ភ្នំពេញៈ សណ្ឋាគារកម្ពុជា១០បានទទួលពានរង្វាន់ថ្នាក់តំបន់អាស៊ានអំឡុងពេល វេទិកា ទេសចរណ៍អាស៊ាន ដែលបានរៀបចំឡើងនៅប្រទេសឥណ្ឌូនេស៊ី កាលពីសប្តាហ៍មុន។
លោក ទិត ចន្ថា អគ្គនាយកទេសចរណ៍នៃក្រសួងទេសចរណ៍ បានឲ្យដឹងថា ពានរង្វាន់នេះត្រូវគេហៅថា ស្តង់ដារសណ្ឋាគារបៃតងដែលផ្តល់ដល់ម្ចាស់សណ្ឋាគារណា បានអនុវត្តតាមលក្ខណៈវិនិច្ឆ័យស្តង់ដាររបស់អាស៊ាន។
លោកបានបន្តថា មានលក្ខណៈវិនិច្ឆ័យដើម្បីវិនិច្ឆ័យថា សណ្ឋាគារមួយមានស្តង់ដារបៃតងរួមមាន ការថែរក្សាបរិស្ថាន ការសន្សំសំចៃភ្លើងអគ្គិសនី និងភាពស្អាត ជាដើម។ លោកថ្លែងថា៖ «ពានរង្វាន់នេះជួយច្រើនណាស់សម្រាប់ទេសចរណ៍របស់យើង។ វាផ្តល់នូវរូបភាពល្អដើម្បីទាក់ទាញភ្ញៀវទេសចរ ហើយវាជាកម្លាំងប្រកួតប្រជែង។ មានន័យថាយើងមានស្តង់ដារដែលអាស៊ានទទួលស្គាល់»។
លោក អាង គឹមអ៊ាង ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឲ្យដឹងថា ពានរង្វាន់នេះគឺមានសារៈសំខាន់ចំពោះវិស័យទេសចរណ៍កម្ពុជា ព្រោះកម្ពុជាផ្តោតសំខាន់ទៅលើទេសចរណ៍វប្បធម៌ និងធម្មជាតិ។
លោកបន្តថា៖ «សម្រាប់កម្ពុជា ពានរង្វាន់នេះសំខាន់ណាស់ដើម្បីលើកទឹកចិត្ត និងជំរុញប្រតិបត្តិករសណ្ឋាគារឲ្យផ្តោតលើការអនុវត្តស្តង់ដារ សណ្ឋាគារបៃតង»។
លោក ទិត ចន្ថា បានបន្តថា មកដល់ពេលនេះ កម្ពុជាមានសណ្ឋាគារ៥០ បានទទួលពានរង្វាន់ស្តង់ដារសណ្ឋាគារបៃតងអាស៊ាន។ សណ្ឋាគារទាំងនោះមាននៅភ្នំពេញ ខេត្តព្រះសីហនុ និងភាគច្រើននៅសៀមរាប៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.