តួ​ស្អាត ទើប​ធ្វើ​ឲ្យ​រឿង​ល្បី​មែន​ទេ?

Posted on
  • Monday, January 30, 2012
  • by
  • angco.co
  • in
  • Labels:

  • “អីយ៉ា!​ ស្អាត​ដូច​តួកុន​វើយ…!”។ នេះ​គឺ​ជា​ពាក្យ​ពេចន៍​ដែល​ប្រិយមិត្ត​អ្នក​អាន​ធ្លាប់​បាន​លឺ និង​និយាយ​ជា​ញឹកញយ​ នៅ​ពេលដែល​ក្រឡេក​ឃើញ​ស្រី​ស្អាត ឬ​ប្រុស​ស្អាត។ ទន្ទឹមគ្នានេះក៏មាន​មហាជន​ជាច្រើន​មាន​ចម្ងល់ និង​បាន​ចោទ​ជា​សំណួរ​ថា តើ​តារា​សម្ដែង​ ឬ​តួ​កុន ទាល់​តែ​ស្អាត​មែន​ទេ?
    ឆ្លើយ​តប​ទៅ​នឹង​ការ​ងឿងឆ្ងល់​របស់​មហាជន​នេះ​ អ្នកស្រី ពាន់ ភួងបុប្ផា អ្នក​និពន្ធ និង​ដឹក​នាំ​រឿង​ចាស់​វស្សា​មួយ​រូប​បាន​មាន​ប្រសាសន៍​ថា នៅ​លើ​ពិភព​លោក​ប្រទេស​ណា​ក៏​ជ្រើសរើស​យក​តារា​សម្ដែង​ស្អាតៗ​ដើម្បី​សម្ដែង​ជា​តួឯក ឬ​តួអង្គ​សំខាន់​ក្នុង​រឿង​ដែរ ព្រោះ​ការ​សម្ដែង​ខ្សែភាពយន្ត ឬ​សិល្បៈ​ចម្រៀង​​ ត្រូវតែ​ស្រស់​ស្អាត និង​មាន​ភាព​ទាក់ទាញ។
    ​ អ្នកស្រីបន្ដថា “ប្រសិន​បើ​តួអង្គ​សម្ដែង​មិន​សូវ​មាន​រូប​សម្បត្តិ​ស្អាត តែ​គាត់​មាន​ចំណេះដឹង និង​ទេពកោសល្យ​ល្អ អ្នក​ដឹកនាំ​រឿង​អាច​ឲ្យ​សម្ដែង​ជា​តួអង្គ​សំខាន់បានអាស្រ័យទៅលើ​ប្រភេទ ឬ​ខ្លឹមសារ​នៃ​រឿង”។
    អ្នកស្រីបញ្ជាក់​ថា ចំពោះ​តារា​សម្ដែង​ដែល​មាន​រូប​សម្បត្តិ​ល្អ​តែ​គាត់​អត់​មាន​ចំណេះដឹង​ក្នុង​ការ​ទន្ទេញ​ប៉ារ៉ូល​សម្ដែង និង​ទេពកោសល្យ​ពី​កំណើត​ដើម្បី​សម្ដែង​នៅ​ក្នុង​ឈុត​ឆាក​សំខាន់ៗ​ដូចជា ​ការ​យំ ស្រែក ធ្វើឲ្យ​ដូចជា​រឿង​ពិតៗ​ ដើម្បី​ឲ្យ​ទស្សនិកជន​មើល​ទៅ​ជក់ចិត្ត និង​ចង់​តាមដាន​បន្ត។
    មានការ​កត់​សម្គាល់​ផ្សេង​ពី​អ្នក​ស្រី លោក សុះ ម៉ាច សិល្បករ​ជើងចាស់ម្នាក់ និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ បាន​មាន​លក​ឡើង​ថា រហូត​មក​ដល់​ពេល​នេះ​ប្រទេស​កម្ពុជា​មិន​ទាន់​មាន​ច្បាប់ ឬ​គោលការណ៍​ណែនាំ​ណាមួយ អំពី​លក្ខណៈ​សម្បត្តិ នៃ​ការ​ជ្រើសរើស​តួអង្គ​សម្ដែង​នៅ​ឡើយ​ទេ។
