CSX ប្រកាសឲ្យ ក្រុមហ៊ុនផ្សេងទៀត មកពិនិត្យលទ្ធភាព បោះផ្សាយ លក់មូលបត្រ

Posted on
  • Wednesday, January 18, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញៈ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) ចាប់ផ្តើមប្រកាសឲ្យក្រុមហ៊ុនផ្សេងៗទៀត ក្រៅពីក្រុមហ៊ុនរដ្ឋចំនួន៣ ដែលគ្រោងនឹងបោះផ្សាយលក់មូលបត្រជាសាធារណៈ ឲ្យមកដាក់ពាក្យសុំពិនិត្យលទ្ធភាព នៃការចុះបញ្ជីលក់មូលបត្រ។
    សេចក្តីជូនដំណឹងរបស់ CSX ដែលចេញផ្សាយនៅថ្ងៃទី១៧ ខែមករា បានឲ្យដឹងថា CSX បានទទួលពាក្យស្នើសុំពិនិត្យលទ្ធភាព ចុះបញ្ជីពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងបានផ្តល់ការ ឯកភាពជាគោលការណ៍រួច ហើយកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១១ កន្លងទៅថ្មីៗនេះ។
    ចំណែកឯទូរគមនាគមន៍កម្ពុជា និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលត្រូវបានរាជរដ្ឋាភិបាលសម្រេចឲ្យបោះផ្សាយ និងចុះបញ្ជីលក់មូលបត្រ ក៏កំពុង បន្តការងាររបស់ខ្លួនជិតរួចរាល់ហើយ។ ដើម្បីឲ្យសកម្មភាព នៃការជួញដូរមូលបត្រ ជាប្រវត្តិសាស្រ្តនៅកម្ពុជា សម្រេចដោយ ជោគជ័យ និងមានការចូលរួមពីក្រុមហ៊ុនទាំងរដ្ឋ និងឯកជននោះ CSX បានប្រកាស ឲ្យក្រុមហ៊ុននៅកម្ពុជា ដែលត្រូវការនូវដើម ទុននោះ អាចមកឲ្យ CSX ពិនិត្យលទ្ធភាព នៃការផ្សាយលក់មូលបត្រនោះបាន។
    ប្រភពបន្តថា «ផ្សារមូលបត្រកម្ពុជា សូម អញ្ជើញក្រុមហ៊ុនផ្សេងទៀត ដែលមានបំណង បោះផ្សាយលក់មូលបត្រជាសាធារណៈ និងចុះបញ្ជីលក់មូលបត្រមកដាក់ពាក្យ ស្នើសុំពិនិត្យលទ្ធភាពចុះបញ្ជីចាប់ពីថ្ងៃជូនដំណឹងនេះតទៅ»។
    មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលមិនអាច ទាក់ទង លោក ហុង សុហួរ អគ្គនាយកនៃ CSX បានទេនៅថ្ងៃទី១៨ ខែមករា នេះ ដើម្បីសូមការបញ្ជាក់បន្ថែម។
    កាលពីថ្ងៃទី១២ ខែមករា កន្លងទៅ CSX ទើបតែបានបង្ហាញពីការជួញដូរមូលបត្រ សាកល្បងប្រកបដោយជោគជ័យ ព្រមទាំង បញ្ជាក់ថា CSX ត្រៀមខ្លួនរួចរាល់១០០ភាគ រយហើយក្នុងការជួញដូរមូលបត្រ។
    យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់រាជរដ្ឋា ភិបាលមិនទាន់អាចបញ្ជាក់ពីពេលវេលា នៃការជួញដូរមូលបត្រនៅកម្ពុជាថា នឹងចាប់ ផ្តើមនៅពេលណាឲ្យច្បាស់លាស់នោះទេ បន្ទាប់ពីបានពន្យារពេលជាច្រើនលើករួច មកនោះ។ មន្ត្រីរាជរដ្ឋាភិបាលគ្រាន់តែ បញ្ជាក់ថា ខ្លួនមិនចង់ឱ្យដំណើរការទិញ-លក់មូលបត្រ «ដើរទៅមុខមួយជំហាន ហើយបែរជាដើរថយក្រោយពីរជំហានវិញ នោះឡើយ»៕
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.