ភ្នំពេញ: ប្រធានអគ្គនាយកដ្ឋានក្រុមហ៊ុន នៃក្រសួងពាណិជ្ជកម្ម លោក ធន វីរៈ បានអោយដឹងថា កម្ពុជាបានកំណត់គោលដៅនាំចេញអង្ករផ្លូវការ អោយបាន ១លានតោន នៅឆ្នាំ២០១៥។ បើប្រៀបធៀបនឹងការនាំចេញនៅឆ្នាំ២០១០ បានប្រមាណ ៥១,២ ពាន់តោន ឬស្មើនឹង ៥ ភាគរយ នៃការនាំចេញនៅឆ្នាំ២០១៥។ ចំណែកការនាំចេញអង្ករ នៅឆ្នាំ២០១១ នឹងអាចបានប្រមាណជិត ២ សែនតោន។
លោក ធន វីរៈ បានអោយដឹងបន្តថា ការនាំចេញអង្ករ នៅឆ្នាំ២០១១ គិតត្រឹមខែសីហា សំរេចបាន ១០៦ ពាន់តោន ហើយបើនិន្នាការបែបនេះ ការនាំអង្ករចេញ នៅរយៈពេលពេញមួយឆ្នាំ២០១១ នឹងអាចបានប្រមាណ ១៨០ ពាន់តោន ដែលស្មើនឹង ១៨ ភាគរយ នៃគោលដៅនាំចេញ ឆ្នាំ២០១៥។
ស្ថិតិពីកំពង់ផែ បានបង្ហាញថា ក្នុងឆ្នាំ២០១១នេះ អង្កររបស់កម្ពុជា ត្រូវបាននាំចេញតាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រមាណ ៩០ ភាគរយ និងតាមច្រកកំពង់ផែភ្នំពេញ ប្រមាណ ១០ ភាគរយ។ ប៉ុន្តែគិតត្រឹម ខែសីហា ឆ្នាំ២០១១ បង្ហាញថា ការនាំចេញអង្ករ តាមច្រកកំពង់ផែភ្នំពេញ មានប្រមាណ ២០ ភាគរយ ដែលប្រការនេះបង្ហាញពីការទាក់ទាញ និងអំពីប្រសិទ្ធិភាព រវាងការដឹកជញ្ជូនតាមដងទន្លេមេគង្គដោយឆ្លងកាត់ប្រទេសវៀតណាម ធៀបនឹងការដឹកជញ្ជូនតាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ជាមួយគ្នានេះដែរ ចំនួនក្រុមហ៊ុននាំចេញអង្ករ បានកើនឡើងពី ៩ នៅឆ្នាំ២០០៩ មកច្រើនជាង ៤០ នៅឆ្នាំ២០១០ និងឆ្នាំ២០១១។
ប្រធានអគ្គនាយកដ្ឋានក្រុមហ៊ុន នៃក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ស្ថានភាពទីផ្សារក្នុង និងក្រៅប្រទេស គឺជារួមស្ថានភាពទីផ្សារអង្ករ ពិភពលោកនៅតែស្ថិតក្នុងស្ថានភាពប្រែប្រួល មិនទៀងទាត់។ ក៏ប៉ុន្តែទោះបី តម្លៃអង្ករនៅដើមឆ្នាំ២០១០ បានធ្លាក់ចុះប្រមាណ ៩,៤៨ ភាគរយ ធៀបនឹងឆ្នាំ២០០៩ក្តី ប៉ុន្តែតម្លៃអង្ករពេលនេះ បានងើបឡើងវិញ នៅចុងឆ្នាំ២០១០ និងដើមឆ្នាំ២០១១នេះ។
ចំពោះស្ថានភាពទីផ្សារស្រូវអង្ករនៅប្រទេសកម្ពុជា មានភាពស្រដៀងគ្នា ទៅនឹងស្ថានភាពទីផ្សារតំបន់ និងពិភពលោកផងដែរ ជាពិសេសប្រទេសវៀតណាម និងប្រទេសថៃ។
លោកអគ្គនាយក បានបន្ថែមថា តម្លៃអង្ករចម្រុះកម្ពុជា មាននិន្នាការកើនឡើង ចាប់តាំងពីដើមឆ្នាំ២០០៩។ ថ្លៃអង្ករនៅដើមឆ្នាំ២០១០ មានតម្លៃ ក្នុងចន្លោះពីប្រមាណ ៣២០ ដុល្លារ ក្នុងមួយតោន ទៅប្រមាណ ៤០០ ដុល្លារ ក្នុងមួយតោន និងបានកើនឡើង ដល់ប្រមាណ ៦៨០ ដុល្លារ ក្នុងមួយតោន នៅខែតុលា ឆ្នាំ២០១១។
ជាមួយគ្នានេះដែរ តំលៃស្រូវចម្រុះបានកើនឡើងពីរង្វង់ប្រមាណ ១៧០ ដុល្លារ ក្នុងមួយតោន នៅខែមករា ឆ្នាំ២០០៩ ទៅដល់ ២៥០ ដុល្លារ ក្នុងមួយតោននៅចុងឆ្នាំ និងបានឡើងដល់ប្រមាណ ៣៥០ ដុល្លារ ក្នុងមួយតោន នៅខែតុលា ឆ្នាំ២០១១។
លោក ធន វីរៈ បានបន្តទៀតថា និន្នាការទីផ្សារនេះ បានបង្ហាញថា តម្លៃទីផ្សារស្រូវចម្រុះ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងនិន្នាការតម្លៃអង្ករចម្រុះ។
គួរកត់សម្គាល់ដែរថា តាមរយៈការពិនិត្យលើនិន្នាការទីផ្សាជាក់ស្តែង កំណើនថ្លៃអង្ករ បានទាញកំណើនថ្លៃស្រូវ អោយកើនឡើង ដែលនេះបានឆ្លុះបញ្ចាំង ពីសមាហរណកម្មយ៉ាងជិតស្និទ្ធរវាងទីផ្សារស្រូវ និងទីផ្សារអង្ករ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.