ក្រចេះ ៖ លោកទេសរដ្ឋមន្រ្តី ម៉ុក ម៉ារ៉េត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធាន គណៈកម្មការ អន្តរក្រសួង បានមានប្រសាសន៍ ទៅកាន់ ប្រជាពលរដ្ឋថា នៅក្នុងជម្លោះដីធ្លី រវាងប្រជាពលរដ្ឋ ជិត ៣០០គ្រួសារ និងក្រុមហ៊ុន ធីធីវ៉ាយ ស្ថិតនៅភូមិ វាលបី ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បញ្ជាឲ្យលោកឧបនាយករដ្ឋមន្រ្តី ស ខេង រូបលោកផ្ទាល់ (ម៉ុក ម៉ារ៉េត) និងអាជ្ញាធរខេត្ត តាមចាប់ជនល្មើស ដែលជាក្រុមសន្តិសុខ របស់ក្រុមហ៊ុនដែលបាញ់ ប្រហារទៅលើប្រជាពលរដ្ឋ នឹងត្រូវស្វែងរកប្រភពនៃការផ្តល់កាំភ្លើង ។
លោក ម៉ុក ម៉ារ៉េត បានបញ្ជាក់ទៀតថា សម្រាប់ជនរងគ្រោះ រងរបួសធ្ងន់ និងស្រាល ត្រូវបានរាជរដ្ឋាភិបាល ចេញថ្លៃព្យាបាល និងផ្តល់ប្រាក់ឧបត្ថម្ភ ហើយជាមួយគ្នានេះ អាជ្ញាធរខេត្តបានផ្តល់ប្រាក់ ២លានរៀល ដោយឡែកលោក ម៉ុក ម៉ារ៉េត ផ្ទាល់ បានផ្តល់ប្រាក់ ២លានរៀល សម្រាប់អ្នករងរបួសធ្ងន់ និង១លានរៀល សម្រាប់អ្នករងរបួសស្រាល ។
លោក ម៉ុក ម៉ារ៉េត បានបន្តទៀតថា ប្រជាពលរដ្ឋទាំងអស់ នឹងទទួលបានដីធ្លី ហើយលោកស្នើឲ្យអាជ្ញាធរខេត្តចុះវាស់វែងជាបន្ទាន់ ប៉ុន្តែ ត្រូវវាស់វែង សម្រាប់ប្រជាពលរដ្ឋណា ដែលមានដីក្រោម ៥ហិកតាមុន ។ លោកទេសរដ្ឋមន្រ្តី បានអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ហើយផ្តល់ភាពស្មោះត្រង់ ពីទំហំផ្ទៃដីរបស់ខ្លួន ។
លោក ម៉ុក ម៉ារ៉េត ក៏បានប្រាប់ទៅអាជ្ញាធរខេត្ត ឲ្យរៀបជាភូមិឋាននៅទីនេះ ដោយមានប្រព័ន្ធផ្លូវ និងការកសាងសាលា រៀនជាដើម ។
ជាមួយគ្នានេះ លោកបានបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋថា សកម្មភាពដ៏ខុសឆ្គងរបស់ក្រុមហ៊ុន និងអ្នកដែលកាន់កាំភ្លើងបាញ់ ទៅលើប្រជាពលរដ្ឋខ្លួននោះ មិនមែនជា បទបញ្ជារបស់រាជរដ្ឋាភិបាលឡើយ ហើយបញ្ហានេះ សមេ្តចតេជោ ហ៊ុន សែន បានបញ្ជាឲ្យដោះភ្លាមៗ នៅពេលលឺថា ខាងភាគីក្រុមហ៊ុនប្រើសន្តិសុខរបស់ខ្លួន បាញ់មកលើប្រជាពលរដ្ឋ ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋជិត ៣០០ គ្រួសារ ដែលមានជម្លោះដីធ្លី ជាមួយក្រុមហ៊ុនឧកញ៉ា ណា ម៉ារ៉ាឌី បានទទួលដីកម្ម សិទ្ធិ របស់ខ្លួនវិញហើយ ប្រមាណជិត ៨០០ ហិកតា នៅព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១២ នេះ បន្ទាប់ពីមានដំណោះស្រាយដ៏ទាន់ ហន់របស់សម្តេចតេជោ ហ៊ុន សែន ។
ក្រុមប្រជាពលរដ្ឋទាំងអស់បានលើកដៃទះ អបអរសាទរដំណោះស្រាយរបស់សម្តេច ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ ចំពោះទុក្ខវេទនា របស់ប្រជាពលរដ្ឋ ។ ប្រជាពលរដ្ឋទាំងនេះ បានបញ្ជាក់ថា មាន តែសម្តេច និងលោកជំទាវ ទេ គិតគូពីផលលំបាករបស់ប្រជាពលរដ្ឋ ហើយនៅពេលពួកគាត់មានបញ្ហាលើកក្រោយៗ ពួក គាត់ នឹងទាក់ទងជាមួយអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរខេត្ត ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល ដោយមិនជឿលើការញុះញង់ ក្រុមអ្នកនយោបាយផ្សេងនោះទេ ។
អភិបាលខេត្តក្រចេះ លោក ខាំ ខឿន បានមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋ ផងដែរថា ក្នុងនាមអាជ្ញាធរខេត្ត លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ដំណោះស្រាយរបស់សម្តេចតេជោ ហ៊ុន សែន ហើយអាជ្ញាធរខេត្ត ដែលទទួលបន្ទុកក្នុងការវាស់ដី ជូនប្រជាពលរដ្ឋនេះ នឹងធ្វើជាបន្ទាន់ ដើម្បីឲ្យប្រជាពលរដ្ឋ ទទួល បានកម្មសិទ្ធិដីរបស់ពួកគាត់ ។
លោក ខាំ ខឿន បានបញ្ជាក់ថា យ៉ាងយូរប្រើរយៈពេល ១០ថ្ងៃ អាជ្ញាធរខេត្ត នឹងបញ្ចប់ការវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ។ សូមបញ្ជាក់ថា នៅក្នុងពិធីប្រកាសដីធ្លី ជូនប្រជាពលរដ្ឋនេះ មានការចូលរួមពីអាជ្ញាធរខេត្ត ដឹកនាំដោយលោក ខាំ ខឿន ឧត្តមសេនីយ៍ ផ្កាយ៣ វង្ស ពិសេន មេបញ្ជាការរង អ.ហ លើផ្ទៃប្រទេស រួមទាំង មន្រ្តី ពាក់ព័ន្ធជាច្រើននាក់ទៀត ៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.