    ដោយឡែក​អ្នក​និពន្ធ និង​អ្នក​ដឹកនាំ​រឿង​ភាគច្រើន​ ជ្រើសរើស​យក​តែ​តារា​ណា​ដែល​មាន​រូប​សម្បត្តិ​ស្អាត ឬ​សង្ហា​ប៉ុណ្ណោះ។ ចំពោះ​ចំណេះដឹង​គឺ​ជា​ជំហាន​ទីពីរ​ក្នុង​ការ​ជ្រើសរើស​ឲ្យ​ចូល​សម្ដែង។ លោក​បាន​បន្ត​ថា “ពេលខ្លះ​មិន ចាំបាច់​មាន​ទេពកោសល្យ និង​ចំណេះដឹង គឺ​ឲ្យ​តែ​មាន​រូបសម្បត្តិ​ស្អាត គេ​ទទួល​យក​ទៅ​សម្ដែង​តែម្ដង។ ហើយ​ការ​ធ្វើ​បែប​នេះ​យើង​អាច​និយាយ​បាន​ថា​រវាង​អ្នកដឹកនាំ​រឿង និង​តួសម្ដែង​ជា​សាច់ញាតិ ឬ​ស្គាល់​គ្នា​ក៏​អាច​ថា​បាន​ ព្រោះ​យើង​មិន​ទាន់​មាន​ច្បាប់ ឬ​ក្រឹត្យក្រម​ណាមួយ​និយាយ​ពី​រឿង​នេះ​នៅ​ឡើយ”។
    ទោះជា យ៉ាងណា​លោក​បាន​ ទទួល​ស្គាល់​ថា តារា​សម្ដែង​មួយ​ចំនួន​ដែល​មាន​រូប​សម្បត្តិ​ស្រស់ ស្អាត ឬ​សង្ហា​ហើយ តែ​មិន​ត្រូវ​បាន​អ្នកនិពន្ធ និង​អ្នក​ដឹកនាំ​រឿង​ឲ្យ​ដើរ​តួឯក ឬ​តួអង្គ​សំខាន់​ក្នុង​រឿង​ឡើយ ព្រោះ​គេ​រក​តួអង្គ​ណា​ដែល​មាន​រូប​សម្បត្តិ​សាកសម​ទៅ​នឹង​ខ្លឹមសារ​នៃ​រឿង​នីមួយៗ។
    ចំណែក​តារា​សម្ដែង​ជើង​ចាស់​ អ្នក​ស្រី​ ឌី សាវ៉េត ដែល​បច្ចុប្បន្ន​ជា​គ្រូ​បង្រៀន​សិល្បករ​ បាន​មាន​ប្រសាសន៍​ថា អ្នក​ស្រី​ចូល​ប្រឡូក​ក្នុង​សិល្បៈ​តាំង​ពី​អាយុ​១៦ឆ្នាំ ដែល​កាល​នោះ​អ្នកស្រី​ចូល​ប្រឡង​កញ្ញាឯក បង្ហាញ​ម៉ូដ និង​ចូល​ប្រឡង​ក្នុង​កម្មវិធី​ភាព​សង្ហា​របស់​រថយន្ត​ ហើយ​ទទួល​បាន​ជោគជ័យ​ជា​ហូរហែរ។
    បន្ទាប់​ពី​នោះ​អ្នក​ស្រី​ត្រូវ​បាន​ផលិតកម្ម​ខ្សែភាពយន្ត​មួយ​អញ្ជើញ​ឲ្យ​ចូល​រួម​សម្ដែង​ជា​តួអង្គ​សំខាន់​ក្នុង​រឿង ដោយ​មើល​ឃើញ​រូប​សម្បត្តិ​ល្អ​។ អ្នកស្រី​បាន​បញ្ជាក់​ថា “កាលណោះ​ជំហាន​ដំបូង​គេ​មើល​លើ​រូប​សម្បត្តិ​ខ្ញុំ ចំពោះ​ទេពកោសល្យ និង​ចំណេះដឹង​សំខាន់​ក៏​ដែរ តែ​គេ​ត្រូវ​ជ្រើសរើស​តួ​ឲ្យ​ស៊ី​ទៅ​នឹង​សាច់​រឿង ហើយ​ពេល​សម្ដែង​ហ្នឹង​ខ្ញុំ​មាន​ការ​លំបាក​មែនទែន​ ដោយ​ពេល​ហ្នឹង​ខ្ញុំ​ថ្មី​ទើប​ចូល​សម្ដែង​ដំបូង”។ ទោះជាយ៉ាង​ណា​អ្នក​ស្រី​ទទួល​ស្គាល់​ថា រូប​សម្បត្តិ ចំណេះដឹង និង​ទេពកោសល្យ​ត្រូវ​តែ​មាន​ទាំង​ព្រម​សម្រាប់​តារា​សម្ដែង​ឯក ឬ​តួអង្គ​សំខាន់​ក្នុង​រឿង។
