សុភាពបុរសទាំងឡាយ! តើអ្នកធ្លាប់ត្រូវបានភរិយាបដិសេធទេ នៅពេលដែលអ្នកកេះនាងសុំចំណីលើគ្រែនោះ?
ប្រសិនបើនាងឆ្លើយទេ សូមកុំទាន់អាលគិតវែងឆ្ងាយ ខ្លាចនាងលួចលាក់មានឆ្នាំងបាយក្រៅផ្ទះ ឬក៏អស់ចិត្តពីអ្នកឲ្យសោះ ព្រោះមានកត្តាជាច្រើនដែលនាំឲ្យស្ត្រីបាត់បង់ចំណង់រួមភេទ។
កត្តាទាំងនោះត្រូវបានអ្នកជំនាញសុខភាពបន្តពូជបែងចែកជាពីរគឺ ផ្លូវចិត្ត និងផ្លូវកាយ។ នៅពេលដែលស្ត្រីបាត់បង់ចំណាប់អារម្មណ៍ពីរឿងលើគ្រែ នោះវាអាចបណ្ដាលមកពីចំណងស្នេហារកាំរកូស ប្រវត្តិគ្រួសារ ទុក្ខព្រួយ ការធុញទ្រាន់នឹងបរិយាកាស និងការនឿយហត់ពីអាជីពការងារខាងក្រៅ ដែលទាំងនេះត្រូវបានចាត់ទុកថាជាកត្តាផ្លូវចិត្ត។
ជាទូទៅ កត្តាផ្លូវចិត្តនេះហើយគឺជាមូលហេតុដែលជារឿយៗតែងធ្វើឲ្យស្ត្រី មិនព្រមបើកភ្លើងខៀវឲ្យបុរសដកអាវុធវាយប្រហារមកលើខ្លួន។
កត្តាផ្លូវចិត្ត គឺជាបញ្ហាដែលបុគ្គលទាំងសងខាងអាចរកដំណោះស្រាយដោយខ្លួនឯង ដូចជាផ្លាស់ប្ដូរទិចនិករួមភេទ កាត់បន្ថយបន្ទុកការងារ និងជជែកគ្នាពីអ្វីដែលភាគីទាំងសងខាងចង់បាន។
ដោយឡែកចំពោះស្ត្រីដែលមានកត្តាផ្លូវកាយរហូតដល់បាត់បង់អារម្មណ៍ រួមភេទ មានតែវេជ្ជបណ្ឌិតជំនាញទេ ទើបអាចព្យាបាលបាន។ កត្តាផ្លូវកាយសំដៅមូលហេតុវេជ្ជសាស្ត្រដូចជាការកើតជំងឺផ្សេងៗ ដែលចូលរួមធ្វើឲ្យស្ត្រីបាត់បង់ចំណង់ផ្លូវភេទមួយផ្នែកធំ។ កត្តាទាំងនោះមានដូចជា៖
ការធ្លាក់ចុះនៃលំហូរឈាម
ជំងឺទឹកនោមផ្អែម និងលើសឈាមគឺជាបញ្ហាសុខភាពដែលរាំងស្ទះដល់លំហូរឈាមទៅបំពេញនៅបរិវេណប្រដាប់បន្តពូជ។
បញ្ហាទាក់ទិននឹងអ័រម៉ូន
ការអស់រដូវនៅមជ្ឈិមវ័យ ការបំបៅកូនដោយទឹកដោះ ការប្រើថ្នាំពន្យារកំណើត និងបញ្ហាក្រពេញទីរ៉ូអ៊ីត គឺជាកត្តាគោលមួយចំនួនដែលធ្វើឲ្យស្ត្រីបាត់បង់ចំណង់រួមភេទ ដោយមិនដឹងខ្លួន។
កត្តាប្រតិកម្មជាមួយឱសថ
ឱសថមួយចំនួនដូចជា ថ្នាំកែរោគស្មុគស្មាញផ្លូវចិត្ត និងការព្យាបាលជំងឺមហារីក និងបញ្ហាអស់រដូវដោយប្រើជាតិគីមី ជាដើម សុទ្ធតែមូលហេតុចម្បងដែលសម្លាប់អារម្មណ៍ផ្លូវភេទ។
បញ្ហាខូចខាតប្រព័ន្ធប្រសាទ
