រឿង​ដែល​ត្រូវ​គិតដល់ នៅពេល​ដែល​ចង់​សន្សំ​ទ្រព្យ

Posted on
  • Wednesday, January 25, 2012
  • by
  • angco.co
  • in
  • Labels:

  • នៅក្នុង​លោក​យើង​នេះ តើ​មាន​អ្នកណា​ទៅ​ដែល​ថា​មិន​ចង់មានចង់បាន​នោះ​។ ក៏​ប៉ុន្តែ​គេ​មិន​ត្រូវ​ដេក​រង់ចាំ​ព្រេងសំណាង​ដើម្បី​ក្លាយទៅជា​អ្នកមាន​នោះទេ​។ ពិតណាស់​ថា​មាន​អ្នកខ្លះ​គេ​កើត​មក​នៅក្នុង​ត្រកូល​អ្នកមាន គេ​មាន​តាំង​ពី​កំណើត ក៏​ប៉ុន្តែ​បើ​មិនចេះ​ថែរក្សា​កេរ​ពី​ឪពុក​ម្តាយ​មក​ទេ ទ្រព្យធន​ទាំងឡាយ​អាច​នឹង​រលាយ​បាត់​ទៅ ហើយ​អ្នកនោះ​ធ្លាក់​ខ្លួន​ក្រ​ទៅ​វិញ​ក៏​មាន​។ មហាសេដ្ឋី​ធំៗ​លើ​សាកលលោក​ភាគច្រើនៗ​តែ​កើត​នៅក្នុង​គ្រួសារ​ក្រីក្រ ក៏​ប៉ុន្តែ​បាន​ខិតខំ​សន្សំទ្រព្យ​រហូត​ទាល់តែ​បាន​ក្លាយខ្លួន​ទៅ​ជា​អ្នក​មាន ជា​មហាសេដ្ឋី​។ ដូច្នេះ សូម​កុំ​គិត​ថា មាន​តែ​កូន​អ្នក​មាន​ទេ​ដែល​អាច​ក្លាយទៅជា​មានបាន​នោះ កូនអ្នកក្រ​ក៏​អាច​ក្លាយទៅជា​អ្នកមាន​បាន​ដែរ​។​
    ​តទៅ​នេះ​គឺជា​ចំណុច​មួយចំនួន​សម្រាប់​ធ្វើការ​ពិចារណា នៅពេល​ដែល​ចង់​សន្សំទ្រព្យ​ធ្វើ​មាន​ធ្វើ​បាន​នឹង​គេ​។​
    ១- ត្រូវមាន​ការតស៊ូ​ជំនះ​ចង់​មាន មិន​រង់ចាំ​ព្រេងវាសនា ឬ​ការជួយ​ពី​អ្នក​ដទៃ​ណា​ម្នាក់​ទេ 
    ​គេ​តែង​និយាយថា បើ​ក្រ​ទ្រព្យ​ក៏​ក្រ​ទៅ កុំឲ្យ​តែ​ក្រ​គំនិត​។ គឺ​ដោយ​មក​ពី​ក្រ​គំនិត​នេះ​ហើយ​បានជា​ជួនកាល​គេ​ចោទ​អ្នកក្រ​ថា​ក្រ​មក​ពី​ខ្ជឹល​។ តាមពិត​ទៅ​មិនមែន​ខ្ជឹល​ទេ​ក៏​ប៉ុន្តែ​ក្រគំនិត ព្រោះ​មិន​ដែល​បានទទួល​ព័ត៌មាន​ឲ្យបាន​គ្រប់គ្រាន់ មិន​បានដឹងថា​”​ទ្រព្យ​”​នោះ​នៅ​ទីណា ធ្វើ​យ៉ាងណា​ដើម្បី​ទៅ​យក​នឹង​គេ​។ ដូច្នេះ​សូម​ធ្វើ​ចិត្តឲ្យទូ​លាយ មាន​គំនិត​ឲ្យ​វិជ្ជមាន​ឡើង កុំឲ្យ​នៅតុះ​សុញ​នោះ​។ សូម​គិត​ឲ្យបាន​ច្រើន គិត​ហើយ​គិត​ទៀត​។ ភាសិត​បារាំង​មួយ​និយាយថា “​បើ​ចង់ គឺអាច - vouloir c’est pouvoir” បាន​សេចក្តី​ថា​បើ​អ្នក​ចង់បាន​អ្វី​មួយ​ហើយ អ្នក​អាចនឹងទទួល​អ្វី​នោះ​បាន ដោយ​ខំប្រឹង​គិត​និង​រិះរក​វិធី​យក​របស់​នោះ​។ វា​ដូច​គ្នា​ដែរ​ចំពោះ​ការ​ចង់មានចង់បាន​៖ អ្នក​អាច​នឹង​ទៅ​ជា​អ្នក​មាន​នឹង​គេ​បាន តែ​ត្រូវ​ដាក់ចិត្ត​គិត​ពី​រឿង​ចង់​មាន​នោះ​ឲ្យ​ជាប់​។ 
    ​សូម​ចាប់​គិត​ពី​រឿង​ចង់មានចង់បាន​នេះ​តាំងពី​ពេល​នៅ​ក្មេង​ទៅ កុំ​ចាំ​ដល់​ចាស់​បាន​គិត នោះ​វា​អាច​នឹង​ហួសពេល​ទៅហើយ​។ ហើយ​មិន​ត្រូវ​ចង់​មាន​បាន​តែ​ត្រឹម​ខ្លួនឯង​នេះ បើ​មិន​ទាន់​អាច​ធ្វើឲ្យ​ខ្លួនឯង​មាន​បានទេ ព្រោះ​ជួនកាល​កាលៈទេសៈ​មិន​អំណោយផល​ល្អ​ឲ្យ  សូម​ព្យាយាម​ខិតខំ​តទៅទៀត ធ្វើយ៉ាងណា​ឲ្យ​កូនឬ​ចៅ​របស់​យើង​ទៅ​ជា​មាន​បាន​ក៏​បាន​។​
    ២- ត្រូវ​សន្សំសំចៃ​ចាយវាយ​មិនឲ្យ​លើស​ចំណូល​
    ​ចាស់ៗ​និយាយថា “​កុំ​ចុក​ប្រហុក​ធំ​ជាង​បាយ​” ឬ “​កុំ​ឃើញ​ដំរី​ជុះ ខំ​ជុះ​តាម​ដំរី​”​។ ពិត​ណាស់​ដែល​ត្រូវតែ​ចេះ​និង​ខំ​សន្សំ​សំចៃ​ឡើង ទើប​អាច​ធ្វើ​មាន​ធ្វើ​បាន​បាន​។ គេ​តែងតែ​និយាយថា “​អ្នក​មាន​គេ​ហូប​តែ​សម្ល​ត្រកួន​ទេ​” បាន​សេចក្តី​ថា​គេ​មិន​ខ្ជះខ្ជាយ​ចាយវាយ​ធំដុំ​នោះទេ​។​
    ​ត្រូវ​គិតគូរ​អំពី​ចំណូល​និង​ចំណាយ​ក្នុង​១​ថ្ងៃៗ ឬ​១​ខែៗ ហើយ​ចេះ​លៃលក​យ៉ាងណា​ចាយ​ត្បិតត្បៀត​កុំឲ្យ​ចំណាយ​លើស​ចំណូល​។ វា​នឹង​មិនមែន​ស្រួល​ប៉ុន្មាន​ទេ ព្រោះ​របស់របរ​សព្វថ្ងៃ​ចេះ​តែ​ឡើងថ្លៃ​រហូត ហើយ​យើង​ក៏​ត្រូវតែ​ហូបចុក​ឲ្យបាន​គ្រប់គ្រាន់​ដើម្បី​កុំឲ្យ​ឈឺ នោះ​វា​នឹង​ធ្វើឲ្យ​ចាយវាយ​មើល​ជំងឺ​ផង និង​អាក់ខាន​មិន​បាន​ទៅ​ធ្វើការ​រក​ចំណូល​ផង​។ ក៏ប៉ុន្តែ​ត្រូវ​ដឹងថា ចំណី​អាហារ​ដែល​មាន​សុខភាព​មាន​នៅ​ជុំវិញ​ខ្លួន​យើង​ច្រើនណាស់ ដែល​គឺជា​បន្លែបង្កា​ដែល​យើង​អាច​ដាំ​ដុះ​បាន ឬ​សត្វ​ធាតុ​ដែល​យើង​អាច​ចិញ្ចឹម​បាន​។ មិនមែន​ទាល់តែ​ទទួលទាន​ហាំ​បឺ​ហ្គ័​រ ស៊ុប​ពពែ​។​ល​។ បាន​មាន​សុខភាព​ល្អ​នោះ​ទេ​។​
