នួន ជា នៅតែលើកឡើង អំពីការឈ្លានពាន របស់វៀតណាម មកលើរបបកម្ពុជា ប្រជាធិបតេយ្យ

Posted on
  • Tuesday, January 10, 2012
  • by
  • angco.co
  • in
  • Labels:
  • Photo by DAP-NEWS
    ភ្នំពេញ ៖ សវនាការ ដែលមានរយៈពេល ពេញមួយព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០១២ នេះ សហព្រះរាជអាជ្ញាជាតិ និងអន្តរជាតិ បានចោទជាសំណួរ សួរទៅកាន់លោក នួន ជា ដែលគេចាត់ទុកថា ជាបងធំទី២ នៃរបបខ្មែរក្រហម ដោយដេញដោល ទៅលើ ភស្តុតាង ក្នុងសំណុំរឿង០០២ ។
    បុរសវ័យចំណាស់ អង្គុយមិនត្រង់ខ្លួន ស្ថិតនៅក្នុង រង្វង់ក្រចកសេះ លោក នួន ជា អតីតប្រធានរដ្ឋសភា និងជាអនុលេខាបក្ស នៃ របបកម្ពុជា ប្រជាធិបតេយ្យ ក្នុងរបបខ្មែរក្រហម បានថ្លែង នៅក្នុងសវនាការ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែមករានេះថា ការកកើត ចលនាតស៊ូ របស់ខ្មែរក្រហម និងមនោគមវិជ្ជា កុម្មុយនីស្ត ខ្មែរក្រហម ជាមួយនឹងការ ជាប់ពាក់ព័ន្ធ នៃគណបក្សកុម្មុយនីស្ត ប្រទេសវៀតណាម។
    បងធំទី២ រូបនេះ បានប្រាប់ទៅ សវនការថា ការកសាងបក្សខ្មែរក្រហម និងការប្រជុំ រវាងមន្ត្រីជាន់ខ្ពស់ របស់គណបក្ស ពេល ខ្លះបានធ្វើឡើង ជាមួយនឹងបក្សកុម្មុយនីស្ត វៀតណាម ។ វៀតណាម នៅតែប្រើល្បិច និងឥទ្ធិពលមកលើគណបក្សរបស់លោក។
    លោក សុន អារុណ មេធាវីការពាក្តីឲ្យ លោក នួន ជា បានធ្វើការស្តីបន្ទោស ទៅកាន់សហព្រះរាជអាជ្ញា អន្តរជាតិ ដោយបាន លើកឡើងថា សហព្រះរាជអាជ្ញា មានការវង្វេង ក្នុងការសួរសំណួរ ទៅកាន់កូនក្តីរបស់ខ្លួន ត្រឡប់ទៅត្រឡប់មក ដែលបណ្តាល ឲ្យកូនក្តីរបស់លោក មានការពិបាក ក្នុងការឆ្លើយ ម្យ៉ាង ពេលនេះកូនក្តីរបស់លោក កំពុងមានបញ្ហាសម្ពាធឈាម ។
    លោក និល ណន់ ប្រធានអង្គជំនុំជម្រះ បានព្រមានថា លោកមេធាវី ការពារក្តីឲ្យ នួន ជា គួរប្រើពាក្យពេជន៍ ឲ្យបានសមរម្យ មិនគួរប្រើពាក្យប្រមាថ ទៅភាគីម្ខាងថា វង្វេងដូច្នោះទេ ។ ដូច្នោះ មេធាវីត្រូវប្រើពាក្យប្រមាថ បែបនេះតទៅទៀត ។
    បើទោះជា មានការព្រមាន ពីប្រធានអង្គជំនុំជម្រះ យ៉ាងនេះក្តី ក៏លោក នួន ជា ដែលបានអះអាងថា មានបញ្ហាសុខភាព ហើយ សុំឲ្យតុលាការ ចោទសួរគាត់តែមួយព្រឹកៗ កុំឲ្យព្រះរាជអាជ្ញា បានសួរគាត់ដដែលៗ ។
    លោកចៅក្រម នៅតែព្យាយាម ការពារការចោទសួរ របស់សហព្រះរាជអាជ្ញាថា ដោយសារ លោក នួន ជា ឆ្លើយមិនច្បាស់ ទើប ព្រះរាជអាជ្ញាសួរដដែលៗដូចនេះ ។
    បើទោះជា នៅក្នុងសវនាការ ដែលបានជជែកគ្នា ដោយសំដីខ្លាំងៗ របស់ចៅក្រម និងមេធាវីការពារក្តី ជនជាប់ចោទ នៅក្នុង សវនាការនៅថ្ងៃដំបូងនេះក៏ដោយ វាមិនបានធ្វើឲ្យរាំងស្ទះ ដល់ដំណើរការ សវនាការនោះទេ។ តុលាការកូនកាត់នេះ នៅតែ បន្តសាកសួរ ទៅលើជនត្រូវចោទ នួន ជា ដែលបានបង្ហាញវត្តមាន ក្នុងរង្វង់ក្រចកសេះ ខណៈសាក្សី ដែលត្រូវឡើង មកផ្តល់ សក្ខីកម្មនៅព្រឹកនេះ អវត្តមានដោយសារ មានបញ្ហាសុខភាព ៕
    source: dap-news



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.