
សង្វាក់ផលិតកម្មនៃការផលិតមីនៅរោងចក្រផលិតមីរបស់ក្រុមហ៊ុន ម៉ែន សារុន ។ រូបថត ម៉ៃ វីរៈ
ភ្នំពេញៈ ក្រុមហ៊ុន ម៉ែនសារុន ដែលជាក្រុមហ៊ុនផលិតមីក្នុងស្រុកតែមួយគត់នៅកម្ពុជាបានឲ្យ ដឹងថា តម្រូវការក្នុងស្រុកបានធ្វើឲ្យកំណើននៃការលក់របស់ក្រុមហ៊ុន បានកើនឡើង។
ប្រធានគ្រប់គ្រងទូទៅរោងចក្រផលិតមីយើង បានឲ្យដឹងថា ការលក់ផលិតផលមីរបស់ក្រុមហ៊ុននៅ ២០១១ កើន១៥ភាគរយ បើធៀបនឹងឆ្នាំ២០១០។
លោក លិញ ថន បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីចុងសប្តាហ៍មុនថា ការលក់មីរបស់ក្រុមហ៊ុន នៅ២០១១បានចំនួនប្រមាណ១,៣៨លានកេស បើធៀបនឹងឆ្នាំ ២០១០ ដែលលក់បានត្រឹមតែ១,២លានកេសប៉ុណ្ណោះ។ លោកបញ្ជាក់ថា៖ «ដោយសារតែប្រជាពលរដ្ឋមានការយល់ដឹង និងមានការគាំទ្រផលិតផលរបស់ខ្មែរ»។
លោកបន្តថា សព្វថ្ងៃផលិតផលមីយើងបានចែកចាយនៅគ្រប់ខេត្តក្រុងនៅទូទាំង ប្រទេស ហើយកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លាជាមួយផលិតផលមី នាំចូលពីបរទេស។
លោកបន្ថែមថា ការលក់នៅឆ្នាំនេះនឹងសម្រេចបានកាន់តែច្រើនលើស២០១១ ព្រោះនៅឆ្នាំនេះក្រុមហ៊ុនត្រៀមនាំចេញទៅទីផ្សារអាមេរិក និងអឺរ៉ុបផងដែរ។
បច្ចុប្បន្នក្រុមហ៊ុនផលិតមីបីប្រភេទគឺ មីយើង មីខ្មែរយើង និងមីប្រាជ្ញា ដែលផលិតសរុបក្នុងមួយថ្ងៃប្រមាណ៧ពាន់កេស។
លោក ម៉េង ស័ក្កធារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មនៃក្រសួងឧស្សាកម្មរ៉ែ និងថាមពលថ្លែងថា ផលិតផលក្នុងស្រុកកាន់តែមានគុណភាព និងស្តង់ដារសម្រាប់ប្រកួតប្រជែងជាមួយផលិតផលនាំចូល។
លោកនិយាយថា៖ «ឥឡូវនេះឃើញថាយើងកាន់តែធ្វើបានល្អ និងមានការផ្សព្វផ្សាយច្រើនហើយអ្នកយក ទៅប្រើប្រាស់គាត់ឃើញថាមានគុណភាពល្អ ដូច្នេះធ្វើឲ្យគាត់មានទំនុកចិត្ត»៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.