ភ្នំពេញ: ក្នុងយុគសម័យសម្ភារៈនិយមនាពេលបច្ចុប្បន្ន ប្រជាជនកម្ពុជា ពិសេសយុវវ័យ បានផ្អើលតាមគ្នា ក្នុងការប្រើប្រាស់ទូរស័ព្ទដៃស៊េរីទំនើប iphone ទោះបីជាទូរស័ព្ទនោះ មានតម្លៃខ្ពស់យ៉ាងណាក៏ដោយ។ តើការទិញ-លក់ ទូរស័ព្ទទំនើប iphone ប្រព្រឹត្តិទៅដូចម្តេច នៅកម្ពុជាសព្វថ្ងៃ?
អ្នកទិញលក់ទូរស័ព្ទ និងអ្នកប្រើប្រាស់ iPhone4 មួយចំនួន បាននិយាយដឹងថា iPhone4 មិនទាន់មានក្រុមហ៊ុនទូរស័ព្ទណាមួយ មានកម្មសិទ្ធិបញ្ញាផ្តាច់មុខ ដើម្បីនាំចូល មកលក់នៅក្នុងប្រទេសកម្ពុជានៅឡើយទេ។ អ្នកខ្លះ ទិញទូរស័ព្ទទំនើបនោះ តាម Web Site និងខ្លះទៀតទិញតាមរយៈបងប្អូន និងសាច់ញាតិនៅអាមេរិកប៉ុណ្ណោះ។
លោក សំអាង ភារម្យ អ្នកប្រើប្រាស់ទូរស័ព្ទ iphone 4 ចាប់តាំងពីចេញដំបូង កាលពីឆ្នាំ២០០៧ បានប្រាប់ពីអត្តប្រយោជន៍ របស់ទូរស័ព្ទដ៏ទំនើបរបស់គាត់ថា ចាប់តាំងពីគាត់ផ្លាស់ប្តូរប្រើប្រាស់ទូរស័ព្ទពី Nokia មកប្រើ iPhone4 គឺស្រួលទំនាក់ទំនង ដូចជា Call Skpye ទៅស្រុកក្រៅ ដើម្បីនិយាយជាមួយបងប្អូនគាត់រស់នៅទីនោះ បានយ៉ាងស្រួល ដោយមិនចាំបាច់ Call នៅតាម Internet ដូចមុនឡើយ។
លោកបានបន្ថែមថា iPhone4 គឺទាក់ទាញភាពឡូយឆាយ និងទាន់សម័យសំរាប់មិត្តយុវវ័យគ្រប់រូបផងដែរ។ ក្នុងនោះ លោកបានទិញទូរស័ព្ទ iPhone 4 មួយគ្រឿង ថ្មីស្រឡាង តាមរយៈមិត្តភ័ក្តិ នៅអាមេរិក ក្នុងតម្លៃ ៦៥០ ដុល្លារ។
ចំណែកអ្នកប្រើប្រាស់ទូរស័ព្ទ iPhone 4 ម្នាក់ទៀត គឺលោក ស្រ៊ុន កក្កដា ក៏បានឲ្យដឹងថា ” iPhone4 មានសារៈសំខាន់ណាស់សំរាប់ខ្ញុំ ដូចជាការ Check Mail, Sent Mail, Game, Skype, Facebook, Twitter…។ល។ តែទូរស័ព្ទ iPhone4 នៅពេល ដែលយើងប្រើវា សូមរក្សាឲ្យវា កុំឲ្យធ្លាក់ ឬចូលទឹកទៅបានហើយ”។
លោក ស្រ៊ុន កក្កដា បានទិញទូរស័ព្ទ iPhone 4 មួយគ្រឿង ដែលគេប្រើរួច ឬមួយទឹក នៅហាងលក់ទូរស័ព្ទ នៅភ្នំពេញ ក្នុងតម្លៃ ៤៥០ ដុល្លារ។
ម្ចាស់ហាងម្នាក់ លក់ទូរស័ព្ទ នៅភ្នំពេញ លោក លឹម ហួរហេង បានឲ្យដឹងថា ហាងរបស់គាត់ មានទូរស័ព្ទច្រើនប្រភេទ ប៉ុន្តែទូរស័ព្ទ ដែលពេញនិយម និងទំនើបនោះ គឺ iphone4 និង iphone 4s ដែលជាតម្រូវការរបស់អតិថិជន ជាយុវវ័យភាគច្រើន និងមនុស្សចាស់ ១ ចំនួន។
ម្ចាស់ហាងលក់ទូរស័ព្ទដៃរូបនេះ បានបន្តថា “ទូរស័ព្ទ iPhone 4 គឺលក់ដាច់ ចំពោះអ្នកដែលមានជីវភាពធូធារ ឬអ្នកធ្វើការ។ ការលក់ទូរស័ព្ទ iPhone 4 មិនទៀងទេ ជួនកាលក្នុង ១ ថ្ងៃ លោកលក់អស់ចំនួន ២ ទៅ ៣ គ្រឿង។ តែមានខែខ្លះ លោកលក់អស់ប្រហែល ១០ ទៅ ១៥ គ្រឿង”។