ការឈឺឆ្អឹង ឬវះកាត់ឆ្អឹងត្រគាកអាចបណ្ដាលឲ្យសរសៃប្រសាទមួយចំនួនរងការ ខូចខាត។ ទន្ទឹមនឹងនោះ ជំងឺមួយចំនួនដូចជា ជំងឺរលាកនៅខួរក្បាល (multiple sclerosis) ឬជំងឺសរសៃប្រសាទម៉្យាងហៅថា ផាកឃីនសិន (Parkinson) ក៏អាចបណ្ដាលធ្វើឲ្យស្ត្រីមិនអាចទទួលភាពស្រណុកសុខស្រួលពីការ រួមភេទផងដែរ។
បន្ថែមពីលើនេះ កង្វះដំណេក និងរបបអាហារមិនត្រឹមត្រូវក៏រួមចំណែកធ្វើឲ្យចំណង់ផ្លូវភេទទាំង បុរស និងស្ត្រីមានការធ្លាក់ចុះផងដែរ។
សរុបមកវិញ ប្រសិនបើស្ត្រីមានបញ្ហាលើគ្រែដែលបណ្ដាលមកពីកត្តាផ្លូវកាយ ដូចបានរៀបរាប់ខាងលើ ពួកគេគួរតែប្រញាប់ទៅជួបវេជ្ជបណ្ឌិត និងអ្នកជំនាញផ្នែកចិត្តសាស្ត្រ ព្រោះប្រសិនបើសុខភាពផ្លូវកាយមិនអំណោយផល វាក៏អាចបណ្ដាលឲ្យប៉ះពាល់ដល់ស្ថានភាពផ្លូវអារម្មណ៍ផងដែរ។
យោងតាមវេជ្ជបណ្ឌិត ម៉ាចូរីន ហ្គ្រីន (Marjorie Green) នាយកមជ្ឈមណ្ឌលសុខភាពបន្តពូជភេទស្ត្រីនៅសាកលវិទ្យាល័យ និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យហាវើត បានថ្លែងឲ្យដឹងថា៖ «ជាទូទៅ កត្តានាំឲ្យស្ត្រីបាត់បង់ចំណង់ផ្លូវភេទ គឺជាការរួមផ្សំគ្នារវាងកត្តាផ្លូវកាយ និងផ្លូវចិត្តទាំងពីរ»។
អ្នកស្រីបានឲ្យដឹងថា ប្រសិនបើស្ត្រីសង្ស័យថាខ្លួនបាត់បង់ចំណង់ផ្លូវភេទដោយសារតែកត្តា សុខភាពរាងកាយនោះ ពួកគេគួរតែទៅជួបអ្នកជំនាញសុខភាពផ្លូវភេទ ជាជាងទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំងឺទូទៅ។
ចំពោះការព្យាបាលគឺអាស្រ័យប្រភពនៃបញ្ហា ដោយក្នុងនោះរួមមានការប្ដូរឱសថ ប្រើថ្នាំ បង្កើនអ័រម៉ូនអេស្ត្រូហ្សែន ឬតេស្តូស្តេរ៉ូន និងបង្កើនកម្រិតដូប៉ាមីន (dopamine)។ អ្នកមានបញ្ហានេះក៏អាចងាកមកប្រើផលិតផលស្រូបបញ្ជូនឈាមទៅ បំពេញប្រដាប់ភេទ ឈ្មោះថា Eros Therapy ដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ដោយរដ្ឋបាលអាហារ និងឱសថរបស់សហរដ្ឋអាមេរិកផងដែរ។
ស្ត្រីមួយចំនួនក៏ទទួលបាននូវការប្រសើរឡើងផ្នែកចំណង់ផ្លូវភេទ តាមរយៈការហាត់ប្រាណជាប្រចាំ ការពិគ្រោះជាមួយអ្នកចិត្តសាស្ត្រផងដែរ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.