ភ្នំពេញ: ចំណីអាហារក្នុងប្រអប់សំណប៉ាហាំង ដូចជាសាច់ប្រអប់ប៉ាតេ, គ្រាប់សណ្តែក, ភេសជ្ជៈមានហ្គាស…ផ្ទុកបរិមាណសារជាតិគីមី Bisphenol-A (BPA) ខ្ពស់ជាង ១.០០០ដង ប្រៀបនឹងចំណីអាហារស្រស់, នេះបើយោងតាមការស្រាវជ្រាវមួយ ។ សារជាតិគីមីនេះ តាំងពីយូរមកហើយត្រូវបានចាត់ទុកថាពាក់ព័ន្ធដល់ជំងឺមហារីក និងធ្វើឱ្យល្អៀងភេទ ។
BPA តាំងពីដើមមកត្រូវបានប្រើប្រាស់ដើម្បីធ្វើជាស្រទាប់ទ្រាប់ក្នុងប្រអប់សំណប៉ាហាំង ក៏ដូចក្នុងប្រអប់ធ្វើពីជ័ររឹង ដូចជាដបដាក់ទឹក ប្រអប់ដាក់ចំណីអាហារ, ផ្លែឈើ…។ វាត្រូវបានរកឃើញថា មានពាក់ព័ន្ធដល់ការគ្មានកូននៅបុរស, ភាពមិន ប្រក្រតីនៃអារម្មណ៍ និងសកម្មភាពនៅយុវនារី ព្រមទាំងការកើនឡើងជំងឺបេះដូង, កកឈាមខួរក្បាល, ទឹកនោមផ្អែម ។
ពួកអ្នកស្រាវជ្រាវនៅមហាវិទ្យា Harvard (អាមេរិក) បានចែកមនុស្ស ៧៥នាក់ ទៅជា ២ក្រុម ដោយសំណូមពរក្រុមទី១ ទទួលទានស៊ុបដាក់ក្នុងប្រអប់សំណប៉ាហាំងក្នុងរយៈពេល ៥ថ្ងៃ ។ ក្រុមទី២ ទទួលទានស៊ុបក្នុងប្រអប់ពុំមានសំណប៉ាហាំង ។ ក្រោយពីរថ្ងៃសម្រាកកណ្តាលទី អាហារប័ណ្ណនេះត្រូវបានកែប្រែផ្លាស់ប្តូរ ។
លទ្ធផលបង្ហាញថា អ្នកទទួលទានអាហារដូច្នេះក្នុងរយៈពេល ៥ថ្ងៃ ជាប់គ្នាមានបរិមាណ BPA ក្នុងទឹកនោមកើនឡើង ១.២០០ភាគរយ ។
Jenny Carwile ប្រធានក្រុមស្រាវជ្រាវឱ្យដឹងថា “យើងខ្ញុំបានដឹងថា ការទទួលទានអាហារ ឬភេសជ្ជៈដាក់ក្នុងប្រអប់ជ័ររឹង អាចធ្វើឱ្យកើនបរិមាណ BPA ក្នុងឈាម ។ ការស្រាវជ្រាវនេះបង្ហាញថា ប្រអប់សំណប៉ាហាំងអាចមានគ្រោះថ្នាក់ជាងនេះ ទៅទៀត ពិសេសដោយសារវាត្រូវបានប្រើប្រាស់ទូលំទូលាយ” ។
ពួកជំនាញការក៏ទូន្មានដល់អ្នកចូលចិត្តរបស់ប្រអប់ គួរជ្រើសរើសអាហារស្រស់ៗ ក្នុងពេលរង់ចាំលទ្ធផលស្រាវជ្រាវស៊ីជម្រៅជាង ។
ការស្រាវជ្រាវមួយផ្សេងទៀត ប្រកាសដោយក្រុមអ្នកវិទ្យាសាស្ត្រ នៅវិទ្យាស្ថាន Silent Spring រដ្ឋ ម៉ាសជូសេត (អាមេរិក) កាលពីដើមឆ្នាំនេះក៏បង្ហាញថា ពេលដកចេញសមាសធាតុរបស់ប្រអប់ និងចំណីអាហារដាក់ក្នុងប្រអប់ជ័រ ពីរបបទទួលទានរបស់ ៥គ្រួសារ ក្នុងរយៈពេល ៣ថ្ងៃ នោះបរិមាណ BPA វាស់បានក្នុងឈាមរបស់ពួកគេថយចុះយ៉ាងច្រើន ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.