
ការិយាល័យកណ្តាលរបស់ក្រុមហ៊ុន NEC ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ B.g
ក្រុងតូក្យូៈ ក្រុមផលិតកុំព្យូទ័ររបស់ជប៉ុន NEC Corp ដែលបានបណ្តាក់ទុនរួមគ្នាជាមួយ Lenovo Group Ltd កាលពីឆ្នាំមុន នឹងកាត់បន្ថយការងារចំនួន១ម៉ឺននាក់ ពោលគឺប្រហែល ៨,៦ភាគរយនៃកម្លាំងពលកម្មសរុបរបស់ខ្លួនបន្ទាប់ពីក្រមហ៊ុនបានព្យាករ អំពីការខាតបង់ប្រចាំឆ្នាំ១ ភាគ ៣ រយៈពេល៤ឆ្នាំជាប់ៗគ្នា។
NEC ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ បានឲ្យដឹងកាលពីម្សិលមិញថា ខ្លួននឹងកាត់បន្ថយការងារប្រហែល៧ពាន់នាក់នៅប្រទេសជប៉ុន ហើយចំណាយ៤០ពាន់លានយ៉េន (៥១៦លានដុល្លារ) លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ និងការកាត់បន្ថយកម្លាំងពលកម្ម។ ការងារចំនួន៣ម៉ឺននាក់ផ្សេងទៀត នឹងត្រូវកាត់បន្ថយនៅប្រទេសផ្សេងពីជប៉ុន។
លោក Nobuhiro Endo ប្រធានក្រុមហ៊ុន NEC បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងតូក្យូ កាលពីថ្ងៃម្សិលមិញថា ការកាត់បន្ថយការងាររបស់ក្រុមហ៊ុននេះ នឹងចាប់ផ្តើមឆាប់បំផុតនៅថ្ងៃទី៣១ ខែមីនា។
ក្រុមហ៊ុនផលិតកុំព្យូទ័រមួយនេះ ព្យាករថា ខ្លួននឹងខាតបង់ចំនួន ១០០ពាន់លានយ៉េនក្នុងមួយឆ្នាំៗ បើធៀបនឹងទស្សនវិស័យកាលពីមុន ដែលក្រុមហ៊ុននេះ រកប្រាក់ចំណេញបាន១៥ពាន់លានយ៉េន។
ការខាតបង់នេះ បណ្តាលមកពីកំណើនសេដ្ឋកិច្ចនៅលើពិភពលោក និងនៅជប៉ុន មានសន្ទុះយឺតយ៉ាវ ធ្វើឲ្យតម្រូវការថយចុះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដដែលនោះ។
ភាគហ៊ុនរបស់ NEC មិនមានការប្រែប្រួលឡើយ គឺមួយហ៊ុន ថ្លៃ១៦៨យ៉េននៅទីក្រុងតូក្យូកាលពីថ្ងៃម្សិលមិញ។ តម្លៃនេះបានធ្លាក់ចុះ ០,៤ភាគរយ បើធៀបនឹងស្តង់ដារគំរូរបស់ភាគហ៊ុន Nikkei។
ភាគហ៊ុនក្រុមហ៊ុននេះ បានខាតបង់ ៣៦ភាគរយ កាលពីឆ្នាំមុន ពោលគឺធ្លាក់ចុះ២៩ភាគរយ ធៀបនឹងភាគហ៊ុន Fujitsu Ltd ដែលជាដៃគូប្រកួតប្រជែងរបស់ខ្លួន។ ម្យ៉ាងវិញទៀត NEC មិនបានបង់ថ្លៃភាគលាភនៅពេលបញ្ចប់ឆ្នាំឡើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។
ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុងតូក្យូមួយនេះ មានបុគ្គលិក ១១៥ ៨៤០នាក់ គិតត្រឹមចុងខែមីនា បើធៀបនឹងឆ្នាំ២០០៧ មានចំនួន ១៥៤ ៧៨៦នាក់។ នេះបើយោងតាមទិន្នន័យចងក្រងដោយ Bloomberg។
ការខាតបង់សុទ្ធបានកើនឡើងដល់ ៨៦,៥ពាន់លានយ៉េន ក្នុងរយៈពេលបីខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ពោលគឺពីចំនួន ២៦,៥ពាន់លានយ៉េនកាលពីឆ្នាំ២០១០។ ការលក់របស់ក្រុមហ៊ុននេះបានធ្លាក់ចុះ៦,៧ភាគរយ មកនៅ ត្រឹម៦៧២ពាន់លានយ៉េន។
ឆ្នាំមុន Lenovo ជាក្រុមហ៊ុនផលិតកុំព្យូទ័រដ៏ធំជាងគេរបស់ចិន បានព្រមព្រៀងទិញភាគហ៊ុនក្រុមហ៊ុនNEC ក្នុងតម្លៃ ១៧៥លានដុល្លារ ដើម្បីបណ្តាក់ទុនរួមគ្នាជាមួយ NEC បំណងពង្រីកអាជីវកម្មនៅជប៉ុន៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.