ភ្នំពេញៈ ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជានៅឆ្នាំ២០១១ ទទួលបាន៦,៩ភាគរយ ហើយនឹងកើនឡើង ៦,៥ភាគរយ នៅឆ្នាំនេះ។ នេះបើតាមការព្យាករជំហានដំបូងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
វិស័យកសិកម្មដែលត្រូវបានគេរំពឹងថា នឹងកើនឡើងយ៉ាងយឺតដោយសារតែទឹកជំនន់នោះ បានកើនឡើងត្រឹមតែ ៣,៣ភាគរយ។ នេះបើយោងតាមគេហទំព័ររបស់ក្រសួងសេដ្ឋកិច្ច។
បើយោងតាមគេហទំព័រ វិស័យឧស្សាហកម្ម បានកើនឡើង១៤,៣ភាគរយ ខណៈពេលដែលឧស្សាហកម្មកាត់ដេរ បានកើនឡើង ២០,២ភាគរយ។ វិស័យសេវាកម្ម បានកើនឡើង ៥ភាគរយ ដោយសារតែវិស័យហិរញ្ញវត្ថុមានភាពប្រសើរឡើង។
លោក ហង់ ជួន ណារ៉ុន រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា តួលេខកំណើនកសិកម្ម មិនធ្វើឲ្យមានការភ្ញាក់ផ្អើលឡើយ។ លោកបានឲ្យដឹងថា កំណើនជ័រកៅស៊ូ ១០ភាគរយ បានជួយទ្រទ្រង់វិស័យកសិកម្ម ដែលបង្កការខូចខាតដោយសារទឹកជំនន់។
លោក ហួត ជា សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោក បានឲ្យដឹងកាលពីសប្តាហ៍មុនថា គោលនយោបាយនាំចេញស្រូវរបស់រដ្ឋាភិបាល បានផ្តល់លទ្ធផលវិជ្ជមាននៅ២០១១ ហើយត្រូវគេរំពឹងថានឹងបន្តកើនឡើង។
ការព្យាករលើកដំបូងរបស់រដ្ឋាភិបាល ស្ទើរតែមានអត្រាជិត៧ភាគរយ។ ការព្យាករអំពីកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០១១ ត្រូវបានចេញផ្សាយ ៤ដង ដើម្បីឆ្លើយតបទៅនឹងការព្យាកររបស់ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ។
កាលពីខែធ្នូ IMF បានឲ្យដឹងថា GDP នឹងកើនឡើងតិចជាង៦ភាគរយ នៅក្នុងឆ្នាំ២០១១។ ធនាគារពិភពលោក បានឲ្យដឹងថា GDP នឹងកើនឡើង ៦ភាគរយ ខណៈធនាគារអភិវឌ្ឍន៍អាស៊ីព្យាករថា កើន៦,៨ភាគរយ។
លោក ហង់ ជួន ណារ៉ុន ឲ្យដឹងថា រដ្ឋាភិបាលនឹងចេញតួលេខផ្លូវការនៅខែមិថុនា។
កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ដៅកំណើនសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់ឆ្នាំ២០១២នេះ ក្នុងអត្រា៦ភាគរយ។
លោក ឈាង វណ្ណរិទ្ធ នាយកប្រតិបត្តិនៃវិទ្យាស្ថានកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការ និងសន្តិភាពបានឲ្យដឹងថា ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើននៅអាស៊ីនឹងជំរុញឲ្យតំបន់មាន កំណើននៅឆ្នាំនេះ។
លោកបានបន្ថែមទៀតថា ទស្សនវិស័យវិជ្ជមានទៅលើសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក និងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាគួរតែរួមចំណែកធ្វើឲ្យ មានកំណើនសេដ្ឋកិច្ចល្អ។
លោក ជា ហួត បានឲ្យដឹងថា ការព្យាករពី GDP របស់ធនាគារពិភពលោក នៅឆ្នាំ២០១២ ទៅលើសហរដ្ឋអាមេរិក មាន ២,២ភាគរយ និង សហភាពអឺរ៉ុប ០,៣ភាគរយ ដែលវានឹងជាប់ទាក់ទងខ្លះដល់កម្ពុជា៕ ប្រភព
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.