ភ្នំពេញៈ មណ្ឌលគិរីដែលជាខេត្តស្ថិត នៅភូមិ ភាគឦសាន និងជាតំបន់សម្បូរទៅ ដោយរមណីដ្ឋាន អេកូទេសចរណ៍ធម្មជាតិជាច្រើននោះ នៅក្នុងឆ្នាំ២០១១កន្លងទៅ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលទៅទស្សនា កើនឡើងខ្ពស់ទៅដល់ជាង៤០ភាគរយ។
ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីលោក ងិន សុវិមាន បានប្រាប់ឲ្យដឹងថា ចំនួនភ្ញៀវទេសចរ ដែលបានចូលមកទស្សនានៅក្នុងខេត្ត របស់លោកមានការកើន ឡើងច្រើនបើប្រៀបធៀបទៅនឹងឆ្នាំមុន។
លោកបានថ្លែងថា «ពេញមួយឆ្នាំ២០១១ នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួន៦៣.៦៣៦នាក់ បានមកកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរី កើនឡើងប្រមាណជា ៤២,៧៨ភាគរយ ហើយក្នុងចំណោមភ្ញៀវទាំងអស់នោះ មានភ្ញៀវទេសចរបរទេសចំនួន៤.៨៧៩នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១០ ដែលមានចំនួនតែ៣៩១៦នាក់ គឺមានការកើនឡើង២៤ភាគរយ»។
ខេត្តដែលសម្បូរទៅដោយរមណីដ្ឋានទេសចរណ៍ធម្មជាតិជាច្រើននេះ នៅក្នុងឆ្នាំ២០១០កន្លងទៅ មានភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិចំនួន៤៤.៥៦៨នាក់ បានមកលេងកម្សាន្តហើយរមណីដ្ឋានដ៏ទាក់ទាញជាងគេ របស់ខេត្តនេះ គឺរមណីដ្ឋានទឹកជ្រោះប៊ូស្រា។
បើតាមលោក ងឹន សុវិមាន ចំនួនភ្ញៀវទេសចរដែលនឹងមកកម្សាន្ត នៅក្នុងខេត្តរបស់លោក នឹងមានការកើនឡើងបន្ថែមទៀត នៅក្នុងឆ្នាំ២០១២នេះ «ខ្ញុំរំពឹងថា ចំនួនភ្ញៀវទេសចរ នឹងមានការកើនឡើង ជាក់ជាពុំខាននៅក្នុងឆ្នាំ២០១២នេះ ព្រោះគ្រាន់តែប៉ុន្មានថ្ងៃដើមឆ្នាំ២០១២នេះ មានភ្ញៀវទេសចររាប់ពាន់នាក់ បានមកកម្សាន្តនៅទីនេះ»។
តែទោះបីជាយ៉ាងណាក៏ដោយ បញ្ហាកន្លែងស្នាក់នៅក្នុងខេត្តនេះ ដែលមានសណ្ឋាគារ៣ និងផ្ទះសំណាក់១៩នោះ នៅមិនទាន់គ្រប់គ្រាន់សម្រាប់ភ្ញៀវទេសចរស្នាក់នៅ នៅឡើយទេ ក៏ប៉ុន្តែបើតាមលោកប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានប្រាប់ឲ្យដឹងថា ផ្ទះសំណាក់ និងសណ្ឋាគារអាចនឹងមាន ការសាង់សង់បន្ថែមទៀតក្នុងឆ្នាំ ២០១២នេះ។
ចំនួនភ្ញៀវទេសចរដែលចូលមកទស្សនា នៅព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ១០១១ កន្លងមកនេះ ក្រសួងទេសចរណ៍នៅមិនទាន់ ប្រកាសប្រាប់ជាផ្លូវការនៅឡើយទេ ប៉ុន្តែបើតាមលោករដ្ឋមន្រ្តី ក្រសួងទេសចរណ៍ ថោង ខុន ប្រាប់ក្រុមអ្នកកាសែតក្នុងឱកាស បុណ្យសមុទ្រកន្លងទៅនោះថា ចំនួនភ្ញៀវ ទេសចរអាចនឹងស្ថិត នៅក្នុងចន្លោះ ២,៨លាន ឬអាចលើសនេះបន្តិចបន្តូច ហើយក្នុងឆ្នាំ ២០១២នេះ លោករដ្ឋមន្ត្រីព្យាករណ៍ថា ភ្ញៀវទេសចរអាចនឹងកើនឡើងដល់ ៣,១ លាននាក់៕



0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.