សហជីព​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចាប់​ឃាតក​សម្លាប់​លោក ជា វិជ្ជា

Posted on
  • Monday, January 23, 2012
  • by
  • angco.co
  • in
  • Labels:

  • 120123_04
    លោក ជា មុនី អុជធូប​ឲ្យ​បង​ប្រុស​របស់​លោក នៅ​ក្នុង​ពិធី​​រំឭក​ខួប កាល​ពី​ម្សិល​មិញ​​​។ រូបថត អ៊ុយ​ នូ សិរី​មនុនី​
    ភ្នំពេញៈ គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល កាល​ពី​ម្សិលមិញ បាន​ជំរុញ​ជាថ្មី​ទៀត ឲ្យ​រដ្ឋាភិបាល ​ស្វែងរក​ជន​ល្មើស​ពិតប្រាកដ និង​អ្នក​ដែល​នៅ​ពី​ក្រោយ​ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា មេដឹកនាំ​សហជីព​ល្បី​ឈ្មោះ ដោយ​បាន​ផ្តល់​ខ្សែ​ភាពយន្ត​ឯកសារ​ ឲ្យ​ក្រសួង​មហាផ្ទៃ ដើម្បី​ជា​តម្រុយ​ក្នុង​ការ​ស៊ើប​អង្កេត​។
    ក្នុង​ពិធី​គម្រប់​ខួប​ការ​បាញ់​សម្លាប់​ លោក ជា វិជ្ជា លើកទី ៨ ឆ្នាំ ដែល​បាន​ធ្វើ​ឡើង​ កាល​ពី​ម្សិលមិញ គេ​ពុំ​ឃើញ​មាន​កម្មករ ចូល​រួម​ក្នុង​ដើរ​ក្បួន​ដង្ហែ​ ដូច​កាល​ឆ្នាំ​មុន​ៗ​ឡើយ គឺ​មាន​មនុស្ស​ជិត ១០០ នាក់​ប៉ុណ្ណោះ ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ ​នៅ​ក្បែរ​វត្តលង្កា ​ជា​កន្លែង​ដែល​លោក​ ជា វិជ្ជា ត្រូវ​បាន​គេ​ចូល​ទៅ​បាញ់​សម្លាប់​យ៉ាង​កៀក​។
    លោក ជា មុនី ប្អូន​ប្រុស​លោក ជា វិជ្ជា និង​ជា​ប្រធាន​សហជីព​សេរី​កម្មករ​បាន​ថ្លែងថា​ ការ​មិន​ដើរ​ក្បួន​ក្នុង​ឆ្នាំ​នេះ ព្រោះ​អាជ្ញាធរ​រាជធានី បាន​ស្នើ​សហជីព​ កុំ​ឲ្យ​ធ្វើ ព្រោះ​ខែ​នេះ ជា​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ដោយ​ខ្លាច​ប៉ះទង្គិច​ជាមួយ​នឹង​យុទ្ធនាការ​។ ដូច​ឆ្នាំ​មុន​ៗ​ដែរ លោក ជា មុនី បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ ស្វែងរក​ឃាតក​ពិត យក​មក​ផ្តន្ទាទោស​ដើម្បី​បង្ហាញ​ថា កម្ពុជា ជា​​ប្រទេស​នីតិរដ្ឋ។ លោក​បន្ថែម​ថា៖ «យើង​តែង​តែ​រង់ចាំ​មើល​មុខ​ឃាតកពិត ដែល​បាន​បាញ់​សម្លាប់​លោក ជា វិជ្ជា»។
    នៅ​ក្នុង​ពិធី ​កាល​ពី​ម្សិលមិញ លោក​ស្រី មូរ សុខហួរ តំណាង​រាស្រ្ត​គណបក្ស សម រង្ស៊ី បាន​ចែក​ចាយ​ខ្សែ​ភាពយន្ត​ឯក​សារ ​ស្តីពី «អ្នក​ណា​សម្លាប់ ជា វិជ្ជា​?» ដល់​សាធារណជន រួម​ទាំង​ក្រសួង​មហា​ផ្ទៃ ស្ថាប័ន​សារ​ព័ត៌មាន និង​អ្នក​ចូល​រួម​ដទៃ​ទៀត ដោយ​អះអាង​ថា ខ្សែ​ភាពយន្ត​ឯកសារ​នេះ ជា​ភ្លើង​បំភ្លឺ​សម្រាប់​ក្រសួង​មហា​ផ្ទៃ​ក្នុង​ការ​ស្វែង​រក​ឃាតក និង​អ្នក​នៅ​ពី​ក្រោយ ដែល​សម្លាប់​លោក ជា វិជ្ជា។
    នៅ​ពេល​នោះ មន្រ្តី​ម្នាក់​ដែល​អះអាង​ថា ខ្លួន​ឈ្មោះ លី ឃុនហួរ មក​ពី​ក្រសួង​មហា​ផ្ទៃ បាន​ទទួល​ខ្សែ​ភាព​យន្ត​ឯកសារ​ពី​លោក​ស្រី មូរ សុខហួរ។
