នំបញ្ចុក​ នៅ​តែ​​​ពេញ​និយម​សម្រាប់​​ប្រជាពលរដ្ឋ​ខ្មែរ​


“នំបញ្ចុក​” គឺ​ជា​មុខ​ម្ហូប​មួយ​ប្រភេទ​​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​និយម​ចូលចិត្ត កើត​ឡើង​​ពី​ការ​​រួម​ផ្សំ​អំពី​ភោគ​ផល​ មាន​សម្បូរ​ហូរ​ហៀរ​នៅ​ក្នុង​ប្រទេស​ពិតៗ សម្រាប់​ជា​ម្ហូបអាហារ​គ្រាន់​សម្រាប់​បំពេញ​ក្រពះ​ផង​ និង​មាន​នៅ​ក្នុង​ពិធី​ជប់​លៀង​ផ្សេង​ៗ​ផង​នៅ ​ក្នុង​សង្គម​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ​​។ ជាទូទៅ​ នំបញ្ចុក​មាន​ជីវ​ជាតិ​សំខាន់​ច្រើន​យ៉ាង​ ដោយ​សារ​គ្រឿង​ផ្សំ​ផ្សេងៗ​ដទៃ​ទៀត​ដូចជា៖​ មាន​ទឹក​សម្ល​​ និង​របោយ​បន្លែ​ ​ទៅ​តាម​ចំណង់​ចំណូលចិត្ត​របស់​មនុស្ស​ម្នាក់ៗ និង​តាម​តំបន់​នីមួយៗ។
នំ​បញ្ចុក​ក៏​បាន​វិវត្ត​ ​តួនាទី​យ៉ាង​សំខាន់​ខ្លាំង​ឡើង​ថែម​ទៀត​​​ ទៅ​តាម​​​​​ចំណង់​ចំណូល​ចិត្ត​របស់​ប្រជាជាតិ​​ ដែល​វា​សឹង​តែ​ជា​ចំណី​ពេល​ព្រឹក​ ពេល​រសៀល​ ពេល​ល្ងាច​ ឬ​ប្រើ​ជំនួស​បាយ​ម្ដងម្កាល​ថែម​ទៀត​ផង។ ដោយ​សារ​មាន​សារៈសំខាន់​ដូចនេះ​ហើយ ទើប​នំបញ្ចុក​ក៏​បាន​ក្លាយ​ជា​មុខ​របរ​មួយ​ដ៏​ប្រសើរ​ប្រចាំ​ជីវភាព​គ្រួសារ​​របស់​ប្រជាជន​ខ្មែរ​យើង​។
អ្នក​ស្រី​ស៊ីភេន ជា​អ្នក​លក់​នំបញ្ចុក​ ដោយ​គាត់​ដើរ​លក់​នៅ​ម្ដុំ​រង្វង់​ផ្សារ​ដើម​ថ្កូវ​ និយាយ​ថា “ខ្ញុំ​លក់​នំបញ្ចុក​នេះ​​អស់​រយៈពេល​៨ឆ្នាំ​មក​ហើយ​ ហើយ​ខ្ញុំ​លក់​នំបញ្ចុក​តែ​សម្ល​ប្រហើរ​ប៉ុណ្ណោះ​។ អ្នកស្រី​ស៊ីភេន ដែល​មាន​ស្រុក​កំណើត​នៅ​ស្រុក​កំពត​បាន​និយាយ​ថា នំបញ្ចុក​សម្ល​ប្រហើរ​នេះ​ មាន​ពីរ​ប្រភេទ​ ​ទឹក​សម្ល​ពណ៌​ស និង​ទឹក​សម្ល​ពណ៌លឿង​។ អ្នក​ស្រី​បាន​បញ្ជាក់​ថា សម្ល​ពណ៌​លឿង​ភាគ​ច្រើន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​និយម​ហូប​ខ្លាំង​ណាស់ ដែល​សម្ល​លឿង​នេះ​ គេ​លាយរ​មៀត​​បន្តិច​ និង​ដាក់​ដូង​។ ប៉ុន្តែ​ ​បើ​នៅ​ខេត្ត​កំពត​ឯណោះ​វិញ​ គេ​និយម​ញុំា​នំបញ្ចុក​សម្ល​ពណ៌ស​ ដែល​មាន​លាយ​ខ្ជាយ​ តែ​មិន​មាន​ដាក់​ដូង​នោះ​ទេ។