    ​ការចាយវាយ​ផ្សេងៗ​ទៀត​ក៏​ត្រូវតែ​ត្បិតត្បៀត​ដែរ​។ មិនមែន​ទាល់តែ​មាន​ឡាន ឬ​ម៉ូតូ​ស្គូ​ពី​ជិះ ទើប​អាច​ទៅ​ធ្វើការ​បាន​នោះ​ទេ​។ បើ​ចំណូល​យើង​មាន​កម្រិត ហើយ​កន្លែង​ធ្វើការ​វា​មិន​ឆ្ងាយ​ពេក​ទេ ជិះ​កង់​ទៅ​ធ្វើការ​វា​ជួយ​ធ្វើឲ្យ​យើង​មាន​សុខភាព​ល្អ​ទៀតផង​។ ហើយ​មាន​របស់របរ​មួយចំនួន​ដែល​គេ​លក់​បញ្ចុះ​ថ្លៃ​នៅពេល​ណា​មួយ ប៉ុន្តែ​តម្លើងថ្លៃ​នៅពេល​ផ្សេង​ទៅវិញ ដូចជា​សម្លៀកបំពាក់ គ្រឿងសំអាង​ជាដើម​៖ គួរតែ​កុំ​ទិញ​នៅពេល​ឡើងថ្លៃ ដូចជា​ពេល​មាន​បុណ្យទាន ហើយ​ចាំ​ទិញ​នៅ​ដំណាច់ឆ្នាំ ពេលដែល​គេ​បញ្ចុះ​ថ្លៃ​វិញ​។​
    ៣- កុំ​អាលប្រ​ញ៉ាប់​ចង់បាន​គ្រួសារ​ពេក
    ​តាម​ធម្មជាតិ​របស់​ម​នុស្ស​យើង យើង​ត្រូវតែ​មាន​ប្រពន្ធ​/​ប្តី កសាង​ជា​គ្រួសារ​នឹង​គេ​ឡើង​។ ក៏​ប៉ុន្តែ​បើសិនជា​អ្នក​គិត​ចង់មានចង់បាន​នឹង​គេ សូម​កុំ​អាលប្រ​ញ៉ាប់​ចង់បាន​គ្រួសារ​ខ្លាំងពេក លើកលែង​តែ​ការ​មាន​គ្រួសារ​នោះ​ធ្វើឲ្យ​មាន​បាន​។ ខ្មែរ​យើង ជួនកាល​គេ​ឆាប់​ឲ្យ​កូនប្រុ​សយក​ប្រពន្ធ​ទាំង​កំពុង​តែ​នៅ​រៀន​មិនទាន់​បាន​ការងារ​ធ្វើ​ផង ព្រោះ​កូនស្រី​ជា​កូនអ្នកមាន​។ ចំពោះ​កូនស្រីៗ​ក៏​អីចឹង​ដែរ គេ​ឆាប់​ឲ្យមាន​ប្តី​ទាំងនៅ​មិន​ទាន់​គ្រប់​វ័យ​ផង ព្រោះ​ប្រុស​នោះ​ជា​អ្នកមាន ជា​ឧកញ៉ា ទោះជា​ចាស់​បន្តិច​ក៏​មិន​អី​ដែរ​។ ការ​ដែល​រៀប “​អាពាហ៍ពិពាហ៍​ផលប្រយោជន៍ - mariage d’intérêt” បែបនេះ ជួន​កាល​វា​មិន​ជា​ល្អ​ប៉ុន្មាន​ទេ​។ កូនប្រុស​ដែល​បាន​ប្រពន្ធ​ជា​កូនអ្នកមាន ដល់​រៀន​ចប់សព្វគ្រប់ មាន​ការងារ​ធ្វើ​ទៅ គេ​ថា​បើ​កុំ​តែ​បាន​គេ មិនដឹង​ជា​ទៅ​ជា​អ្វី​ទេ នឹង​រាប់រក​គិតគូរ​ឪពុកម្តាយ​ខ្លាំងពេក​ក៏​មិនបាន​។ ចំណែកឯ​កូនស្រី​ដែល​យកប្តី​អ្នក​មាន​តែ​ចាស់​នោះ ក៏​ច្រើន​តែ​មិនសូវ​មាន​សុភមង្គល​ប៉ុន្មាន​ដែរ​។​
