សាយ សៀរ៉ា ធ្វើខួបកំណើត​ដំបូង​​ គម្រប់​២៩​​ឆ្នាំ​

Posted on
  • Tuesday, February 14, 2012
  • by
  • angco.co
  • in
  • Labels:

  • តារា​សម្ដែង​រូប​សង្ហារ លោក សាយ សៀរ៉ា​ នឹង​ធ្វើ​ខួប​កំណើត​លើក​ទី​មួយ​របស់​ខ្លួន ល្ងាច​នេះ នៅ​ភោជនីយដ្ឋាន ផាកកាហ្វេ នៅ​គ្រា ដែល​លោក​មាន​អាយុ ២៩ ឆ្នាំ​ហើយ​នោះ។

    សៀរ៉ា បាន​បង្ហើប​ប្រាប់​ថា ខួប​កំណើត​លើក​ទី​មួយ​របស់លោក​នេះ គឺ​មិន​បាន​ត្រៀម​ខ្លួន​ទុកជា​មុន​នោះ​ទេ ពោល​គឺ គិត​ភ្លាម ធ្វើ​ភ្លែត។ “តាម​ពិត​ទៅ ​ខ្ញុំ​មិន​ចង់​ធ្វើ​ប៉ុន្មាន​​ទេ ប៉ុន្តែ​ដោយមាន​ការ​ជំរុញ និង​លើក​ទឹកចិត្ត​ឲ្យ​ខ្ញុំ​ធ្វើ​ខួប​កំណើត​នៅ​ថ្ងៃ​នេះ​ពី​​ឪពុកម្ដាយ និង​បង​ប្អូន ព្រោះ​ថ្ងៃ​១៤ កុម្ភៈ​នេះ​ជា​ថ្ងៃ​កំណើត​របស់​ខ្ញុំ ហើយ​ស្រប ពេល​នឹង​ថ្ងៃ “បុណ្យ​នៃ​ក្ដី​ស្រលាញ់” ទៀត ទើបពួក​គាត់​យល់​ថា ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ដ៏​ប្រសើរ ដើម្បី​ធ្វើ​ខួបកំណើតឲ្យខ្ញុំ”។


    លោក​បាន​បន្ដ​ថា តាំង​ពី​តូច​មក​ លោក​មិន​បាន​ធ្វើ​ខួប​កំណើត​ម្ដង​ណា​ឡើយ ទើប​តែ​ពេល​នេះ​ទេ​ ដែល​លោក​មាន​សេចក្ដី​សុខ និង​សប្បាយ​រីក​រាយ ព្រោះ​មាន​ការ​ឱប ស្ទប​ពី​ឪពុក​ម្ដាយ និង​បងប្អូន​ក្នុង​ការ​បង្កើត​ឲ្យ​មាន​កម្ម​វិធី​ខួប​កំណើត​នេះ​ឡើង។

    ក្រោយ​ពី​បាន​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​អស់​រយៈ៦ឆ្នាំ រូប​លោក​បាន កសាង​កេរ្តិ៍​ឈ្មោះ និង​មិត្ត​ភាព​ជា​មួយ​សិល្បករ​ថ្មី ចាស់​ជា​ច្រើន​រូប ព្រម​ទាំង​បាន​កសាង​ស្នាដៃ​ខ្សែ​ភាពយន្តតាមរយៈការសម្ដែង​ជាមួយ​តារា​ល្បីៗ​​ជា​ច្រើនដួងផ្សេងទៀបាន​ចំនួន១៥​រឿង។

    នៅ​ក្នុងកម្មវិធី​ខួប​កំណើត​លើក​ដំបូង​របស់​លោក នា​ល្ងាច​នេះ លោក​បាន​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ចូល​រួម​ប្រមាណ​ជា​១២០​នាក់ ដែល​ភាគ​ច្រើន​គឺ​ជា​សិល្បករ​ល្បីៗ ដូចជា លោក ទេព រិនដារ៉ូ អ្នក​នាង ចន ច័ន្ចលក្ខិណា លោក ញ៉ែម សុគន្ធ និង​កញ្ញា ទូច ស្រីលក្ខណ៍ ជា​ដើម។
    តារា សម្ដែង សាយ សៀរ៉ា បាន​បញ្ជាក់​ថា បើ​ទោះ​បី​ជា​លោក​មាន​វ័យ​ជិត ៣០ ឆ្នាំ​ទៅ​ហើយ​ក្ដី​តែ​លោក​មិន​ទាន់​គិតគូរ​រឿង​គូស្រករ​នៅ​ឡើយ​ទេ ព្រោះ​លោក​យល់​ថា ​មិន​ទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​កសាង​សុភមង្គល​ស្នេហា​នៅ​ឡើយ​ទេ ថ្វីបើ​បច្ចុប្បន្ន​លោក​មាន​ទីផ្សារ​សិល្បៈ​ខ្លាំង​គួសមយ៉ាងណាក្ដី។

    សៀរ៉ា ​មាន​ស្រុក​កំណើត​នៅ​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម។ មាន​ឪពុក​ឈ្មោះ យឿន​ សាយ និង​ម្ដាយ​ឈ្មោះ អ៊ុង ឈុន ជា​ស្ត្រី​មេ​ផ្ទះ។ លោក​គឺ​ជា​កូន​ទី៥ក្នុង​ចំណោម​បង​ប្អូន​៧នាក់ ដែល​បងប្អូន​ទាំង​អស់​បាន​រៀបការ​រួច​អស់​ហើយ​ និង​មាន​មុខ​របរ​រៀង​ៗ​ខ្លួន លើក​លែង​តែ​លោក​មិន​ទាន់​រៀប​ការ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.