អ្នកស្រី​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ គឺ​និយម​ចូលចិត្ត​នំបញ្ចុក​គាត់​ណាស់​​ ទាំង​កម្មករ បុគ្គលិក​ក្រុមហ៊ុន និង​អ្នក​មាន​នៅ​តាម​ផ្ទះ​វីឡា​ក៏​មាន​ដែរ​។ អ្នកស្រី​ក៏​បាន​បញ្ចាក់​ថា នំបញ្ចុក​១ចាន​ តម្លៃ​ត្រឹម​តែ​១៥០០រៀល ហើយ​ក្នុង​១ថ្ងៃ ​អ្នកស្រី​​អាច​រក​ប្រាក់​ចំណូល​បាន​២ម៉ឺន​ទៅ​៣ម៉ឺន​រៀល​គ្រាន់​បាន​ចិញ្ចឹម​ជីវិត និង​បង់​ថ្លៃ​ជួល​ផ្ទះ​គេ​ដែរ​។
កញ្ញា​កក្កដា សិស្ស​នៅ​វិទ្យាល័យ​ព្រះយុគន្ធរ​ បាន​និយាយ​ថា “យូរៗម្ដង​ខ្ញុំ​ញុំា​នំ​បញ្ចុក​ ខ្ញុំ​គិត​ថា វា​ពិត​ជា​ឆ្ងាញ់​ណាស់​ ហើយ​វា​ថែម​ទាំង​អាច​សន្សំ​លុយ​កាក់​បាន​ថែមទៀត​ផង មានន័យ​ថា វា​ថោក​ហ្នឹង​ណា”។ កញ្ញា​ក៏​បាន​លើក​ដែរ​ថា នំបញ្ចុក​ក្រៅ​ពី​មាន​ទឹក​សម្ល​ដែល​មាន​ឱជារស​ គឺ​វា​មាន​គ្រឿង​ផ្សំ​ច្រើន​ ដូច​ជា​បន្លែ​ គ្រប់​មុខ​ ដែល​ធ្វើ​ឲ្យ​អ្នក​ញុំា​ អាច​ញុំា​បាន​យ៉ាង​ងាយ​ ហើយ​បន្លែ​ជួយ​ដល់​សារពាង្គ​កាយ​ថែម​ទៀត​ផង។
កញ្ញា​ឆវី ជា​បុគ្គលិក​របស់​អង្គការ​អ៊ីលឹម ដែល​មាន​ទីតាំង​ម្ដុំ​ផ្សារ​ដើម​ថ្កូវ និយាយ​ដែរ​ថា “ខ្ញុំ​ចូល​ចិត្ត​ញុំា​នំបញ្ចុក​ស្ទើរ​ជា​រៀង​រាល់​ព្រឹក​ នៅ​ពេល​មាន​អ្នក​លក់​នំបញ្ចុក​រែក​កាត់​កន្លែង​ខ្ញុំ​ធ្វើ​ការ​”។ ឆវី និយាយ​ថា បាន​ជា​នាង​ចូល​ចិត្ត​ញុំា​នំបញ្ចុក​ ដោយ​សារ​នំបញ្ចុក​ជា​របស់​ខ្មែរ​ ខ្ញុំ​ចង់​លើក​តម្កើង​ម្ហូប​ខ្មែរ​ផង​ និង​វា​មាន​រស់​ជាតិ​ឆ្ងាញ់​ ដោយ​សារ​ទឹក​សម្ល​ និង​មាន​បន្លែ។
អ្នកស្រី​​ស៊ីភេន​បាន​បញ្ជាក់​ថា “ក្រៅ​ពី​របរ​នំបញ្ចុក​នេះ​ ខ្ញុំ​មិន​ចេះ​ធ្វើ​អ្វី​នោះទេ​ វា​ជា​របរ​មួយ​តាំង​ពី​ដូនតា​ទៅ​ហើយ​”។
សម្ល​ប្រហើរ​នំបញ្ចុក មានគ្រឿង​ផ្សំ​ដូច​ជា​៖ ត្រី​ឆ្អើរ ​ឬ​សាច់​ត្រី​ស្រស់​ស្ងោរ​ឆ្អិន ប្រហុក ស្លឹក​គ្រៃ ខ្ទឹម​ស ខ្ជាយ រមៀត អំបិលនិង​ស្ករ។
វិធីស្ល
១. ត្រីឆ្អើរ ឬត្រីស្ងោរ បេះ​យក​សាច់​ឲ្យ​ល្អិតៗ។
២.​ ស្លឹក​គ្រៃ​ហាន់​ល្អិតៗ​បុក​ឲ្យ​ម៉ត់ ដាក់​ខ្ទឹមស​ ខ្ជាយ​ រមៀត បុក​លាយ​ជាមួយ​គ្នា។
៣.​យក​សាច់​ត្រី​ដែល​បេះ​រួច​មក​បុក​លាយ​ជាមួយ​គ្រឿង។
៤. ដាំ​ទឹក​ឲ្យ​ពុះ​ ជ្រុំ​ប្រហុក​ រួច​បង់​សាច់​ត្រី ដែល​បុក​លាយ​ជាមួយ​គ្រឿង។
៥. ដាំ២-៣អំពុះ​ទើប​បង់​អំបិល ស្ករ ភ្លក់​​​តាម​​ការ​ចូលចិត្ត​ជា​ការ​ស្រេច។



0 comments:

Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.