ចៅក្រម​ខេត្ត​កណ្តាល​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ព្រៃស​រឿង​ស៊ី​សំណូក

Posted on
  • Monday, January 23, 2012
  • by
  • angco.co
  • in
  • Labels:

  • កណ្តាលៈ ចៅក្រម ហួត ហ៊ាង ក្នុង​ចំណោម​ចៅក្រម​ពីរ​នាក់​នៃ​សាលា​ដំបូង​ខេត្ត​កណ្តាល​ដែល​ត្រូវ​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​សុក្រ ​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ពី​បទ​ស៊ី​សំណូក ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ពី​បទ​ស៊ី​សំណូក​ចំនួន ៥០០០​ដុល្លារ រីឯ​ចៅក្រម ខូវ ចាន់ថូ​ ត្រូវ​បាន​លើក​លែង​ការ​ចោទ​វិញ។ នេះ​បើ​យោង​តាម​មន្រ្តី​តុលាការ​ថ្លែង​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ម្សិលមិញ​។
    លោក អ៊ុក គីមសិដ្ឋ ​ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​កណ្តាល បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា ចៅក្រម​សាលា​ដំបូង​ខេត្ត​កណ្តាល​ម្នាក់ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ស៊ី​សំណូក ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ឃាំង​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃស ​បន្ទាប់​ពី​ផ្តល់​ចម្លើយ​កាល​ពី​ម្សិលមិញ​។
    លោក បាន​បន្តថា​៖ «​ចៅក្រម ហួត ហ៊ាង ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ស៊ី​សំណូក ហើយ​បញ្ជូន​ទៅ​ព្រៃ​ស ប៉ុន្តែ​លោក​ស្រី​ចៅក្រម ខូវ ចាន់ថូ មិន​ត្រូវ​បាន​ចោទ​ប្រកាន់​នោះ​ទេ​»។
    លោក កែវ រ៉េមី អ្នក​នាំ​ពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា ​បន្ទាប់​ពី​តុលាការ​បញ្ចប់​ការ​សាកសួរ​ជន​សង្ស័យ ព្រះ​រាជ​អាជ្ញា​បាន​ចោទ​ប្រកាន់​លោក ហួត ហ៊ាង ពី​បទ​ស៊ី​សំណូក តាម​មាត្រា ៥១៧ នៃ​ក្រម ព្រហ្មទណ្ឌ ប៉ុន្តែ​លោក​ស្រី​ចៅក្រម ខូវ ចាន់​ថូ ត្រូវ​បាន​ដោះ​លែង​ ព្រោះ​លោក​ស្រី មិន​បាន​ទទួល​ផល​ប្រយោជន៍​ពី​អំពើ​ស៊ី​សំណូក​នេះ​ឡើយ។
    លោក​បាន​បន្ត​ទៀត​ថា៖ «មុន​ពេល​ខ្ញុំ​ចាក​ចេញ​ពី​តុលាការ​ ខ្ញុំ​ឃើញ​នគរបាល​យុតិ្តធម៌​បញ្ជូន​អតីត​ចៅក្រម [ហួត ហ៊ាង] ទៅ​ព្រៃ​ស ហើយ​ដោះ​លែង​លោក​ស្រី​ចៅក្រម»។ ​លោក​បាន​បន្ត​ថា ចៅក្រម​ពីរ​នាក់ និង​មន្រ្តី​សុរិយាដី​ម្នាក់​ក្នុង​ខេត្ត​កណ្តាល ​ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ ហើយ​ពួក​គេ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​សាក​សួរ។
    លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា៖ «យើង​ឃុំ​ខ្លួន​ពួកគេ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ដើម្បី​សាកសួរ ហើយ​យើង​បាន​បញ្ជូន​ពួក​គេ​ទៅ​តុលាការ​ខេត្ត​កណ្តាល​ព្រម​ជាមួយ​នឹង​ឯកសារ សារភាព»។