    ​ដូច្នេះ យក​ល្អ​គួរតែ​កុំប្រ​ញ៉ាប់​ប្រ​ញ៉ាល់​រៀបចំ​គ្រួសារ​អ្វី បើសិនជា​ចង់​សន្សំ​ទ្រព្យសម្បត្តិ​សិន​នោះ​។ មាន​ប្រពន្ធ​ឬ​ប្តី ជីវិត​ត្រូវ​បែងចែក​ជា​ពីរ​ហើយ ចំណាយ​ក៏​កើន​ឡើង​ដែរ​។ ចុះ​ទម្រាំ​តែ​មាន​កូន​ទៀត នោះ​គឺ​កាន់តែ​ចំណាយ​ធំ​ហើយ​។​
    ៤- ត្រូវ​បើក​ចិត្តឲ្យទូ​លាយ ចេះ​ហ៊ាន​បង្ហាញខ្លួន និង​កុំ​ខ្លាច​បរាជ័យ​
    ​ដូចដែល​បាន​និយាយ​ពី​ខាងលើ​រួច​មក​ហើយ សូម​ធ្វើ​ចិត្តឲ្យទូ​លាយ កុំបី​តុះ​សុ​ញ គិត​ឲ្យ​វិជ្ជមាន​ឲ្យ​បាន​ច្រើន កុំ​អវិជ្ជ​មាន​ឲ្យសោះ​។ ត្រូវ​គិត​ឲ្យបាន​វែងឆ្ងាយ ឲ្យបាន​ជ្រៅ កុំ​គិត​លំៗ​។ ត្រូវ​រៀបចំ​ផែនការ​សម្រាប់​ជីវិត​រស់នៅ គ្រោង​ថា​តើ​ចង់បាន​អ្វី​នៅ​ក្នុង​ពេល ៥​ឆ្នាំ ឬ ១០​ឆ្នាំ ទៅមុខទៀត ប្រកប​មុខរប​ររ​អ្វី មាន​ផ្ទះសម្បែង​យ៉ាងណា ត្រូវ​មាន​កូន​ប៉ុន្មាន​នាក់​។​ល​។ ជាដើម​។​
    ​កាលណា​ចង់មានចង់បាន អ្នក​ត្រូវ​តែមាន​សុទិដ្ឋិនិយម ចេះ​រួសរាយ​រាប់អាន​អ្នកដទៃ ចេះ​បង្ហាញ​ខ្លួន​ឲ្យ​អ្នកដទៃ​គេ​មើល​មក​ឃើញ​ថា​យើង​ជា​មនុស្ស​មាន​ប្រយោជន៍ គួរ​រាប់រក ពឹង​ពាក់បាន​។ ជាមួយគ្នា​នោះ ត្រូវ​“​កសាង​បណ្តាញ​” របស់​ខ្លួន​ឡើង​ដើម្បី​បាន​ជា​ប្រភពព័ត៌មាន និង​ជា​បណ្តាញ​ជួយ​គាំទ្រ​សម្រាប់​ពេល​ណា​ដែល​ចាំបាច់​។​
    ​ហើយ​បើ​បាន​ធ្វើ​អ្វីមួយ​ទៅ​វា​បរាជ័យ សូម​កុំ​ទោមនស្ស​៖ ត្រូវ​យក​បរាជ័យ​នោះ​ជា​មេរៀន​បទពិសោធន៍ សិក្សា​មើល​ថា​មូលហេតុ​អ្វី​បានជា​បរាជ័យ មាន​ចំណុច​ខ្វះខាត​ត្រង់ណា អាច​កែលំអ​ទៅវិញ​របៀប​ណា ។​ល​។ ជាដើម​។
    ​ការ​ដែល​បាន​លើក​យក​ចំណុច​ទាំង​៤​ខាងលើ​មក​ពិចារណា អាច​នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​។ ក៏ប៉ុន្តែ ឲ្យតែ​បាន​គិត​ដល់​ចំណុច​ទាំងអស់នេះ នោះ​ក៏​អាច​សង្ឃឹម​បាន​ថា​មាន​គន្លឹះ​មួយចំនួន​សម្រាប់​ជា​ផ្លូវ​សម្រាប់​ដើរ បាន​ហើយ​។ សូម​ឲ្យ​អ្នក​ទាំងឡាយ​ណា​ដែល​មានគំនិត​ចង់មានចង់បាន បាន​សម្រេច​តាម​បំណង​កុំបី​អាក់ខាន​ឡើយ​។​



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.