    ស្រដៀងគ្នា​ទៅ​នឹង​ការ​លើក​ឡើង របស់​អ្នក​ស្រី ឌី សាវ៉េត គឺ​កញ្ញា ម៉ាកសែន សូនីតា តារា​សម្ដែង​ជំនាន់​ក្រោយ​ ដែល​មាន​រូប​សម្រស់​ស្រស់​សោភា បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ថា រូប​សម្បត្តិ​គឺ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់ ក្នុង​ចំណោម​ធាតុ​ផ្សំ​សំខាន់​ផ្សេងៗ​ទៀត។ តារា​សម្ដែង​រូប​នេះ​បាន​បន្ត​ទៀត​ថា “ប្រសិន​បើ​រូប​សម្បត្តិ​​អន់​ហើយ ​គឺ​លំបាក​នឹង​ធ្វើ​ឲ្យទស្សនិកជន​ចាប់​អារម្មណ៍​ណាស់ ប៉ុន្តែ​តារា​សម្ដែង​ត្រូវ​តែ​មាន​ទេពកោសល្យ​ពី​កំណើត បូក​ផ្សំ​ជា​មួយ​នឹង​ចំណេះ​ដឹង​ផ្សំ​ផង​ដែរ​ទើប​អាច​ទៅ​រួច។ កាល​ពី​ខ្ញុំ​ចូល​សម្ដែង​ដំបូង​គ្រប់​ឈុត ឆាក​ទាំង​អស់​សុទ្ធតែ​មាន​ការ​ពិបាក”។
    ខ្សែ​ភាព​យន្ត​ខ្មែរ​មួយ​ចំនួន​បាន​រង​ការ​រិះ​គន់​ពី​អ្នក​ទស្សនា​ដោយ​សារ​តែ​​តួ​សំដែង​ហាក់​ចូល​តួ មិន​សម មិន​ស៊ី​នឹង​សាច់​រឿង​ជា​ដើម។ ការ​ទាំង​នេះ ត្រូវ​សាធារណជន ព្រលយ​ឲ្យ​ដឹង​ថា មក​តែ​ពី​យក​តែ​តួ​មាន​រូប​សម្រស់​ស្អាត​សំដែង ដោយ​មិន​គិត​ពី​ភាព​ប៉ិន​ប្រសព្វ និង​ទេពកោសល្យ​ពី​កំណើត។ ប៉ុន្តែ គេ​ក៏​សង្កេត​ឃើញ​តួ​អង្គ​ដែល​មាន​រូប​សម្រស​ស្រស់​ស្អាត​មួយ​ចំនួន​មាន​ទេពកោសល្យ​ខាង​សំដែង​ដែរ។ ក្រៅ​ពី​នេះ ក៏​មាន​ការ​កត់​សំគាល់​ដែរ​ថា តារា​ដែល​មាន​លក្ខណៈសម្បត្តិ​មិន​សូវ​ស្អាត​ក៏​សំដែល​មិន​សម​ដែរ។ បើ​តាម​ការ​លើក​ឡើង​ខាង​លើ​ៗ អ្នក​ដឹក​នាំ​រឿង គួរ​ជ្រើសរើស​តួ​ដោយ​គិត​ទាំង​ចំណេះ​ដឹង ទេពកោសល្យ ភាព​ប៉ិន​ប្រសព្វ ដោយ​មិន​ផ្តោត​តែ​លើ​រូប​សម្បត្តិ​មួយ​មុខ​គត់​នោះ​ទេ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.