សម្ល​កកូរ​មាន​ប្រភព​មក​ពីណា?

Posted on
  • Tuesday, January 10, 2012
  • by
  • angco.co
  • in
  • Labels:

  • ប្រិយមិត្ត​ទាំង​អស់​ប្រាកដ​ជា​ស្គាល់​យ៉ាង​ច្បាស់​ពី​មុខ​ម្ហូប​ខ្មែរ​មួយ​មុខ​ ដែល​ផ្សំ​ឡើង​ពី​បន្លែ​ជា​ច្រើន​ប្រភេទ និង​មាន​រសជាតិ​ឆ្ងាញ់​ពិសា និង​ជា​មុខ​ម្ហូប​ពេញ​និយម​ក្នុង​គ្រួសារ​ខ្មែរ​យើង នោះ​គឺ​មុខ​ម្ហូប “​សម្ល​កកូរ”។ មិន​ត្រឹម​តែ​ចង់​ភ្លក់​រសជាតិ​ម្ហូប​ខ្មែរ​នេះ តែ​បង​ប្អូន​ប្រហែល​ជា​ចង់​ដឹង​ពី​ប្រវត្តិ​មុខ​ម្ហូប​មួយ​នេះ​ទៀត​មែន​ទេ?
    Sabay នឹង​នាំ​អារម្មណ៍​មិត្ត​អ្នក​អាន​ទាំង​អស់​ទៅ​ស្ដាប់​រឿង​ដំណាល​មួយ​ពាក់ព័ន្ធ​នឹង​សម្ល​កកូរ​ខ្មែរ​នេះ។
    [កាល​នោះ ​មាន​រឿង​ដំណាល​ថា មាន​ព្រះអង្គម្ចាស់​មួយ​អង្គ​ព្រះនាម គុជមនោរាជ។ ថ្ងៃ​មួយ​ព្រះអង្គ​ចង់​យាង​ទៅ​ប្រពាត​ព្រៃ​ក៏​គង់​នៅ​លើ​សេះ ដើម្បី​ទៅ​បរបាញ់​សត្វ​ព្រៃ​កម្សាន្ត​ហឫទ័យ​មួយ​អង្គ​ឯង​ដោយ​ពុំ​ឲ្យ​នរណា​ម្នាក់​ដឹង​​ឡើយ។ ពេល​ទៅ​ដល់​ក្នុង​ព្រៃ ព្រះអង្គ​បាន​សព្វ​ព្រះរាជ​ហឫទ័យ​ស្លុង​នឹង​សម្រស់​ធម្មជាតិ។ ក្នុង​ខណៈ​នោះ ព្រះអង្គ​បាន​ទត​ឃើញ​សត្វ​ឈ្លូស​មួយ​ក្បាល​កំពុង​ស៊ី​ស្មៅ​ដោយ​ឥត​ដឹង​ខ្លួន។ ព្រះអង្គ​ចង់​បញ្ចេញ​ស្នាដៃ​សាក​ល្បង ក៏​ទាញ​ធ្នូ​មក​បាញ់​សំដៅ​​ឈ្លូស​នោះ ប៉ុន្តែ​ផ្លែ​ព្រួញ​នោះ​រត់​ទៅ​មិន​ចំ​គោលដៅ បែរ​ទៅ​ជាប់​គល់​ឈើ​ទៅ​វិញ ហើយ​ឈ្លូស​ក៏​រត់​គេច​យ៉ាង​លឿន ខណៈ​ដែល​ព្រះ​អង្គ​ខំ​ប្រឹង​បំផាយ​សេះ​ដេញ​តាម​កាត់​វាល​ចូល​ព្រៃ​ដោយ​មិន​គិត​ពី​គ្រោះថ្នាក់​ឡើយ។
    មិន​ត្រឹម​តែ​ដេញ​មិន​ទាន់​សត្វ​នោះ ព្រះ​អង្គ​ថែម​ទាំង​អស់​កម្លាំង​ហេវ​ហត់​ ខ្លួន​ប្រាណ​មុត​បន្លា ស្នាម​មែក​ឈើ​វាត់​ត្រូវ​ពេញ​ទាំង​ខ្លួន និង​ថែម​ទាំង​វង្វេង​មិន​ដឹង​ទៅ​ខាង​ណា​ទៀត។ ខណៈ​នោះ ​ព្រះអង្គ​បាន​ទត​ឃើញ​ដំបូល​ផ្ទះ​មួយ​នៅ​ឆ្ងាយ ក៏​ខំ​ប្រឹង​តស៊ូជិះ​សេះ​សំដៅ​ទៅ​ភូមិ​នេះ។
