ពលករ​ដែល​ត្រូវ​គេ​ជួញដូរ​ទាំង​១២​នាក់​មក​ដល់​ស្រុក​វិញ

Posted on
  • Wednesday, January 18, 2012
  • by
  • angco.co
  • in
  • Labels:

  • 120118_03
    ពលករ​ខ្មែរ​រង​ការ​​ជួញ​ដូរ​​នៅ​ថៃ​​​ ដែល​​​ឥណ្ឌូនេស៊ី​​សង្គ្រោះ​បាន​​ បញ្ជូន​​មក​ដល់​​​កម្ពុជា​ហើយ​ពី​​ម្សិលមិញ​​។ ម៉ៃ វិ​រៈ
    ភ្នំពេញៈ បន្ទាប់​ពី​សុបិន​អាក្រក់​រយៈពេល​ពីរ​ឆ្នាំ ដែល​បាន​បណ្តាល​ឲ្យ​ពួក​គេ ធ្លាក់​ចូល​ទៅ​ក្នុង​ការងារ​ទាសករ នៅ​លើ​ទូក​នេសាទ​ថៃ បុរស​ជនជាតិ​កម្ពុជា​ចំនួន ១២ នាក់ នៅ​ទីបំផុត បាន​វិល​ត្រឡប់​មក​ដល់​ស្រុក​កំណើត​វិញ ហើយ​បាន​រៀបរាប់ អំពី​ដំណើរ​រឿង​ដ៏​អាក្រក់​របស់​ពួក​គេ នៅ​ពេល​មក​ដល់​ព្រលាន​យន្តហោះ​ភ្នំពេញ​កាលពី​ម្សិលមិញ។
    បុរស​ទាំង​នេះ ត្រូវ​បាន​ជួយ​សង្គ្រោះ នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី បន្ទាប់​ពី​ពួក​គេ ត្រូវ​បាន​គេ​លក់​ទៅ​ឲ្យ​ធ្វើជា​ទាសករ​នៅ​លើ​ទូក​នេសាទ​ថៃ ដូច​សត្វ​ធាតុ តាម​រយៈ​មេ​ខ្យល់ ដោយ​សន្យា​ថា នឹង​រក​ការងារ​ល្អ​ឲ្យ​ពួក​គេ នៅ​ក្នុង​ប្រទេស​ថៃ។
    រដ្ឋា អាយុ ១៩ ឆ្នាំ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា គាត់​មិន​បាន​ទទួល​ប្រាក់​ខែ​ទេ«សូម្បី​តែ​មួយ​រៀល» នៅ​លើ​ទូក​នេសាទ បន្ទាប់​ពី​ត្រូវ​បាន​បោក​ដោយ​មេខ្យល់ កាល​ពី​ឆ្នាំ ២០០។ រដ្ឋា បាន​ប្តេជ្ញា​ថា នឹង​មិន​ស្វែងរក​ការងារ​នៅ​ក្រៅ​ប្រទេស​ទៀត​ទេ។ យុវជន​រូប​នេះ​ឲ្យ​ដឹង​ថា៖«យើង​បាន​ចាប់​ត្រី​យ៉ាង​ច្រើន ហើយ​ពេល​ខ្លះ​ច្រើន​ជាង ១០ តោន​ក្នុង​មួយ​ថ្ងៃ។ ខ្ញុំ​នឹង​បុរស​ម្នាក់​ទៀត ត្រូវ​តែ​ធ្វើ​ការ រហូត​ដល់​ជិត ២៤ ម៉ោង មាន​តែ ២ម៉ោង​ប៉ុណ្ណោះ សម្រាប់​ដេក»។ ដោយ​សារ​តែ​មាន​ការ​ឈឺចាប់ រដ្ឋា បាន​អំពាវនាវ ឲ្យ​ប្រជាជន​ទាំងអស់ មិន​ត្រូវ ប្រថុយ​ប្រថាន ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ដូច​គាត់​នោះ​ទេ។ «ប្រសិន​បើ​ខ្ញុំ​មិន​ធ្វើ​ការ​ពួក​គេ​វាយដំ​ធ្វើ​បាប​ខ្ញុំ»។