    លោក កែវ រ៉េមី បាន​បន្ថែម​ថា ​បន្ទាប់​ពី​បាន​សាក​សួរ​ពួក​គេ​រួច ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​រក​ឃើញ​ថា ​មាន​តែ​ចៅក្រម​ម្នាក់​ប៉ុណ្ណោះ​ ដែល​ពាក់​ព័ន្ធ​នឹង​ករណី​ទារ​ប្រាក់​ជន​រង​គ្រោះ ក្នុង​វិវាទ​ដី​ធ្លី។ ​
    លោក កែវ រ៉េមី បាន​បន្ត​ថា ៖ «​យោង​តាម​ចម្លើយ​សារ​ភាព ​លោក ហួត ហ៊ាង បាន​ប្រាប់​ថា លោក​ទារ​ប្រាក់​តែ ៥ ពាន់​ដុល្លារ​ប៉ុណ្ណោះ ពី​ជន​រង​គ្រោះ​។ វា​មិន​ពាក់ព័ន្ធ​នឹង​ចៅក្រម ខូវ ចាន់ថូ ទេ»។
    មន្រ្តី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ចាប់​ខ្លួន​លោក​ស្រី ខូវ ចាន់ថូ​ ដើម្បី​សាកសួរ ព្រោះ​លោក​ស្រី​ ក៏​ស្ថិត​នៅ​ក្នុង​បន្ទប់​ជាមួយ​នឹង​ចៅក្រម ហួត ហ៊ាង ដែរ ពេល​មន្រ្តី​អង្គភាព​ចុះ​ទៅ​បង្រ្កាប។
    លោក កែវ រ៉េមី បាន​បន្ថែម​ថា៖«​យើង​បាន​ចាប់​ខ្លួន​ពួក​គេ​ពេល​ចុះ​បង្រ្កាប​ នៅ​ក្នុង​បន្ទប់​តុលាការ ហើយ​យើង​នាំ​ពួក​គេ​មក​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដើម្បី​សាក​សួរ»។
    លោក​បាន​បន្ត​ថា ​៖ «​លោក ចៅក្រម ហួត ហ៊ាង បាន​ប្រាប់​យើង​ថា ប្រាក់​ដែល​គាត់​ទារ​ពី​ជន​រងគ្រោះ​មិន​ពាក់ព័ន្ធ​នឹង​ចៅក្រម ខូវ ចាន់ថូ នោះ​ទេ។ ជន​រងគ្រោះ ក្នុង​រឿងក្តី​ បាន​ស្នើ​ចៅក្រម ខូវ ចាន់ថូ ឲ្យ​ធ្វើ​ជា​សាក្សី ព្រោះ​លោក​ស្រី ជាមិត្ត​ភក្តិ​របស់​ជន​រង​គ្រោះ​។ លោក​ស្រី​មិន​ពាក់ព័ន្ធ​នឹង​ប្រាក់​នេះ​ទេ»។
    លោក កែវ រ៉េមី ​បន្តថា ចៅក្រម ហួត ហ៊ាង អាច​ប្រឈម​នឹង​បទ​ចោទ​ប្រកាន់​ស៊ីសំណូក ដែល​បង្ក​ឡើង ដោយ​ចៅក្រម ហើយ​អាច​ប្រឈម​ទោស​ពី ៧ ទៅ ១០ ឆ្នាំ បើ​យោង​តាម​ក្រម​ព្រហ្ម​ទណ្ឌ។ លោក​បាន​លើក​ឡើង​ថា៖ «​យើង​បាន​បញ្ជូន​ចៅក្រម​ជាមួយ​នឹង​ឯក​សារ​ សារភាព​ទៅ​ព្រះ​រាជ​អាជ្ញា​ខេត្ត​កណ្តាល​។​ ​មាន​តែ​ព្រះ​រាជ​អាជ្ញា​ទេ ដែល​ជា​អ្នក​សម្រេច​ត្រូវ​ចោទ​ប្រកាន់ ឬ​ដោះ​លែង​ចៅក្រម ខូវ ចាន់ថូ​។ ប៉ុន្តែ​ ​យើង​មាន​ឯកសារ​បង្ហាញ​ព្រះរាជ​អាជ្ញា​ថា ចៅក្រម​មិន​ពាក់​ព័ន្ធ​នឹង​ការ​ទារ​ប្រាក់​នោះ​ទេ»។
    លោក កែវ រ៉េមី បាន​បន្ថែម​ថា លោក ហួត ហ៊ាង បាន​គំរាម​ទារ​ប្រាក់ ៥ ពាន់​ ដុល្លារ​អាមេរិក​ពី​ជន​រង​គ្រោះ​ក្នុង​វិវាទ​ដី​ធ្លី​ថា ​ដីកា​ចាប់​ខ្លួន​ត្រូវ​បាន​ចេញ​រួច​ហើយ ប៉ុន្តែ​ នៅ​​រង់ចាំ​ចុះ​ហត្ថលេខា។ ជន​រង​គ្រោះ​ បាន​ដាក់​ពាក្យ​បណ្តឹង​មក​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ហើយ​ពួក​គេ​ត្រូវ​ចាប់​ខ្លួន​ពេល​កំពុង​ទទួល​ប្រាក់»។​
    លោក​បាន​បន្ត​ថា​៖ «​យើង​បាន​ស៊ើប​អង្កេត និង​ស្រាវជ្រាវ​យ៉ាង​ប្រុងប្រយ័ត្ន ក្នុង​រឿង​ក្តី​នេះ​ មុន​ពេល​ចាប់​ខ្លួន​អ្នក​ណា​ម្នាក់​។ ​យើង​បាន​ទទួល​ជោគជ័យ​ហើយ​មន្រ្តី​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​អបអរ​សាទរ​ ការ​ងារ​របស់​យើង​»។ លោក​បាន​បន្ថែម​ថា មាន​មន្រ្តី​ពុករលួយ​ជា​ច្រើន​នាក់ ​ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ទេ៕ source



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.