
កម្មករកំពុងចាក់គ្រាប់ពោតចូលក្នុងរថយន្ត សម្រាប់នាំចេញ។ ការនាំចេញផលកសិកម្មពីកម្ពុជាទៅវៀតណាមបានកើនឡើង ខណៈការនាំទៅថៃត្រូវបានហាមឃាត់ ។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ ការនាំចេញសរុបរបស់កម្ពុជាទៅប្រទេសវៀតណាមនៅឆ្នាំ ២០១១ បានកើនឡើង ប្រមាណ៥៥ភាគរយ បើធៀបនឹងឆ្នាំ២០១០។ មន្ត្រីអះអាងថា សេដ្ឋកិច្ចកាន់តែប្រសើរ គួបផ្សំនឹងការផ្អាកការនាំចេញផលកសិកម្មរបស់កម្ពុជា ទៅប្រទេសថៃជាបណ្តោះអាសន្ន បានធ្វើឲ្យការនាំចេញទៅវៀតណាមកើនឡើង។
ទិន្នន័យជាផ្លូវការទទួលបានពីការិយាល័យលើកកម្ពស់ពាណិជ្ជកម្ម (TPO) នៅស្ថានទូតវៀតណាមប្រចាំកម្ពុជា បានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម បានកើនឡើង ៥៤,៧៥ភាគរយ នៅឆ្នាំ២០១១ ពោលគឺកើនឡើងពី១,៨២៨ពាន់លានដុល្លារ កាលពីឆ្នាំ២០១០ រហូតដល់ ២,៨២៩ពាន់លានដុល្លារ។
ការនាំចេញសរុបរបស់កម្ពុជា ទៅវៀតណាម បានកើនឡើង ៥៤,៨៧ភាគរយ រហូតដល់ ៤២៩លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១០ ដែលមានត្រឹមតែ ២៧៧លានដុល្លារប៉ុណ្ណោះ។ ទន្ទឹមនឹងនេះដែរ ការនាំចូលសរុបពីវៀតណាមមកវិញ បានកើនឡើង ៥៤,៦៣ភាគរយ ពោលគឺពី ១,៥៥២ពាន់លានដុល្លារ រហូតដល់ ២,៤ពាន់លានដុល្លារ។
លោក ច័ន្ទ នរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា គោលនយោបាយរបស់រដ្ឋាភិបាល ស្តីពីការលើកកម្ពស់ពាណិជ្ជកម្ម ជាមួយប្រទេសជិតខាង តាមរយៈការលើកកម្ពស់ពាណិជ្ជកម្មតាមព្រំដែន និងការសម្របសម្រួលប៉ុស្តិ៍ត្រួតពិនិត្យតាមព្រំដែន ក៏ដូចជាការរីកចម្រើននៃសេដ្ឋកិច្ច ជាកត្តាដ៏សំខាន់ ក្នុងចំណោមកត្តាផ្សេងៗទៀត ដែលនាំឲ្យមានកំណើនកាលពីឆ្នាំមុន។
លោកបានគូសបញ្ជាក់អំពីបញ្ហាព្រំដែនជាមួយប្រទេសថៃ កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ ហើយការហាមឃាត់ផលដំណាំរបស់កម្ពុជា ធ្វើឲ្យប្រជាជនចេះស្វែងរកគោលដៅនាំចេញផ្សេងទៀត។
លោកថ្លែងថា៖ «យើងបានកត់សម្គាល់ឃើញថា ផលដំណាំរបស់យើង បាននាំចេញយ៉ាងច្រើនទៅកាន់ប្រទេសវៀតណាមកាលពីឆ្នាំមុន ច្រើនជាងនាំចេញទៅប្រទេសថៃដែលបានផ្អាកការទិញទំនិញពីយើងនៅពេល ដែលការច្រូតកាត់របស់ពួកគេ មកដល់ ដោយពួកគេទិញផលដំណាំរបស់ពួកគេជាមុនសិន។ ដូច្នេះ កសិកររបស់យើង ត្រូវលក់ទៅឲ្យវៀតណាម ដែលងាយស្រួល ហើយមានតម្លៃខ្ពស់»។
ភ្នំពេញ ប៉ុស្តិ៍ បានរាយការណ៍កាលពីពេលថ្មីៗនេះថា ការនាំចេញសរុបរបស់កម្ពុជាទៅប្រទេសថៃ បានធ្លាក់ចុះជាង២០ភាគរយ គិតត្រឹមខែវិច្ឆិកា បើធៀបនឹងរយៈពេលដូចគ្នាពី២០១០។
លោក ត្រាន ទូ មន្ត្រីប្រចាំការិយាល័យលើកកម្ពស់ពាណិជ្ជកម្មវៀតណាម បានសរសេរអ៊ីមែលមកភ្នំពេញ ប៉ុស្តិ៍កាលពីថ្ងៃចន្ទថា បន្ទាប់ពីការលំបាកកាលពីឆ្នាំ២០០៩-២០១០ បានកន្លងផុតទៅ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម បានកើនឡើងម្តងទៀត។
លោកលើកឡើងថា៖ «កំណើននេះ បណ្តាលមកពីភាគីទាំងពីរ បាននិងកំពុងខិតខំប្រឹងប្រែងលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី ដោយធ្វើសកម្មភាពជាច្រើន ដូចជា ពិព័រណ៍ពាណិជ្ជកម្ម ការចុះកិច្ចព្រមព្រៀងលើកលែងពន្ធ ការលើកទឹកចិត្តឲ្យមានពាណិជ្ជកម្មឆ្លងដែន។ល។»។
លោក ត្រាន ទូ បានឲ្យដឹងថា កំណើនប្រាក់ចំណូលរបស់កម្ពុជាទាមទារឲ្យមានការនាំចូលកាន់តែ ច្រើនដើម្បីបំពេញតម្រូវការក្នុងស្រុក។
លោកថ្លែងថា៖ «ជាការពិតណាស់ ផលិតផលធ្វើនៅវៀតណាម អាចបំពេញតម្រូវការប្រើប្រាស់របស់ប្រជាជនកម្ពុជា ពិសេសផលិតផលវៀតណាម ដែលមានគុណភាពល្អ ហើយមានតម្លៃថោកជាងផលិតផលផ្សេងៗទៀត »។
ទិន្នន័យបង្ហាញថា កម្ពុជាបាននាំចូលពីវៀតណាមនូវផលិតផល អាហារសមុទ្រ បន្លែ កាហ្វេ ប្លាស្ទិក សម្លៀកបំពាក់ ស្បែកជើង កញ្ចក់ ដែកថែបគ្រប់ប្រភេទ កុំព្យូទ័រ និងគ្រឿងបន្លាស់ គ្រឿងយន្ត ទូរស័ព្ទ។ល។ ចំណែកវៀតណាមវិញ បាននាំចូលផលិតផលកសិកម្ម ពោត ថ្នាំជក់ ជ័រកៅស៊ូ ឈើ ដែកអេតចាយពីប្រទេសកម្ពុជា៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.