ឃាត់ខ្លួនប្រុស-ស្រី ៤នាក់ សម្ងំសេពគ្រឿងញៀន ក្នុងសណ្ឋាគារ

Posted on
  • Tuesday, January 24, 2012
  • by
  • angco.co
  • in
  • Labels: ,
  • កំពង់ចាមៈ នគរបាលប្រឆាំងគ្រឿងញៀន ខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យមាន នារី២នាក់ និងបុរស២នាក់ សម្ងំសេពគ្រឿងញៀន និងរឹបអូស បានវុត្ថុតាងមួយចំនួន កាលពីវេលាម៉ោង១ និង៤០នាទី រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១២ នៅក្នុងបន្ទប់លេខ៣១២ នៃសណ្ឋាគារ៧មករា ខេត្តកំពង់ចាម។
    លោក សោម រស់ ប្រធានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឲ្យដឹងថា កាលពីថ្ងៃទី២២ ខែមករា លោកឧត្តមសេនីយ៍ត្រីស្នងការ បានទទួលព័ត៌មានពីម្ចាស់សណ្ឋាគារ៧មករាថា មានមនុស្សមួយក្រុមបានជួលបន្ទប់ចំនួន៣ ហើយមានការចេញចូលខុសប្លែកពីធម្មតា។ បន្ទាប់ពីទទួលព័ត៌មាន ពីម្ចាស់សណ្ឋាគារ ទើបលោកស្នងការ បានចាត់កម្លាំងនគរបាលជំនាញឲ្យចុះស៊ើបអង្កេតជាបន្ទាន់។
    លោក សោម រស់ បានបន្តទៀតថា ការឃ្លាំមើលរបស់សមត្ថកិច្ច នគរបាលប្រឆាំងគ្រឿងញៀន រហូតដល់ម៉ោង១ នឹង៤០នាទីរសៀលថ្ងៃទី២៣ ទើបសមត្ថកិច្ចបានសម្រុកចូលក្នុងបន្ទប់៣១២ ហើយពេលនោះ មានជនសង្ស័យម្នាក់ បានរត់បុក និងប្រតាយប្រតប់សមត្ថកិច្ចរត់ចេញបាត់ ដោយពេលនោះជនសង្ស័យរូបនោះ បានបោះចោលថ្នាំញៀននៅក្រៅបន្ទប់។
    ក្នុងពេលជាមួយគ្នានោះ កម្លាំងសមត្ថកិច្ចបានបន្តចូលក្នុងបន្ទប់ និងឃាត់ខ្លួនប្រុស-ស្រី៤នាក់ ដែលកំពុង សម្ងំសេពគ្រឿងញៀន។ ជនសង្ស័យដែលបានឃាត់ខ្លួនមាន ១. ឈ្មោះ ឆាយ អ៊ី ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិកោះប៉ែន ឃុំកោះមិត្ត ស្រុកកំពង់សៀម, ទី២. ឈ្មោះ សុខ ស៊ាងហាច ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម, ទី៣. ឈ្មោះ កែវ ធារ៉ា ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម, ទី៤. ឈ្មោះ លី ស្រីនី ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
    លោក សោម រស់ បានបន្តទៀតថា ក្នុងប្រតិបត្តិការនោះសមត្ថកិច្ច បានឆែកឆេររកឃើញមានវត្ថុតាងថ្នាំញៀន ក្រាមពណ៌ស ចំនួន១៧កញ្ចប់តូច និង១កញ្ចប់ធំ ជញ្ជីងអេឡិចត្រូនិចមួយគ្រឿង និងឧបករណ៍ជក់គ្រឿងញៀន ថង់សម្រាប់វិចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។
    លោកវរសេនីយ៍ឯក ជឹម សេងហុង ស្នងការរងទទួលផែនការិយាល័យកណ្តាល នគរបាលយុត្តិធម៌ បានមានប្រសាសន៍ឲ្យដឹងផងដែរថា ការបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើ បានជោគជ័យ ដោយមានការសហការពីម្ចាស់សណ្ឋាគារ៧មករា បានរាយការណ៍ មកសមត្ថកិច្ចនគរបាលបានទាន់ពេលវេលា ។
    លោកស្នងការរង បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ និងម្ចាស់ផ្ទះសំណាក់ទាំងអស់ នៅក្នុងខេត្តកំពង់ចាម សូមមេត្តារាយការណ៍មកសមត្ថកិច្ចឲ្យបានទាន់ពេលវេលា បើសិនជាមានករណីសង្ស័យថា មានការប្រើប្រាស់ និងចែកចាយគ្រឿងញៀននៅក្នុងបន្ទប់ជួល៕ ប្រភព
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.