រថយន្តលុច្សស៊ីស បុកម៉ូតូ បណ្តាល ឲ្យបុរសម្នាក់ស្លាប់ ចំថ្ងៃសែនចូលឆ្នាំចិន


កណ្តាលៈ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ចំថ្ងៃសែនចូលឆ្នាំចិន ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ ចរាចរណ៍ រថយន្តបុកម៉ូតូ នៅលើកំណាត់ផ្លូវជាតិ ស្ថិតក្នុងភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០១២។
យោងតាមប្រភពពីមន្រ្តីនគរបាលចរាចរណ៍ខេត្តកណ្តាល បានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តលុច្ស RX-300  ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2K-0494 មួយគ្រឿង បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានបើករថយន្តចេញពីតាមក្លោងទ្វាររោងចក្រ QIM ហើយជិះឆ្លងថ្នល់ក្នុងទិសដៅពីជើងទៅត្បូង។ លុះដល់ចំណុចកើតហេតុ រថយន្តមួយនេះបានបត់ទៅកើង ក៏ជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿង ម៉ាកគុបជ្រុង ពណ៌ខៀវ ពាក់ស្លាកលេខ ក.៧៤៦៦.ភព១ បណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូ ដែលបើកបរដោយមិនពាក់ មួកសុវត្ថិភាពនោះ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ប្រភពពីមន្រ្តីនគរបាលបានឲ្យដឹងទៀតថា បុរសជាម្ចាស់ម៉ូតូ ដែលស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ ឈ្មោះ គុណ ធារិទ្ធ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិក្រាំងដួង ឃុំព្រៃក្រសាំង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។
ក្រោយពេលកើតហេតុបុរសជាម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ រីឯរថយន្ត និងម៉ូតូ ដែលរងការខូចខាតនោះ ត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុករង់ចាំការដោះស្រាយ៕​ source
Photo by DAP-NEWS
Photo by DAP-NEWS



0 comments:

Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.