
សកម្មភាពរបស់កងទ័ពកម្ពុជានៅក្នុងការការពារទឹកដីនៅតំបន់ប្រាសាទព្រះវិហារ កាលពីដើមខែកុម្ភៈ ឆ្នាំ២០១១។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ កិច្ចចរចាដើម្បីត្រួសត្រាយផ្លូវ ដល់ការដកកងទ័ពកម្ពុជា និងថៃ ចេញពីតំបន់វិវាទព្រំដែន ជុំវិញប្រាសាទព្រះវិហារ អាចធ្វើឡើងនៅមុនដំណាច់ខែមករានេះ។ នេះបើយោងតាមលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងឲ្យដឹងកាលពីម្សិលមិញ។
លោកឈុំ សុជាតិ បានឲ្យដឹងថា បើទោះបីជាគ្មានកាលបរិច្ឆេទច្បាស់លាស់ ត្រូវបានកំណត់ឡើង សម្រាប់កិច្ចប្រជុំ រវាងក្រុមការងារចម្រុះកម្ពុជា និងថៃ ដែលរៀបចំឡើង ដើម្បីសម្រួលដល់ការដកកងទ័ពចេញពីតំបន់គ្មានយោធាបណ្តោះអាសន្នក៏ ដោយ ក៏ប៉ុន្តែ លិខិតអញ្ជើញពីភាគីថៃ សម្រាប់កិច្ចប្រជុំនោះ ត្រូវបានរំពឹងថា នឹងត្រូវបញ្ជូនមកភាគីកម្ពុជា ក្នុងពេលឆាប់ៗនេះ។
លោកបានបញ្ជាក់ថា៖ «យើងត្រៀមជាស្រេច ដើម្បីចូលរួមក្នុងកិច្ចប្រជុំ...ហើយយើងសង្ឃឹមថា កិច្ចប្រជុំ នឹងត្រូវរៀបចំឡើង នៅចុងខែនេះ»។
ក្រុមការងារចម្រុះ ត្រូវបានបង្កើតឡើង កាលពីខែមុន ក្នុងអំឡុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ដែលក្នុងកិច្ចប្រជុំនោះប្រទេសជិតខាងទាំងពីរ បានធ្វើការចរចា ពីដំណើរការដកកងទ័ពចេញពីតំបន់គ្មានយោធាបណ្តោះអាសន្ន ទំហំ ១៧ គីឡូម៉ែត្រការ៉េ ដែលកំណត់ដោយដីកាសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិកាលពី ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំមុន។
នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន នៅរាជធានីភ្នំពេញ កាលពីម្សិលមិញ លោក ទៀបាញ់ រដ្ឋមន្រ្តីការពារជាតិ បានថ្លែងថា ក្រុមការងារចម្រុះ នឹងពិភាក្សាលម្អិត អំពីថា តើនឹងត្រូវដកកងទ័ព ចេញពីតំបន់គ្មានយោធាជាបណ្តោះអាសន្ន ដោយរបៀបណា ដើម្បីត្រួសត្រាយផ្លូវ ឲ្យក្រុមអ្នកអង្កេតចម្រុះរវាងកម្ពុជា ថៃនិងឥណ្ឌូនេស៊ីចូលមក។
លោក ឈុំ សុជាតិ បន្តថា៖ «យើងនឹងពិភាក្សាលម្អិត អំពីការអនុវត្តសេចក្តីសម្រេច ស្តីពីវិធានបន្ទាន់របស់តុលាការយុតិ្តធម៌អន្តរជាតិ។ ការដាក់ពង្រាយ ឬការដកកងទ័ព នឹងជាប្រធានបទសំខាន់ណាស់»។
កាសែត Jakarta Post បានរាយការណ៍ កាលពីម្សិលមិញថា លោក Agus Suhartono ឧត្តមសេនីយ៍កងទ័ពឥណ្ឌូនេស៊ី បានថ្លែងថា អ្នកអង្កេតការណ៍ព្រំដែនឥណ្ឌូនេស៊ី នឹងត្រូវដាក់ពង្រាយនៅប្រាសាទព្រះវិហារ យ៉ាងយូរបំផុត នៅមុនថ្ងៃទី ២ ខែឧសភា។
ប៉ុន្តែ កាលពីម្សិលមិញ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបដិសេធថា មិនមានការកំណត់ថ្ងៃ សម្រាប់ការដាក់ពង្រាយអ្នកអង្កេតការណ៍នោះឡើយ។ លោកបន្ថែមថា៖ «រដ្ឋាភិបាលកម្ពុជា ក៏បានលើកឡើងផងដែរថា ការដាក់អ្នកអង្កេតការណ៍នឹងធ្វើឡើង នៅពេលដកកងទ័ពចេញ ហើយរហូតមកដល់ពេលនេះ ពុំមានកាលបរិច្ឆេទសម្រាប់ការដកកងទ័ព ពីតំបន់គ្មានយោធានោះនៅឡើយទេ»។
ទន្ទឹមនឹងនេះ មានការភ័យខ្លាចពីការប៉ះទង្គិចគ្នាជាថ្មី កាលពីថ្ងៃចន្ទ បន្ទាប់ពីទាហានកម្ពុជា និងថៃ បានប្រឈមតទល់គ្នា នៅក្បែរតំបន់វិវាទទំហំ ៤,៦ គីឡូម៉ែត្រការ៉េ ជុំវិញប្រាសាទព្រះវិហារ។
ប្រភពមួយដែលជិតស្និតនឹងលោក Thanatip Sawangsaeng អ្នកនាំពាក្យក្រសួងការពារជាតិថៃ បានថ្លែងថា ជម្លោះកើតឡើង ព្រោះវាមិនច្បាស់ទេថា តើទាហានក្នុងទឹកដីកម្ពុជា ឬថៃ។ លោកបន្ថែមថា៖ «គ្មានអំពើហិង្សា ឬការបាញ់ប្រហារគ្នាទេ ពួកគេគ្រាន់តែនិយាយគ្នាប៉ុណ្ណោះ ហើយការវិវឌ្ឍចុងក្រោយ គឺអង្គភាពមូលដ្ឋាន កំពុងពិភាក្សា អំពីការបញ្ចប់បញ្ហា»។ លោកបន្តថា វិធានការ ត្រូវបានអនុវត្ត ដើម្បីព្រមានអ្នកទេសចរណ៍ កុំឲ្យវង្វេង ចូលទៅក្នុងតំបន់នោះ៕
រាយការណ៍បន្ថែម David Boyle
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.