យក​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ទៅ​សម្លាប់​ចៃ​ស្លាប់​ទាំង​ខ្លួន​ឯង


ពោធិ៍សាត់ៈ ដោយ​សារ​តែ​ខ្វះ​ការ​យល់​ដឹង​បាន​ទៅ​យក​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ទៅ​ប្រើ​លើ​សក់​ដើម្បី​សម្លាប់​ចៃ បាន​បណ្តាល​ឲ្យ​ស្ត្រី​មេម៉ាយ​វ័យ​ក្មេង​ម្នាក់ រស់នៅ​ភូមិ​ជ្រៃក្រឹម ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំ​ក្រវាញ ខេត្ត​ពោធិ៍សាត់ ដេក​ស្លាប់​នៅ​ក្រោម​ផ្ទះ​ខ្លួន​យ៉ាង​អាណោច​អាធ័ម កាល​ថ្ងៃ​ទី​១៩ ខែ​មករា។
លោក ឌុល ប៉ន នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ផ្ទះ​រុង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ពីថ្ងៃ​អាទិត្យ​ថា ជន​រងគ្រោះ​គឺជា​ស្ត្រី​មេម៉ាយ ឈ្មោះ ហ៊ុន នេត អាយុ​១៩​ឆ្នាំ មាន​កូន​ប្រុស​ម្នាក់​អាយុ​ជិត​៩​ខែ។ លោក​ថា ស្រី​រូប​នេះ​បាន​ស្លាប់​ដោយ​សារ​ការ​យក​ថ្នាំ​បាញ់​សម្លាប់​សត្វ​ល្អិត ម៉ាក​ស៊ូ ពែរមែន ទៅ​លាប​សក់​ជិត​៣ ម៉ោង ទើប​មាន​គ្រោះថ្នាក់​បែប​នេះ។
លោក​មេ​ប៉ុស្តិ៍​បញ្ជាក់​ថា មន្ត្រី​ផ្នែក​បច្ចេកទេស​និង​ផ្នែក​កោសល្យវិច័យ​ពិនិត្យ​ឃើញ​ថា ​នៅ​លើ​ស្បែក​ក្បាល​ស្ត្រី​រងគ្រោះ​មាន​ដំបៅ​ជាច្រើន​កន្លែង នៅ​ពេល​នាង​ប្រើ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ពី​លើ ថ្នាំ​បាន​ជ្រាប​ចូល​ខួរ​ក្បាល​តាម​ដំបៅ ទើប​បណ្តាល​ឲ្យ​មាន​ប្រតិកម្ម ដំបៅ​ឡើង​ជាំៗ រលាក​ពេញ​ក្បាល​ពុល​ស្លាប់​តែ​ម្តង​។ លោក​និយាយ​ថា៖ «នៅ​ថ្ងៃ​កើត​ហេតុ គ្រួសារ​នាង​នាំ​គ្នា​ទៅ​ដាំ​ដំឡូង​នៅឯ​ចម្ការ​មិន​មាន​អ្នក​ណា​នៅ​ផ្ទះ​ជាមួយ​ទេ។ ចំណែក​អ្នក​ជិត​ខាង​ពេល​ពួក​គេ​មក​ដល់​កន្លែង​កើត​ហេតុ នាង​បាន​ផុត​ដង្ហើម​ទៅ​ហើយ។
ម្តាយ​ស្ត្រី​រងគ្រោះ ឈ្មោះ រស់ សារឿន អាយុ​៥៣​ឆ្នាំ បាន​ឲ្យ​ដឹង​ថា មុន​ស្លាប់​១​ថ្ងៃ កូន​ប្រុស​ស្រី​គាត់​៣​នាក់​រួម​ទាំង​ស្ត្រី​រងគ្រោះ​ផង​បាន​បបួល​គ្នា​ទៅ​ទិញ​ថ្នាំ​ស៊ូពែរមែន​មក​ដាក់​សម្លាប់​ចៃ ប៉ុន្តែ អកុសល មាន​តែ​កូនស្រី​ម្នាក់​នេះ ដែល​បាន​យក​ថ្នាំ​នោះ​មក​លាប​មុន​គេ​រហូត​ស្លាប់​បែប​នេះ​។ គាត់​និយាយ​ថា៖ «ថ្នាំ​នោះ មិន​ដឹង​ជា​កូន​ខ្ញុំ​បាន​មក​ពី​ណា​ទេ ហើយ​ក៏​មិន​ដឹង​ថា តើ​អ្នក​ណា​ជា​អ្នក​ណែនាំ​វា​ឲ្យ​ធ្វើ​របៀប​នេះ​ដែរ»៕ source



0 comments:

Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.