពូជសាសន៍​រវាង​ពូជសាសន៍​មួយ​ជាមួយ​ពូជសាសន៍​ដទៃ​ទៀត​ ។​ ដូច្នេះ​ការ​បង្កើត​តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ ដើម្បី​បំពេញ​ទំព័រ​ប្រវត្ដិសាស្ដ្រ​ដែល​នៅ​សល់​របស់​កម្ពុជា​ និង​ជា​ការ​រំឭក​ដល់​ក្មេង​ជំនាន់​ក្រោយ​កុំឱ្យ​ស្ដាប់​នូវ​មនោគមន៍វិជ្ជា​របស់​មេ​ខ្លួន​ខ្លាំង​ពេក​ ហើយ​ក៏​ជា​ការ​ស្វែងរក​យុត្ដិធម៌​ជូន​ជន​រង​គ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ផង​ដែរ​ ។​
    នៅ​ក្នុង​ឱកាស​នោះ​លោក​រដ្ឋមន្ដ្រី​ក៏​បាន​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្នាដៃ​របស់​លោកស្រី​ Hellen Jawish និង​លោក​ Tom Fawthrop ដែល​បាន​ខិតខំ​ចងក្រង​សិក្សា​ស្រាវជ្រាវ​អំពី​ប្រវត្ដិ​មេដឹកនាំ​ខ្មែរក្រហម​ក្នុង​ការ​រៀបចំ​ជា​សៀវភៅ​នេះ​ឡើង​ ។​ 
    សៀវភៅ​នេះ​បាន​បញ្ជាក់​ពី​ការ​លំបាក​ក្នុង​ការ​បង្កើត​ជា​សាលាក្ដី​ខ្មែរក្រហម​ និង​បង្ហាញ​ពី​អ្វី​ដែល​ពួក​មេដឹកនាំ​ខ្មែរ​ក្រហម​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ចង់​គេចវេះ​ពី​បទ​ប្រល័យពូជសាសន៍​ ៕ source



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.