កណ្តាល៖កម្មករ-កម្មការិនីនៅ រោងចក្រឃ្វៃយ៉ាងជាង ២០០នាក់ បានធ្វើដំណើរមក ប្រមូលផ្តុំ្កគ្នា នៅមុខក្រសួងការងារ ដើម្បីធ្វើការតវ៉ាជម្រុញ ឲ្យក្រសួងការងារ ជួយអន្តរាគមន៍ស្វែងរកដំណោះស្រាយសមរម្យដល់ពួកគេ ខណៈដែលតំណាងសហជីពដែលទើបតែងតាំងថ្មីចំនួន៧នាក់ ត្រូវបានថៅកែក្រុមហ៊ុន បញ្ឈប់ពីការងារ ដោយគ្មានមូលហេតុត្រឹមត្រូវនោះ។
លោក សាត់ ជាងហួរ ប្រធានសហភាពជាតិការពារកម្មករ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១២នេះថា នៅព្រឹកថ្ងៃទី១៩ ខែមករានេះ កម្មករក្នុងរោងចក្រឃ្វៃយ៉ាងជាង៤០០នាក់ បានមកប្រមូលផ្តុំគ្នាធ្វើការតវ៉ានៅពីមុខរោងចក្រ។
ប៉ុន្តែពេលនេះ ក្រុមកម្មជាង២០០នាក់បាននាំគ្នាឡើងជិះរថយន្ត ធ្វើដំណើរមកកាន់ក្រសួងការងារ ដើម្បីឲ្យរដ្ឋមន្រ្តីក្រសួងការងារ ជួយរកដំណោះស្រាយឲ្យពួកគេ ហើយក្រសួងគួរដាក់សម្ពាធទៅលើថៅកែក្រុមហ៊ុន ឲ្យយល់ព្រមទទួលយកតំណាងសហជីពរបស់ពួកគេឲ្យចូលធ្វើការវិញដូចដើម។
លោកបន្តថា “យ៉ាងណាក៏ដោយ ខ្ញុំមិនដឹងថា តើការធ្វើដំណើរទៅកាន់ក្រសួងការងាររបស់ពួក កម្មករនេះ អាចមានការរារាំងពីក្រុមមន្រ្តីឬទេ ប៉ុន្តែយើងនឹងខិតខំ ធ្វើយ៉ាងណាឲ្យក្រុមកម្មករទៅដល់គោលដៅ ដើម្បីយកលិខិត ដែលក្រុមកម្មករសរសេរយកទៅក្រសួងការងារ ដើម្បីស្វែងរកអន្តរាគមន៍ពី លោក រដ្ឋមន្រ្តី ក្រសួងការងារ”។
លោក សាត់ ជាងហួរ បានបន្ថែមថា តំណាងសហជីពទាំង៧នាក់ដែលក្រុមហ៊ុនបាន បញ្ឈប់នេះ គឺដោយសារតែថៅកែមានការរើសអើងសហជីព ហើយបើខាងភាគី ក្រុមហ៊ុន នៅតែមិនព្រមចេញមុខដោះស្រាយជាមួយក្រុមកម្មករដោយសន្តិវិធី និងមិនព្រមទទួលយក គេនៅតែបន្តធ្វើការតវ៉ា ដើម្បីជម្រុញឲ្យថៅកែរោងចក្រមួយនេះ ផ្តល់ជូនដំណោះស្រាយ សមរម្យណាមួយដល់កម្មករ”។
កម្មការិនីម្នាក់ឈ្មោះ ផាន ភីន បានឲ្យដឹងដែរថា កម្មករទាំងអស់បានកើតទុកមិនសុខចិត្ត ដោយសារតែថៅកែរោងចក្រ បានបញ្ឈប់តំណាង របស់ពួកគេចំនួន ៧នាក់ចេញពីការងារ ដោយគ្មានមូលហេតុអ្វីទាំងអស់ ហើយនេះប្រហែលមកពីពួកគេមានការរើសអើង ដែលពួកគេជាតំណាងរបស់កម្មកនៅក្នុងរោងចក្រ។
កម្មកររូបនេះបន្តថា “ពួកយើង នៅតែបន្តការតវ៉ាទៅមុខទៀត បើសិនជាខាងរោងចក្រមិនទទួលយកតំណាងពួកគេ ឲ្យចូលធ្វើការវិញទេនោះ ហើយកាលពីម្សិលមិញពួកយើងបានឈរនៅមុខរោងចក្រតវ៉ាដែរ ប៉ុន្តែគ្មានដំណោះស្រាយទេ។ ដូច្នោះនៅថ្ងៃនេះ ពួកខ្ញុំ បាននាំគ្នាមកតវ៉ានៅមុខក្រសួងការងារ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពី លោករដ្ឋមន្រ្តី”។
អ្នកស្រី សុខ ខេម អនុប្រធានការិយាល័យការងារនៅមន្ទីរការងារខេត្តកណ្តាល បានឲ្យដឹងថា ការបញ្ឈប់កម្មកររបស់ក្រុមហ៊ុន គឺធ្វើតាមនីតិវិធីច្បាប់ ដែលមានថិរវេលាកំណត់។ ការបន្តកិច្ចសន្យា ឬយ៉ាងណា គឺវាអាស្រ័យលើឆន្ទៈក្រុមហ៊ុន គ្មានក្រុមហ៊ុនរើសអើងកម្មករ”។ នេះយោងតាមការដក ស្រង់សម្តី របស់អ្នកស្រី ពីការសែតភ្នំពេញប៉ុស្តិ៍ដែលចេញផ្សាយនៅថ្ងៃទី១៩ ខែមករានេះ។
សូមជម្រាបថា នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ និងថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ កម្មករ ជាង ៤០០នាក់នៃរោងចក្រឃ្វៃយ៉ាង ដែលស្ថិតនៅក្នុងឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល បានផ្ទុះការតវ៉ាឡើង ខណៈដែលពួកគេបានដឹងដំណឹងថា ថៅកែរោងចក្របានកាត់ប្រាក់លើកទឹកចិត្តរបស់ពួកគេចំនួន៥ដុល្លារ ហើយបញ្ជូលប្រាក់ថែទាំសុខភាពចំនួន៥ដុល្លារ ដែលសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់ឲ្យពួកគេនោះ មកជំនួសវិញ។ ប៉ុន្តែការតវ៉ានោះ បានទទួលជោគជ័យមួយចំនួន ដោយភាគីក្រុមហ៊ុនទទួលយល់ព្រមនូវ ចំណុចខ្លះ ហើយពួកគេក៏បញ្ឈប់ការតវ៉ា។
នេះជាការតវ៉ាថ្មីមួយទៀតរបស់ក្រុមកម្មករ ខណៈដែលថៅកែក្រុមហ៊ុន បានបញ្ឈប់តំណាងរបស់ពួកគេចំនួន៧នាក់ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ ២០១២កន្លងទៅនេះ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.