អ្នកលក់ទូរស័ព្ទនោះ បានបន្ថែមថា លោកទិញទូរស័ព្ទ iPhone 4 តាមរយៈបងប្អូន ពីអាមេរិក នៅពេលសព្វថ្ងៃ ក្នុងតម្លៃ ២៥០ ដុល្លារ ក្នុងមួយគ្រឿង។ ម្តងៗ ទិញប្រហែលជា ១៥ គ្រឿង ដើម្បីយកមកលក់នៅភ្នំពេញ។ នៅភ្នំពេញ លោកលក់មួយគ្រឿងតម្លៃ ៧២០ ដុល្លារ។ នៅពេលលក់អស់ ទើបទាក់ទងបងប្អូន ឲ្យទិញ ផ្ញើពីអាមេរិកមកទៀត។
ចំណែក iPhone 4s នៅក្នុងប្រទេសកម្ពុជា គេឃើញ មានការប្រកាសលក់ និងទទួលបញ្ជាទិញ ដោយទូរស័ព្ទ iPhone 4s មួយគ្រឿង ក្នុងតម្លៃប្រហែល 1200 ដុល្លារ។ តម្លៃនេះ ថ្លៃគួរសមដែរ បើប្រៀបធៀបទៅនឹងតម្លៃ iPhone 4s សម្រាប់លក់នៅក្រៅសហរដ្ឋអាមេរិក។
iPhone ត្រូវបានគេប្រកាសដាក់តាំងបង្ហាញនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០០៧ និងចេញលក់នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០៧។ iPhone គឺជាប្រភេទទូរស័ព្ទទំនើបមួយ ដែលអាចប្រើជំនួស Computer បានមួយចំណែកផងដែរ សម្រាប់ការទំនាក់ទំនងមួយ ឲ្យមានភាពងាយស្រួលជាងមុន។ iPhone ក៏មានរាងតូចល្មមកាន់ និងមានភាពងាយស្រួលក្នុងការទុកដាក់ផងដែរ។
គុណសម្បត្តិរបស់ iPhone 4 នៅអេក្រង់ មានទំហំ ៣,៥ អ៊ីញ ប្រភេទ Wide Screen Mutltitouch មាន Resolution ស្មើ 860 x 640 pixel គឺស្មើ 326 pixel ក្នុង ១ អ៊ីញ ៤ជ្រុង។ អេក្រង់របស់ iPhone 4 ប្រើបច្ចេកទេស Retina អាចធ្វើឲ្យរូបភាពច្បាស់ និងមានពន្លឺល្អ ជាពិសេសគឺច្បាស់ជាង Model 3GS ទៅទៀត។
អត្ថប្រយោជន៍របស់ iPhone4 គឺងាយស្រួលប្រើ និងងាយស្រួលភ្ជាប់ Internet រូបភាពច្បាស់ល្អ ស្រួលបញ្ចូលកម្មវិធីផ្សេងៗ ដូចជា Game, Facebook, Skpe…។
ក្រុមហ៊ុន Apple ទើបបានបញ្ចេញឲ្យដឹងពីប្រទេសមួយចំនួននៅអាស៊ី ដែលអាចទទួលយក iphone 4S មកលក់ ក្នុងនោះមាន ហុងកុង, កូរ៉េខាងត្បូង និងប្រទេសមួយចំនួនទៀត នៅប៉ែកអាស៊ីខាងកើត និងអឺរ៉ុបខាងកើត។ ក្នុងពេលនោះ មានប្រទេសចំនួន ២៩ ហើយ ដែលទទួលបាន iphone 4S មកលក់។ ចំណែកប្រទេសប្រហែល ៧០ នឹងមានសិទ្ធិលក់ iphone 4S នៅដំណាច់ឆាំ្ននេះ។ តែមិនទាន់ដឹងថា មានប្រទេសកម្ពុជា ដែរឬយ៉ាងណាទេ ដែលត្រូវទទួលបានសិទ្ធិនាំចូល iphone 4S យកមកលក់ផ្តាច់មុខនោះ? ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.