    ដោយ​អស់​កម្លាំង​ពេក ព្រះអង្គ​ក៏​សន្លប់​ទ្រាប លែង​ដឹង​ខ្លួន​នៅ​លើ​ខ្នង​សេះ ឯ​សេះ​ក៏​ចេះ​តែ​ដើរ​ទៅ​មុខ​រហូត​ដល់​ផ្ទះ​មួយ​នៅ​ចុង​ភូមិ។ ព្រះអង្គ​ត្រូវ​បាន​ជួយ​សង្គ្រោះ និង​ស្នាក់​នៅ​ផ្ទះ​​តូច​នៃ​គ្រួសារ​មួយ​ មាន​សមាជិក​បី​នាក់ ឪពុក​ម្ដាយ និង​កូន​ស្រី​ម្នាក់។ រស់​នៅ​ទី​នោះ ព្រះ​អង្គ​តែងតែ​ឃើញ​គ្រួសារ​នេះ ​ចម្អិន​ម្ហូប​ដដែលៗ​ ដែល​មាន​ដាក់​បន្លែ​ជាច្រើន​មុខ ហើយ​ព្រះអង្គ​នឹក​ងឿង​ឆ្ងល់​ក្នុង​ហឫទ័យ​ក៏​សួរ​ទៅ​កាន់ នាង​ជា​កូន​ស្រី​ថា តើ​នេះ​ជា​អ្វី? “គឺ​សម្ល​១០០មុខ" នាង​នោះ​ឆ្លើយ។
    ងាក​មក​និយាយ​ពី​ព្រះបរមរាជវាំង​វិញ មាតាបិតា​មាន​កង្វល់​ជា​ខ្លាំង ​ដោយ​បាត់​ដំណឹង​ពី​ព្រះ​អង្គ​ម្ចាស់ ហើយ​បាន​បញ្ជា​គ្រប់​ពល​សេនា​ទាំង​អស់​តាម​រក​គ្រប់​ទី​កន្លែង។ គាប់​ជូន​​ពល​សេនា​បាន​ប្រទះ​ឃើញ​ព្រះអង្គ​ខណៈ​ដែល​ទ្រង់​កំពុង​តែ​យាង​កម្សាន្ត​ជាមួយ​នឹង​នាង​ក្រមុំ​ព្រៃ​ភ្នំ​​នៅ​ក្នុង​ចម្ការ​មួយ ហើយ​សេនា​ក៏​បាន​នាំ​ព្រះអង្គ​ចូល​រាជវាំង​វិញ​ា​ក្រោយ​ពី​បាន​ស្ដាប់​ដឹង​ដំណើរ​រឿង​ទាំង​អស់។
    ពេល​បាន​ទៅ​ជួបជុំ​ព្រះ​មាតាបិតា​វិញ អ្វី​ដែល​ធ្វើ​ឲ្យ​ទ្រង់​នឹង​រលឹក​ជាង​គេ​គឺ នាង​ក្រមុំ​ដែល​បាន​ស្ល​សម្ល​ម្យ៉ាង​មាន​រសជាតិ​ឆ្ងាញ់​ប្លែក​មិន​ដែល​ជួប។ ព្រះអង្គម្ចាស់ បាន​រៀបរាប់​ដំណើរ​រឿង​ទាំង​អស់​ប្រាប់​ទៅ​មាតាបិតា ហើយ​ពោល​ដដែល​ៗ​ថា "នៅ​ថ្ងៃ​ណា​មួយ​ទួល​បង្គំ​នឹង​នាំ​អ្នក​ទាំង​អស់​គ្នា​ឲ្យ​ទៅ​ភ្លក់​រសជាតិ​សម្ល​នោះ ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់ ​ហើយ​សោយ​ទៅ​ធ្វើ​ឲ្យ​ស្រួល​ខ្លួន​មាន​សុខភាព​ល្អ...”
