ប្រធានសមាគមលើកកម្ពស់ស្ករត្នោត កំពង់ស្ពឺ បានឲ្យដឹងថា ដោយសារតែភាព អំណោយផលពីទឹកភ្លៀង នឹងធ្វើឲ្យទិន្នផលស្ករត្នោត របស់ខេត្តកំពង់ស្ពឺនឹងទទួលបាន ទិន្នផលច្រើនជាងឆ្នាំមុនៗ។
ប្រធានសមាគមស្ករត្នោតខេត្តកំពង់ស្ពឺ លោក សំ សារឿន បានមានប្រសាសន៍ កាលពីពេលថ្មីៗនេះ ថា កាលពីឆ្នាំមុនស្ករត្នោតខេត្តកំពង់ស្ពឺ ដែលជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ទទួលបានផល ប្រមាណ២០០តោន តែឆ្នាំនេះទិន្នផលអាចនឹងលើសពីឆ្នាំមុនច្រើន។ ”ឆ្នាំនេះខ្ញុំជឿថា ផលទឹកត្នោត ស្ករត្នោតវាបានច្រើន អាស្រ័យដោយទឹកភ្លៀវវាអំណោយផល តែដល់ទិន្នផលពិតទាល់តែខែមេសា ទើបយើងដឹងចំនួនពិត”។
កាលពីឆ្នាំមុន ស្ករត្នោតខេត្តកំពង់ស្ពឺដែលវាយនូវស្លាកសញ្ញាផលិតផល GI សមាគមបានលក់ទៅឲ្យ ក្រុមហ៊ុន និងអង្គការដៃគូរបស់ខ្លួនចំនួន ៣០តោន ក្រៅពីនោះក្រុមហ៊ុន លក់ទៅឲ្យឈ្មួញធម្មតា ដោយលក់ក្នុងមួយគីឡូតម្លៃប្រមាណ ៤.០០០រៀល។ តែសម្រាប់ឆ្នាំនេះ ប្រធានសមាគមរូបនេះ តម្លៃស្ករត្នោតដល់តែមួយគីឡូក្រាម ៥.០០០រៀល ទើបកសិករទទួលបានប្រាក់ចំណោញ។
លោកបន្តថា ”យើងកំពុងតែចចារជាមួយក្រុមហ៊ុន ដើម្បីឲ្យពួកគាត់ ដំឡើងតម្លៃឲ្យកសិករ ហើយក្រុមហ៊ុនថា គេនឹងពិគ្រោះ និងពិនិត្យអំពីបញ្ហានេះ”។
នាយកសហគ្រាសសេដាក លោក ឡាង សេងហ៊ង បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឲ្យដឹងនៅថ្ងទី៩ ខែមករា នេះថា នៅឆ្នាំនេះ សហគ្រាសគ្រងនឹងទិញស្ករត្នោត ពីសហគមន៍ចំនួន ៣០តោន ដែលចំនួននេះលើសពីឆ្នាំមុន ដែលឆ្នាំមុន ទិញតែប្រមាណជិត២០តោនប៉ុណ្ណោះ។
លោកបានឲ្យដឹងទៀតថា ”យើងឃើញថា អតិថិជនរបស់យើង និយមស្ករត្នោតសាច់ច្រើន ដោយសារតែយើងមានការកែលំអគុណភាព ការវេចខ្ចប់ប្រកបដោយអនាម័យខ្ពស់ រួមទាំងអត់មានប្រើប្រាស់ជាតិគីមី ធ្វើឲ្យអតិថិជន គាត់មានទំនុកចិត្ត ទើបឆ្នាំនេះយើងមាន គម្រោងទិញឲ្យដល់៣០តោន” ។
ចំពោះតម្លៃវិញ សេដាកមិនទាន់ដឹងថា នឹងត្រូវកំណត់តម្លៃលក់ប៉ុន្មានដែរ ព្រោះការចុះកិច្ច សន្យាទិញពីសហគមន៍មិនទាន់ដល់ពេល។
សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានបង្កើតឡើង កាលពីចុងឆ្នាំ២០០៨ ដើម្បីគ្រប់គ្រង ផលិតផលសម្គាល់ភូមិសាស្ត្រស្ករត្នោតកំពង់ស្ពឺ។ បច្ចុប្បន្ននេះ សមាជិកសមាគមលើកកម្ពស់ ស្ករត្នោតកំពង់ស្ពឺ ដែលមានសមាជិកសរុប១៨៤ រូប រួមមានផលិតករស្ករត្នោតកំពង់ស្ពឺ ១៧២ រូប (កសិករជាអ្នកឡើងត្នោតនៅកំពង់ស្ពឺ) ឈ្មួញកណ្តាល ៨ រូប, ក្រុមហ៊ុន និង អង្គការ ៤ មានសហគ្រាសសេដាក ខនហ្វីរែល ដេត និងសហគមន៍អភិវឌ្ឍន៍ត្នោតកំពង់ស្ពឺ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.