ភ្នំពេញ៖ ក្រោយពីបែកបាក់ គ្នាមិនទាន់ទាំងបាត់ធំក្លិន ចំហាយផងនោះ ស្រីស្រស់សោភាដែលមានកំណើត មកពីខេត្តក្រចេះ សុគន្ធ នីសា បានសម្រេចចិត្តភ្លាមៗ ចូលទៅក្នុងផលិតកម្មថោន ក្នុងបំណងចេញឲ្យឆ្ងាយ ពីអតីតគូស្នេហ៍របស់នាង លោក សុខ ជំនោរ ដើម្បីបំភ្លេចនូវរឿងរ៉ាវប្រេះស្រាំ ដែលកើតឡើងយ៉ាងធ្ងន់ធ្ងរ ចំពោះនាង និងក្នុងបំណងស្វែងរក ទីសុំចុះចតសាងនូវប្រជាប្រិយភាពឡើងវិញ។
គ្រាន់តែចូលដល់ផលិតកម្មថោនភ្លាម ខាងផលិតកម្មបានរៀបចំទទួលស្វាគមន៍ ដោយក្ដី រីករាយ និងបាននិពន្ធ បទចំរៀងថ្មីៗក្ដៅៗឲ្យ សុគន្ធ នីសា ច្រៀងភែ្លត ! ដើម្បីឲ្យដឹងសខ្មៅថា នៅក្នុងផលិតកម្មចាស់និងផលិតកម្ម ថ្មីមួយណាល្បីជាង ហើយក៏ត្រូវបានគេដឹងថា ជាមុខមាត់ផលិតកម្មផងដែរ ដែលមានតារាល្បីរត់ចូល។ នៅក្នុង រយៈពេលដ៏ខ្លីខាងមុខនេះ បទចម្រៀងរបស់ សុគន្ធ នីសា នឹងចេញលក់នៅលើទីផ្សារក្នុងផលិតកម្ម ថោន ដែលផលិតកម្មហង្សមាសកំពុងតែទន្ទឹងរង់ចាំ អ៊ុតមើលយ៉ាងអន្ទះសារ ជាពិសេសលោក សុខ ជំនោរ ជាគូស្នេហ៍ចាស់ ធ្លាប់មានជម្រៅអនុស្សាវរីយ៍រាប់មិនអស់ និងជាអ្នកជួយជ្រោមជ្រែងនាងរហូតមក។
សុគន្ធ នីសា បានអះអាងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល កាលពីថ្ងៃទី១៨ ខែមករា ២០១២ នេះថា “ សូមទោសបង ! ខ្ញុំសុំមិននិយាយ ទៀតទេរឿងចាស់ កុំឲ្យប៉ះពាល់ដល់អារម្មណ៍របស់ខ្ញុំ និងការងារថ្មីដែល កំពុងដំណើរការ ។ ម៉្យាងទៀតខ្ញុំកំពុងតែរៀបចំចេញដំណើរទៅច្រៀងនៅតាមខេត្ត ខ្ញុំរវល់ណាស់បង មានរឿងអ្វីទាក់ទងនឹងបទចម្រៀងក្នុងផលិតកម្មថ្មី បងអាចសួរអ្នកគ្រប់គ្រងខ្ញុំទៅបានហើយ ” ។ ការជជីក សួរដេញដោលរឿងចាស់បានធ្វើឲ្យ សុគន្ធ នីសា ទម្លាក់ទឹកមុខលែងចង់និយាយស្ដី និងទទូចសុំឲ្យឈប់ រំឮក រឿងនេះ ។
លោក មាស សុខរតនៈ ជាអ្នកគ្រប់គ្រងតារាចម្រៀងប្រចាំក្នុងផលិតកម្មថោន បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឲ្យដឹងថា សុគន្ធ នីសា កំពុងតែត្រៀមចេញអាល់ប៊ុមថ្មី ប៉ុនែ្តនៅពេលនេះមិនទាន់អាចប្រាប់ ចំណង ជើងនៃបទចម្រៀងទាំងអស់នោះបានទេ ដោយទុកឲ្យមហាជនមានការភ្ញាក់ផ្អើល ពេលចេញលក់នៅលើ ទីផ្សារ។ លោកមាស សុខរតនៈបន្តទៀតថា ចំពោះការគាំទ្រពីទស្សនិកជនក៏ពុំទាន់ហ៊ានរំពឹង ទុកឲ្យខ្លាំងក្លាពេក នោះដែរ គឺអាស្រ័យទៅលើទិដ្ឋភាពជាក់ស្តែង។
មានការកត់សម្គាល់ឃើញថា រំដួលក្រចេះសុគន្ធ នីសា នាងប្រហែលជាមិនអាចទាញយកការគាំទ្រឲ្យខ្លាំងក្លា ដូចកាលនៅក្នុងទ្រនំនៃផលិតកម្មហង្សមាស បានឡើយ ពោលគឺ ពេលនៅផលិតកម្មចាស់មានកវី សុខ ជំនោរ ជាគូរស្នេហ៍ជួយលើកស្ទួយ និពន្ធបទចម្រៀងឲ្យ ច្រៀង និងធ្វើឲ្យនីសា ទទួលការគាំទ្រយ៉ាងគគ្រឹកគគ្រេង ។ ប៉ុនែ្តទីបំផុតចំណងស្នេហាក្រោម ដំបូលផ្ទះតែមួយរយៈពេលជាង៧ឆ្នាំមកនេះ និងការតស៊ូក្នុងពិភពសិល្បៈ ជាមួយគ្នាត្រូវបានរលាយសាបសូន្យតែមួយប៉ប្រិចភ្នែក ខណៈដែលស្នេហាខុសតម្រានិងមិនបានឆ្លងកាត់ អាពាហ៍ពិពាហ៍នេះត្រូវចែកចានចែកឆ្នាំងរកផ្លូវគ្នាដើររៀងៗខ្លួនទាំងពាក់កណ្តាលទីគ្មានថ្ងៃត្រឡប់។ តើវាសនា របស់ សុគន្ធ នីសាពេលគ្មានសុខ ជំនោរ នឹងទៅជាយ៉ាងណា ? សុគន្ធ នីសា អាចមានការគាំទ្រខ្លាំងក្លាក្នុង ទីផ្សារបទចម្រៀងដូចកាលនៅជាមួយគូស្នេហ៍ចាស់ដែរឬទេ? ចំណុចនេះត្រូវបានអ្នកសិល្បៈ ដូចគ្នា ជាពិសេសមិត្តភ័ក្ររួមដំបូលផលិតកម្ម សម្តែងការសោកស្តាយជាពន់ពេក ពេលបាត់វត្តមានសុគន្ធ នីសា និងក្តុកក្តួលបំផុតពេលដឹងយ៉ាងប្រាកដថា នីសា ត្រូវដើរចេញពីកវីខក ស្នេហ៍សុខ ជំនោរ ដែលអ្នកណាៗ ក៏ធ្លាប់គិតថា អ្នកទាំងពីរអាចជាគូស្នេហ៍គំរូក្នុងពិភពសិល្បៈ តែក្តីរំពឹងទុកនោះត្រូវរលាយតាមខ្យល់ ។
កាលពីព្រឹកថ្ងៃ១៩ខែមករា ២០១២មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលមិនអាចទាក់ទងទៅកាន់កវី ខកស្នេហ៍ សុខ ជំនោរ ពន្យល់ជុំវិញរឿងរ៉ាវខាងលើនេះបានទេ ដោយទូរស័ព្ទរបស់លោកត្រូវបានបិទ ៕








0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.