    ដោយ​ចង់​បំពេញ​ចិត្ត​កូន ណា​ក៏​ចង់​ដឹង​ថា​តើ​សម្ល​នោះ​មាន​រសជាតិ​ឆ្ងាញ់​ដល់​កម្រិត​ណា​បាន​ធ្វើ​ឲ្យ​បុត្រា​ខ្លួន​រំលឹក​មិន​ដាច់​ពី​មាត់​សោះ​នោះ ព្រះរាជា​ក៏​បាន​បញ្ជា​ពល​សេនា​ឲ្យ​រៀបចំ​ជំនិះ​ យាង​សំដៅ​ទៅ​ផ្ទះ​នាង​នោះ។
    បំពេញ​សំណូមពរ​របស់​ព្រះរាជា​ នាង​ក្រមុំ រួម​ជាមួយ​ឪពុក​ម្ដាយ​និង​ញាតិ​មិត្ត​ទាំង​អស់​ បាន​មក​ជុំ​គ្នា​ធ្វើ​សម្ល ១០០ មុខ​នេះ​ថ្វាយ​ដល់​ព្រះរាជា។
    សកម្មភាព​នៃ​អ្នក​ចម្អិន អ្នក​ខ្លះ​រក​នេះ អ្នក​ខ្លះ​រក​នោះ បន្ទាប់​មក​នាំ​គ្នា​ផ្សែផ្សំ​បន្លែ គ្រឿង​និង​កូរ​ចូល​គ្នា ​មើល​ទៅ​ពិត​ជា​ស័ក្ដិសម​នឹង​ឈ្មោះ​នេះ​ណាស់។ ពេល​នោះ​ ព្រះរាជា​ពិត​ជា​ទប់​ហឫទ័យ​​មិន​បាន​ ក៏​សុំ​ភ្លក់​សាកមើល "ឆ្ងាញ់​មែន! តែ​ដូច​ជា​ខ្វះ​អ្វី​ម្យ៉ាង...”។ ​ព្រះរាជា​មាន​បន្ទូល​ក្រោយ​ភ្លក់។ ពេល​នោះ​ស្រាប់​តែ​ព្រះអង្គ ងាក​ទៅ​​ឃើញ​អង្ករលីង​នៅ​ក្បែរ​នោះ ក៏​បង់​ចូល​ទៅ​ក្នុង​ខ្ទះ​សម្ល ហើយ​ភ្លក់​មើល​ម្ដង​ទៀត​ហើយ​លាន់​មាត់​ថា "ឆ្ងាញ់​ណាស់ៗ!"។
    នឹក​មិន​អស់​ចិត្ត​នឹង​ឈ្មោះ​សម្ល​នេះ ដោយសារ​ព្រះអង្គ​ទត​ឃើញ​សកម្មភាព​នៃ​អ្នក​ចម្អិន​កូរ​រហូត​នោះ ព្រះរាជា​ក៏​មាន​បន្ទូល​ទៀត "សម្ល​នេះ ឃើញ​តែ​កូរ បើ​ដូរ​ឈ្មោះ​ទៅ​ជា​សម្ល​កកូរ​ទើប​ត្រូវ​ជាង"។ ពេល​នោះ អ្នក​ស្រុក​ទាំង​អស់​នៅ​ទីនោះ​ក៏​បាន​ស្រែក​ហ៊ោគាំទ្រ​នឹង​ឈ្មោះ​ថ្មី​នៃ​មុខ​ម្ហូប​ខ្មែរ​មួយ​នេះ។
    ព្រះអង្គ​មាន​ក្ដី​សោមនស្ស​ជា​ខ្លាំង​ដែល​បាន​ស្គាល់ ជួយ​ផ្សំ​គ្រឿង​និង​ថែម​ទាំង​បាន​ដូរ​ឈ្មោះ​សម្ល​ដែល​មាន​រសជាតិ​ឆ្ងាញ់​របស់​ខ្មែរ​មួយ​មុខ​នេះ ហើយ​ចាប់​ពី​ពេល​នោះ​មក សម្ល​កកូរ​កាន់​តែ​​និយម​ចម្អិន​ជា​លំដាប់​នៅ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម្ពុជា​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។]
    លោកអ៊ាន សុធាវី អនុប្រធាននាយកដ្ឋានអភិវឌ្ឍវប្បធម៌
    យ៉ាង​ម៉េច​ដែរ​ក្រោយ​ពី​បាន​ស្ដាប់​រឿង​ដំណាល​ទាក់ទង​នឹង​មុខ​ម្ហូប​សម្ល​កកូរ​ខ្មែរ។ គេ​​សង្កេត​ឃើញ​ថា សម្ល​មួយ​មុខ​នេះ​មាន​ដើម​កំណើត​ពី​អ្នក​រស់នៅ​តាម​ព្រៃ​ដាច់​ស្រយាល​ដែល​មាន​ការ​ច្នៃ​ប្រឌិត​ក្នុង​ការ​ផ្សំ​បន្លែ​ដែល​មាន​មក​ចម្អិន​ធ្វើ​ជា​ម្ហូប​ទទួល​ទាន​ប្រចាំ​ថ្ងៃ​ប្រកប​ដោយ​រសជាតិ​ឆ្ងាញ់​ពិសា។​ យ៉ាង​ណា​មិញ ដោយសារ​ខ្មែរ​មាន​វប្បធម៌​ចេះ​ជួយ​គ្នា ចេះ​ចែករំលែក​គ្នា​ទើប​បាន​ធ្វើ​ឲ្យ​មុខ​ម្ហូប​ខ្មែរ​មួយ​នេះ​កាន់​តែ​ត្រូវ​បាន​គេ​ស្គាល់ និង​និយម​ធ្វើ​តៗ​គ្នា​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ។
    ប្រវត្តិ​នៃ​រឿង​ដំណាល​ទាក់ទង​នឹង​ “សម្ល១០០​មុខ ឬ​សម្ល​កកូរ ” នេះ​ត្រូវ​បាន​ផ្ដល់​ដោយ​លោក អ៊ាន សុធាវីអនុប្រធាន​នាយកដ្ឋាន​អភិវឌ្ឍ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.