    លោក​ស្រី មូរ សុខហួរ ថ្លែង​ថា៖ «​ឯកសារ​នេះ គឺ​គ្រប់គ្រាន់ សម្រាប់​រក​ឃាតក។ យើង​អាច​និយាយ​ថា ឃាតក អាច​ឈរ​ស្តាប់​យើង​ ឬ​អ្នក​ដែល​ពាក់ព័ន្ធ នឹង​ករណី​មនុស្ស​ឃាត​នេះ អាច​ឮ​សំឡេង​របស់​យើង​។ ឆ្នាំ​ក្រោយ យើង​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​រក​ឃើញ​ឃាតក​»។
    លោក រ៉ុង ឈុន មិត្ត​ជិត​ស្និទ្ធ​របស់​លោក ជា វិជ្ជា និង​ជា​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា បាន​ចោទ​ប្រកាន់​ថា មន្រ្តី​ជាន់​ខ្ពស់ រដ្ឋាភិបាល​ ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​បាញ់​សម្លាប់​នេះ ​និង​ថា ការ​អះអាង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ ដែល​ថា រឿង​ក្តី​នេះ កំពុង​តែ​បន្ត​ស៊ើបអង្កេត​ វា​គ្រាន់​តែ​ជា​លេស​មួយ​ប៉ុណ្ណោះ។ លោក​បន្ត​ថា៖ «បើ​យើង​ស្តាប់​លោក [ខៀវ សុភ័គ] បាន​ថ្លែងថា ​យើង​នៅ​បន្ត​ស៊ើប​អង្កេត។ សួរ​ថា ​បន្ត​ដល់​ពេល​ណា? ​មក​ដល់​ពេល​នេះ ​យើង​មិន​ទាន់​ឃើញ​លទ្ធ​ផល ឬ​ការ​ផ្លាស់​ប្តូរ​អ្វី​ទេ»។
    ទាក់ទង​នឹង​ការ​សាង​សង់​រូប​សំណាក​លោក ជា វិជ្ជា ​ដែល​អនុញ្ញាត​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ឲ្យ​សាងសង់​នៅ​សួន​ច្បារ​ខាង​លិច​វិមាន​ឯករាជ្យ​នោះ លោក គង់ គាំ ប្រធាន​ស្តីទី គណបក្ស សម រង្ស៊ី បាន​ឧបត្ថម្ភ​ប្រាក់ ១ លាន​រៀលដោយ​លោក​អះអាង​ថា ​គណបក្ស សម រង្ស៊ី និង​សហជីព​សេរីកម្ម​ករ ជាមិត្ត​ជិត​ស្និទ្ធ ដែល​ចូល​រួម​ចំណែក​បម្រើ​ផល​ប្រយោជន៍​កម្មករ​។
    ពេល​ទាក់ទង​កាល​ពី​ម្សិលមិញ លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ បាន​បញ្ជាក់​ថា ក្រសួង​មហា​ផ្ទៃ​មិន​អាច​បើក​ការ​ស៊ើប​អង្កេត ​លើ​ករណី​សម្លាប់​លោក​ជា វិជ្ជា ជា​ថ្មី​នោះទេ ​ព្រោះ​ឥឡូវ​នេះ រឿង​ក្តី​​ ស្ថិត​ក្នុង​នីតិវិធី​តុលាការ ដោយ​លោក​អះអាង​ថា ​ជន​សង្ស័យ​ពីរ​នាក់ ដែល​ពាក់ព័ន្ធ នឹង​ករណី​នេះ គឺលោក ប៊ន សំណាង និង​លោក សុកសំអឿន ត្រូវ​បាន​ដោះ​លែង​ជា​បណ្តោះ​អាសន្ន​តែ​ប៉ុណ្ណោះ ដូច្នេះ ជន​សង្ស័យ មិន​ត្រូវ​បាន​លើកលែង​ទោស​ជា​ផ្លូវ​ការ​នោះ​ទេ។ លោក​បន្ត​ថា៖ «​ការ​ដោះ​លែង​បែប​នេះ តើ​ឲ្យ​ក្រសួង​មហាផ្ទៃ ធ្វើ​យ៉ាង​ម៉េច​ទៀត? ប្រសិន​បើ​តុលាការ​បដិសេធ​ថា រឿង​ក្តី​មិន​ត្រឹម​ត្រូវ ត្រូវ​ស្វែង​រកថ្មី អ្នក​ទាំង​នេះ មិន​មែន​ជា​ឃាតក ក្រសួង​នឹង​បន្ត​ការ​ស៊ើប​អង្កេត​ថែម​ទៀត»។ លោក​បាន​បន្ត​ថា ក្រុម​សហជីព​សេរីកម្មករ ​មិន​ត្រូវ​ចោទ​ប្រកាន់​ មន្រ្តី​រដ្ឋាភិបាល​ ពាក់ព័ន្ធ​នឹង​រឿង​ឃាតកម្ម​នេះ​ឡើយ។ ​​លោក បន្ថែម​ថា៖ «បើ​អ្នក​ក្លាហាន​ប្រាប់​យើង​ តើ​មន្រ្តី​ជាន់​ខ្ពស់​នោះ ជា​អ្នក​ណា ព្រោះ​មាន​មន្រ្តី​ជាន់​ខ្ពស់​រាប់​ពាន់​នាក់​។ ​ អ្នក​ត្រូវ​និយាយ​ថា មន្រ្តី​ជាន់​ខ្ពស់​ជា​អ្នក​ណា កុំ​ខ្លាច​បើ​អ្នក​មាន​ឯកសារ​»៕​​ source



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.