    តូច ឌឿ​ន អាយុ ៣០ ឆ្នាំ​មក​ពី​ខេត្ត​បៃលិន បាន​ថ្លែងថា គាត់​ត្រូវ​បាន​គេ​សន្យា​ថា នឹង​ផ្តល់​ការងារ ជា​អ្នក​បេះ​ក្រូច ដោយ​មេ​ខ្យល់​ម្នាក់ ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​គាត់​ត្រូវ​បាន​លក់​ទៅ​ឲ្យ​ទូក​នេសាទ​ថៃ នៅពេល​គាត់​ទៅ​ដល់។ គាត់ បាន​ថ្លែង​បន្ត​ថា៖ «ជា​រៀងរាល់​ថ្ងៃ​នៅ​សមុទ្រ ខ្ញុំ​បាន​បន់​ព្រះ​ឲ្យ​ជួយ​ខ្ញុំ​ត្រឡប់​មក​ស្រុក​កំណើត​វិញ។ ឥឡូវ​នេះ រដ្ឋាភិបាល និង​អង្គការ បាន​ជួយ​ខ្ញុំ។ ខ្ញុំ​អរគុណ​ពួក​គេ»។
    លោក ជីវ ផល្លី អនុប្រធាន នាយក​ដ្ឋាន​ជួញដូរ និង​ការពារ​អនីតិជន នៃ​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​ថា បុរស​ទាំង​នោះ បាន​ទទួល​ការពិនិត្យ​សុខភាព ហើយ​កំពុង​ត្រូវ​បាន​សម្ភាស​សាកសួរ ដើម្បី​ស្វែងរក​កំណត់​អត្តសញ្ញាណ​មេ​ខ្យល់ ដែល​បាន​ជួញ​ដូរ​ពួក​គេ។ លោក​ថ្លែង​បន្ត​ថា៖ «យើង​ត្រូវ​តែ​សាកសួរ​ពួកគេ​ដើម្បី​ស្វែងរក​ចាប់​ខ្លួន​មេខ្យល់​ទៅតាម​ច្បាប់»។
    លោក​បាន​ថ្លែង​បន្ត​ថា ការ​ជួយ​សង្គ្រោះ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង សម្រប​សម្រួល​ដោយ​អង្គការ​អន្តរជាតិ សម្រាប់​ការ​ចំណាក​ស្រុក (IOM) និង​ក្រសួង​ការ​បរទេស។
    កាល​ពី​ខែ​ធ្នូ ឆ្នាំ​មុន បុរស​ជនជាតិ​កម្ពុជា​ជិត ១០០ នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ប្រទេស​ម៉ូរីទូស បន្ទាប់​ពី​ពួក​គេ ទទួល​រង​ការ​ជួញ​ដូរ ឲ្យ​ទៅ​ធ្វើ​ការ​នៅ​លើ​ទូក​នេសាទ​ក្នុង​ប្រទេស​ថៃ។
    លោក​ស្រី លឹម មុនី អនុប្រធាន​ផ្នែក​កម្មវិធី​ស្ត្រី នៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក បាន​ថ្លែង​ថា លោក​ស្រី​បាន​ទទួល​ករណី​ជួញដូរ​ពលករ​ជិត ១០០ ករណី​បន្ថែម​ទៀត នៃ​បុរស​ជនជាតិ​កម្ពុជា ដែល​ត្រូវ​បាន​ជាប់​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ជប៉ុន ចិន អាហ្វ្រិក​ខាង​ត្បូង និង​ប្រទេស​នេប៉ាល់ បន្ទាប់​ពី​ការ​រត់​គេច​ចេញ​ពី​ទូក​នេសាទ។
    លោក​ស្រី​បន្ថែម​ថា៖ «តាម​ដែល​យើង​ដឹង ពួក​គេ​ត្រូវ​បាន​លួង​លោម ដោយ​មេខ្យល់ ប៉ុន្តែ​រហូត​មក​ដល់​ឥឡូវ​នេះ មិន​ទាន់​មាន​មេ​ខ្យល់​ណា​ម្នាក់ ត្រូវ​បាន​ចាប់​ខ្លួន​យក​ទៅ​កាត់​ទោស​នៅ​ឡើយ​ទេ»៕ 



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.